យោធា និងព្រះសង្ឃថៃ បន្តសកម្មភាពខុសច្បាប់ដោយលើកដងទង់ជាតិខ្លួននៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា

រាជរដ្ឋាភិបាល​កម្ពុជា បន្តតវ៉ាចំពោះការ​រំលោភបំពាន​ជា​បន្តបន្ទាប់​​របស់​ភាគីថៃ មក​លើ​ដែនដីអធិបតេយ្យ​កម្ពុជា ដោយ​ថ្មីៗនេះ កងកម្លាំង​ប្រដាប់អាវុធ អមដោយព្រះសង្ឃថៃ បាន​លើក​ដង​ទង់ជាតិ​របស់ខ្លួន ដាក់នៅ​តំបន់ច្រក​ទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​ការបរទេស​កម្ពុជា ចេញផ្សាយ​នៅយប់​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២៦។

ក្រសួងការ​បរទេស​កម្ពុជា ឱ្យដឹងថា សកម្មភាពដែល​កងកម្លាំង​ប្រដាប់វុធ និង​ព្រះសង្ឃថៃ បាន​លើកដងទង់​ជាតិ​នៅច្រក​អន្តរជាតិ​ថ្មដា​នេះ ធ្វើឡើងកាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា ដែល​​នេះជា​ករណី​មួយ​ទៀត ដែល​ថៃប្រើ​ប្រាស់​កា​រដាក់ដងទង់ជាតិ ដើម្បីកាន់កាប់​ដោយ​ខុសច្បាប់​ក្នុងទឹកដី​របស់កម្ពុជា។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា បានតវ៉ាប្រឆាំង​នឹង​សកម្ម​ភាព​នេះ ដោយថា សកម្មភាពរបស់​ថៃ ជាកា​របំពាន​​​យ៉ាង​ច្បាស់​លើ​អធិបតេយ្យ​ និង​បូរណភាពទឹកដី​របស់​កម្ពុជា ដូច​ដែលបានកំណត់​ និង​ខណ្ឌ​សីម៉ា ដោយ​ផែនទីខ្នាត​​ ១លើ២០០ពាន់ ផលិត​ដោយ​គណៈ​កម្មការ​កំណត់​ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម អនុលោម​តាមអនុសញ្ញា​​បារាំង​​សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញាឆ្នាំ​១៩០៧។ សកម្មភាពនេះ ក៏រំលោភ​ផងដែរលើ MOU​ឆ្នាំ​២០០០ និង​សេចក្តីប្រកាសរួម​នៃ​កិច្ច​ប្រជុំពិសេស​លើកទី​៣របស់គណៈកម្មាធិការ​ព្រំដែនទូទៅ(GBC) ចុះថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។

បើតាមក្រសួងការ​បរទេស ​កម្ពុជា​មិន​ទទួល​ស្គាល់ជាដាច់ខាត​នូវ​ខ្សែបន្ទាត់ព្រំដែន​ ឬការ​ទាមទារ​ទឹកដី​ជា​ឯកតោ​ភាគី​ដោយ​ប្រទេស​ថៃ​នោះឡើយ ហើយ​សកម្មភាពដែលបាន​រៀបរាប់​ខា​ងលើ នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ស្រប​ច្បាប់​ ឬជំហរ​របស់​កម្ពុជា ទាក់ទង​នឹង​ព្រំដែន​អន្តរ​ជាតិ​របស់ខ្លួន​ឡើយ។

រាជរដ្ឋាភិបាល​កម្ពុជា នៅតែបន្តទាមទារ​ឱ្យ​ប្រទេស​ថៃ បញ្ឈប់ជា​បន្ទាន់​នូ​វរាល់​សកម្មភាព​ខុស​ច្បាប់ បញ្ឈប់​​​សកម្ម​ភាព​ជាឯកតោ​ភាគី ហើយ​ត្រូវ​ធ្វើ​ការ​ដើម្បីបន្ធូរបន្ថយ​ភាព​តាន​តឹង​នៅតាម​ព្រំដែន ខណៈដែល​​កម្ពុជា នៅតែ​ប្តេជ្ញា​ចិត្ត​ក្នុងកា​រដោះស្រាយ​បញ្ហាព្រំដែន​ជាមួយ​ថៃ ក៏ដូចជាប្រទេស​ជិត​ខាង​ទាំង​អស់ ដោយ​សន្តិវិធី ស្របតាមច្បាប់​អន្តរជាតិ និងកិច្ច​ព្រមព្រៀង​នានាដែលមានស្រាប់។

គួរ​រំលឹកថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា​-ថៃ បានឈានទៅដល់កា​រផ្ទុះអាវុធចំនួន​២លើក កាលពីអំឡុង​ខែ​​កក្កដា និង​ខែ​ធ្នូ ឆ្នាំ​២០២៥។ ប៉ុន្តែមក​ដល់​ពេល​នេះ ស្ថាន​ការណ៍​ព្រំដែន​ នៅ​​មិន​ទាន់​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​នៅ​ឡើយ។ កម្ពុជា​រាយការ​ណ៍ថា​ យោធា​ថៃ​នៅ​តែ​​ប​ន្ត​រំលោភ​បំពាន​ដែន​អធិប​តេយ្យ​ភាព​កម្ពុជា​ដោយ​​ខុសច្បាប់ ខណៈ​ក្នុង​រយៈ​ពេលជាង​ ១ឆ្នាំក​ន្លង​មកនេះ ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​ប្រាស់​យន្ត​ការ​ការទូត និង​ច្បាប់​អន្តរ​ជាតិ​ ដើម្បី​​ទាម​ទារ​ទឹក​ដី​ខ្មែរ​ត្រឡប់​មក​វិញ៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង