មនុស្សរាប់ពាន់នាក់ចូលរួមការតវ៉ារបស់គណបក្សប្រឆាំងនៅឥណ្ឌា ទាមទារឱ្យប្រធានស្នងការរៀបចំការបោះឆ្នោតលាលែងពីតំណែង

ឥណ្ឌា ៖ មនុស្សរាប់ពាន់នាក់បានចេញ​មក​តវ៉ានៅទីក្រុងដេលី កាលពីថ្ងៃអាទិត្យ ដើម្បីទាមទារឱ្យប្រ​ធាន​ស្នងការ​​រៀបចំការបោះឆ្នោត របស់ប្រទេសឥណ្ឌា លាលែងពីតំណែង ជុំវិញការកែសម្រួលបញ្ជីឈ្មោះអ្នកបោះឆ្នោត។

ព្រឹត្តិការណ៍​នេះ គឺ​ជាបាតុកម្មថ្មី​បំផុតក្នុងរយៈពេលជាងមួយខែ នៃការតវ៉ារបស់គណបក្សប្រឆាំង ដែលតវ៉ា​នឹងនាយករដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូឌី។ នេះ​បើ​តាម​សេចក្តី​រាយការណ៍ ​របស់ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​ កាល​ពី​ថ្ងៃអាទិត្យ​។​

បាតុកម្មកាល​ពីថ្ងៃអាទិត្យ​ ​ដឹកនាំដោយ លោក រ៉ាហ៊ុល ហ្គានឌី​ (Rahul Gandhi) ជាមេដឹកនាំ នៃគណ​បក្សសមាជ​ ជា​គណបក្ស​ប្រឆាំង។​

ក្រុមបាតុករ បាន​និយាយថា ការកែប្រែបញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​នៅពេល​នេះ​ គឺ​ផ្តល់ប្រយោ​ជន៍ដល់គណបក្សជាតិនិយម​ហិណ្ឌូបារ៉ាទីយ៉ា ចាណាតា​ (Bharatiya Janata) របស់លោក ម៉ូឌី​។

ការតវ៉ា និងការគាំទ្រកាន់តែខ្លាំងឡើង ចំពោះគណបក្សប្រឆាំងបង្កើត បានជាវិបត្តិដ៏អាក្រក់បំ​ផុត​​សម្រាប់ លោក ម៉ូឌី​ ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ២០១៤ ប៉ុន្តែ​រដ្ឋាភិបាល របស់លោកនៅតែមានស្ថិរភាព ហើយការបោះឆ្នោតសកល​លើកក្រោយ នឹង​ត្រូវ​ពន្យារ​រហូតដល់​ឆ្នាំ២០២៩។

អាជ្ញាធរ បានរឹតបន្តឹងសន្តិសុខ និងបានព្រមានអំពីការបង្វែរទិស​ចរាចរណ៍ មុនពេលក្រុមបាតុករ​ចាប់ផ្តើមដង្ហែក្បួនពីកណ្តាលទីក្រុងដេលី ទៅកាន់ទីតាំងប្រមូល​ផ្តុំ​ ដែលបានកំណត់ ជាកន្លែង ដែលមនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នារួចហើយ។

បុគ្គលិកសន្តិសុខរាប់រយនាក់ ដែលខ្លះកាន់ដំបង និងខែល ព្រមទាំងអមដោយរថយន្តបង្ក្រាបកុប​កម្ម  បានឡោមព័ទ្ធទីលានប្រវត្តិសាស្ត្ររ៉ាមីឡាម៉េដាន​ (Ramlila Maidan) ខណៈមនុស្សរាប់​​រយនាក់ ដែលភាគច្រើនគ្រវីទង់ជាតិ និង​ទង់គណបក្ស បានចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់​​ទីនោះ​។ មេដឹកនាំគណបក្សប្រឆាំង បានដឹកនាំការដង្ហែក្បួន​តាម​រថយន្តហ្ស៊ីប​បើកដំបូល​។​

ថ្លែងនៅក្នុងពិធីជួបជុំនោះ លោក ហ្គានឌី​ បាននិយាយថា ប្រធានស្នងការរៀបចំការបោះឆ្នោត លោក ហ្គា​ណេស គូម៉ា (Gyanesh Kumar) ត្រូវតែ​ចាកចេញពីតំណែង របស់លោក ហើយការដក​តំណែងរបស់លោក គឺ​ជាជំហានដំបូងឆ្ពោះទៅរកការនាំប្រទេសត្រឡប់មកលើផ្លូវត្រូវវិញ​។

លោក ហ្គានឌី​ បានថ្លែង​នៅ​លើឆាកថា ការបោសសម្អាតបញ្ជីឈ្មោះអ្នកបោះឆ្នោត គឺជាការលួច​សំឡេង របស់ពលរដ្ឋឥណ្ឌា​គ្រប់រូប ហើយ​ថា វាគឺជាការលួចសិទ្ធិបញ្ចេញមតិ របស់ពលរដ្ឋគ្រប់​រូប និង​ជាទង្វើក្បត់ជាតិ។

