សហរដ្ឋអាមេរិក និងកាណាដា ចង់ឱ្យមានបទឈប់បាញ់ក្នុងកម្រិតកំណត់ណាមួយនៅតំបន់សមុទ្រខ្មៅ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានថ្លែងកាលពីថ្ងៃសៅរ៍ថា សហគមន៍អន្តរជាតិកំពុងបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំងឡើង ក្នុងការជួយសម្របសម្រួលឱ្យមានបទឈប់បាញ់ក្នុងកម្រិតកំណត់ណាមួយ នៅតំបន់សមុទ្រខ្មៅ ដើម្បីធានាថា ការដឹកជញ្ជូនថាមពល និងគ្រាប់ធញ្ញជាតិពីសំណាក់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន អាចប្រព្រឹត្តទៅបានដោយគ្មានការរារាំង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអាទិត្យ។
លោក រូប៊ីអូ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិកកំពុងពិនិត្យមើលសំណើរបស់ប្រទេសតួគី និងប្រទេសឥណ្ឌា ដើម្បីសម្រួលដល់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ខណៈសហរដ្ឋអាមេរិកនៅតែបន្តជំរុញឱ្យមានដំណោះស្រាយតាមរយៈការចរចាសម្រាប់ជម្លោះសង្គ្រាមនេះ ដែលបច្ចុប្បន្នបានអូសបន្លាយចូលដល់ឆ្នាំទី៥ហើយ។
ការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បានក្លាយជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសG20 ដោយមួយផ្នែក គឺដោយសារតែវត្តមានរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡារ៉ូវ (Sergei Lavrov) នៅក្នុងកិច្ចប្រជុំនោះ។ មេដឹកនាំអឺរ៉ុប និងកាណាដា បានជំទាស់នឹងវត្តមានរបស់លោក ឡារ៉ូវ ដោយពួកគេលើកឡើងថា ការអនុញ្ញាតឱ្យលោក ឡារ៉ូវ ចូលរួម គឺស្មើនឹងការធ្វើឱ្យសកម្មភាពឈ្លានពានរបស់រុស្ស៊ីក្លាយជារឿងធម្មតាទៅវិញ។
កិច្ចប្រជុំនេះ បានបញ្ចប់ទៅដោយគ្មានសេចក្តីថ្លែងការណ៍រួម ឬកិច្ចព្រមព្រៀងណាមួយលើបញ្ហាជាច្រើន ដែលបណ្តាប្រទេសសេដ្ឋកិច្ចធំៗបំផុតរបស់ពិភពលោកកំពុងប្រឈមនោះ។
លោក រូប៊ីអូ បាននិយាយការពារការអញ្ជើញ ឡារ៉ូវ ដោយនិយាយថា វានឹងមិនអាចទៅរួចទេ ក្នុងការបញ្ចប់សង្រ្គាមការទូត ដោយមិននិយាយជាមួយរុស្ស៊ី ប៉ុន្តែទទួលស្គាល់ថា កិច្ចព្រមព្រៀងបែបនេះ មិនកើតឡើងភ្លាមៗនោះទេ។ លោកបាននិយាយថា សហរដ្ឋអាមេរិកបាននិយាយជាញឹកញាប់ជាមួយមេដឹកនាំអ៊ុយក្រែន ទោះបីជារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនមិនត្រូវបានអញ្ជើញក៏ដោយ។
លោកបានលើកឡើងថា មានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងទៅលើកិច្ចព្រមព្រៀងមួយផ្នែក ដូចជាការបញ្ឈប់ការវាយប្រហារលើនាវា ដែលដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងក្នុងករណីខ្លះ ដឹកជញ្ជូនថាមពលនៅសមុទ្រខ្មៅ។
លោក រូប៊ីអូ បានប្រាប់អ្នកសារព័ត៌មានថា បញ្ហានេះកំពុងគំរាមកំហែងដល់សន្តិសុខស្បៀងរបស់ពិភពលោក ក៏ដូចជាសន្តិសុខថាមពលមួយផ្នែកផងដែរ។ ការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសមកពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២០ លើពិភពលោក ហើយកិច្ចប្រជុំនេះបានបង្ហាញពីភាពបែកបាក់យ៉ាងខ្លាំងជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា។
លោក រូប៊ីអូ បាននិយាយថា សង្គ្រាមដ៏សាហាវឃោរឃៅមួយកំពុងកើតឡើង ជាសង្គ្រាមបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ លោកបានបន្ថែមថា សង្គ្រាមនេះកំពុងគំរាមកំហែងនឹងរាលដាលទៅកាន់ប្រទេសដទៃទៀត ដោយសារតែមានសកម្មភាពបំផ្លិចបំផ្លាញផ្សេងៗ រួមទាំងការវាយប្រហារដោយដ្រូន ដែលបានហោះចូលដែនអាកាសរបស់អង្គការណាតូ (NATO)។
រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី អានីតា អាណាន់ (Anita Anand) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅក្នុងបទសម្ភាសន៍មួយថា លោកស្រីនឹងមិនមានបំណងអញ្ជើញលោក ឡារ៉ូវ នោះទេ ប៉ុន្តែលោកស្រីបានឆ្លៀតឱកាសនេះ ដើម្បីចោទសួរដោយផ្ទាល់ទៅកាន់រូបគាត់ អំពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។
លោកស្រី អាណាន់ បាននិយាយថា លោកស្រីបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អ៊ែនឌ្រី ស៊ីប៊ីហា (Andrii Sybiha) ក៏ដូចជាសមភាគីមកពីប្រទេសឥណ្ឌា អំពីការអនុវត្តបទឈប់បាញ់ក្នុងកម្រិតកំណត់ណាមួយនៅតំបន់សមុទ្រខ្មៅ និងការផ្អាកជាបណ្ដោះអាសន្ននូវការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន។
លោកស្រី អាណាន់ បានលើកឡើងថា ភាគីពាក់ព័ន្ធមួយចំនួនកំពុងជំរុញឱ្យមានបទឈប់បាញ់ក្នុងទម្រង់ណាមួយ ដោយផ្តោតសំខាន់ទៅលើការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងអាហារ និងការសម្របសម្រួល ដើម្បីបញ្ឈប់ការវាយប្រហារលើបណ្តាញអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន មុនពេលរដូវរងាចូលមកដល់។
លោកស្រីបាននិយាយថា បញ្ហាទាំងនេះត្រូវតែដោះស្រាយនៅពេលនេះ ខណៈប្រទេសអ៊ុយក្រែនកំពុងឈានចូលដល់រដូវរងា។ លោកស្រីបានកត់សម្គាល់ថា ប្រទេសកាណាដាបានចូលរួមក្នុងការពិភាក្សាយ៉ាងសំខាន់ និងជាក់លាក់មួយ អំពីបទឈប់បាញ់នៅតំបន់សមុទ្រខ្មៅ ចាប់តាំងពីមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញាមក។
ប្រទេសឥណ្ឌា និងអេហ្ស៊ីប គឺជាប្រទេសពីរ ដែលរងផលប៉ះពាល់យ៉ាងខ្លាំង ហើយពួកគេចង់ធានាថា កប៉ាល់ និងនាវិករបស់ខ្លួនមានសុវត្ថិភាព។ លោកស្រីបានលើកឡើងថា អ៊ុយក្រែនបានចូលរួមយ៉ាងសកម្មលើបញ្ហានេះ ប៉ុន្តែរុស្ស៊ីមិនបានបង្ហាញឆន្ទៈក្នុងការបន្តដំណើរការទៅមុខនោះទេ។
បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី លោក ឡារ៉ូវ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា ជំហររបស់ទីក្រុងមូស្គូជុំវិញជម្លោះនៅអ៊ុយក្រែន គឺមិនមានការផ្លាស់ប្តូរនោះទេ ហើយរុស្ស៊ីមិនអាចទទួលយកអ៊ុយក្រែនក្នុងនាមជាប្រទេសបង្កការគំរាមកំហែងផ្នែកយោធាដល់ផលប្រយោជន៍សន្តិសុខស្របច្បាប់របស់សហព័ន្ធរុស្ស៊ីបានឡើយ។
កាលពីថ្ងៃសុក្រ លោក រូប៊ីអូ បានជំរុញឱ្យអ្នកចូលរួមកិច្ចប្រជុំ G20 សហការគ្នាគ្រប់ចំណុច ដែលអាចធ្វើទៅបាន ដោយពិចារណាលើភាពស្មុគស្មាញនៃបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដែលកំពុងកើតមានចំពោះស្ទើរតែគ្រប់ប្រទេសទាំងអស់៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