ក្នុងចំណោមក្រុមបាតុករ ដែលកំពុងស្តាប់​ គឺលោកស្រី រីណា ម៉ាតូ​ (Reena Mahto) សមា​ជិកម្នាក់ នៃក្រុមនិស្សិត របស់​​គណបក្សសមាជ ដែលបាននិយាយថា មនុស្សបួននាក់មកពីគ្រួ​សារ របស់លោកស្រី ត្រូវបានលុបចេញពីបញ្ជីឈ្មោះ ​អ្នក​បោះឆ្នោតដោយសារតែការកត់ត្រា​មិន​​ត្រឹម​ត្រូវ​​ថា ពួកគេបានផ្លាស់ទៅរស់​នៅ​កន្លែងផ្សេង។

ការ​កែសម្រួល​​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ​បាន​លុប​ឈ្មោះ​មនុស្ស​ជាង ១៣០​លាន​នាក់ ដែល​ច្រើន​ជាង​ចំនួន​​ប្រជាជន​ជប៉ុន​ទៅ​ទៀត។ គណបក្ស​ប្រឆាំង ​បាន​អះអាង​ថា ការ​លុប​ឈ្មោះ​ទាំង​នេះ​ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អ្នក​បោះ​ឆ្នោត​​​មូស្លីម និង​សមាជិក ​នៃ​ជនជាតិ​ភាគតិច​ផ្សេង​ទៀត ដែល​ទំ​នង​ជា​មិន​គាំទ្រ​គណបក្សជាតិនិយមហិណ្ឌូបារ៉ា​ទីយ៉ា ចាណាតា​ របស់​លោក ណារិនដ្រា ម៉ូឌី​។

គណៈកម្មការរៀបចំការបោះឆ្នោត លើកឡើង​ថា គោលបំណង នៃការកែសម្រួលឈ្មោះ​អ្នកបោះឆ្នោតនេះ​ គឺដើម្បីធ្វើបច្ចុប្បន្ន​ភាពបញ្ជីឈ្មោះអ្នកបោះឆ្នោត  ដើម្បីលុបឈ្មោះ​ស្ទួន និងអ្នក​ដែល​គ្មាន​សិទ្ធិ​បោះឆ្នោត។

គណៈកម្មការនេះ បាន​បដិសេធថា ខ្លួន​មិនបានគាំទ្រគណបក្សណាមួយឡើយ ហើយបានអះអាង​ថា អ្នកបោះឆ្នោត ដែលត្រូវបាន​លុប​ឈ្មោះ​​ចេញ​ដោយ​កំហុស​ណាមួយ​នោះ​ អាចចុះឈ្មោះឡើងវិញបាន​។

គណបក្ស បារ៉ាទីយ៉ា ចាណាតា របស់​លោក​នាយក​រដ្ឋ​មន្ត្រី ណារិនដ្រា ម៉ូឌី​ បានចោទប្រកាន់គូប្រ​ជែងថា កំពុងព្យាយាម​ធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ  ដោយសារចោទ​សួរ​អំពីដំណើរការបោះឆ្នោត​ស្របច្បាប់នេះ​។

លោក ឌីណេស សិង (Dinesh Singh) ជា​អ្នក​តវ៉ា​ម្នាក់​ បាននិយាយថា លោកចូលរួមការតវ៉ានេះ ដើម្បីអនាគតកូនៗ​របស់លោក។ លោកថា លោកគ្មាន​ទំនាក់ទំនង​ជាមួយ​ គណបក្ស​ណាទេ ហើយ​លោកមកទីនេះ ដើម្បី​ឱ្យ​កូនៗ​ចង​ចាំ​​ថា អ្នក​ទាំង​អស់គ្នា​តស៊ូ​ ដើម្បី​អនាគត​របស់​ពួកគេ​​។​

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ចាហ្គាត់ ប្រាកាស​ ណាដា (Jagat Prakash Nadda) បានហៅការតវ៉ានេះថា ជា “ឆាក​ល្ខោនដែលត្រូវបានរៀបចំយ៉ាងប្រុង​ប្រយ័ត្ន”។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI ថា អ្វីដែលគេ​កំពុងកើតឡើងនៅថ្ងៃនេះ មិនមែនជាទង្វើនៃការគោរព​លទ្ធិប្រជាធិបតេយ្យទេ។ វាគឺជាការគុប​ឃិតគ្នា ដែលបានគិតទុកជាមុន ដើម្បីទម្លាក់ប្រទេសជាតិចូលទៅក្នុង​ភាព​អនាធិបតេយ្យ។

បាតុកម្មនេះ គឺជាការតវ៉ាថ្មីបំផុត ក្នុងចំណោមការតវ៉ាជាបន្តបន្ទាប់ស្ទើរតែរាល់ថ្ងៃ ដែលគណបក្សប្រឆាំង អង្គការនិស្សិត និងគណបក្ស Cockroach Janta ដែលដឹកនាំដោយយុវជន បានរៀប​ចំ​ធ្វើចាប់តាំងពីចុងខែកញ្ញាមក ដោយ​ទាមទារឱ្យប្រធានរៀបចំការបោះឆ្នោតលាលែង​ពីតំណែង។

ការតវ៉ានេះ បានផ្ទុះឡើង បន្ទាប់ពីកាសែត Indian Express បានរាយការណ៍ថា អនុប្រធានពីររូបរបស់លោក គូម៉ា​ បានលើកឡើងពីកង្វល់​ជា​ច្រើន​ អំពីការកែសម្រួល​បញ្ជីឈ្មោះអ្នកបោះឆ្នោត នីតិវិធីចុះឈ្មោះ និងប្រព័ន្ធឌីជីថល៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី 

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង