អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេព ចំនួន២ នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ
ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីប្រោះព្រំភ្ជាប់ព្រះសិរនិងបើកព្រះនេត្រចម្លាក់ទេពចំនួន២ ក្រោមយុទ្ធនាការ “ព្រលឹងត្រឡប់មកទីតាំងដើមវិញ” នៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
ពិធីភ្ជាប់ព្រះសិរនិងបើកព្រះនេត្រចម្លាក់ទេពនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ដោយមានការនិមន្តចូលរួមពីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម លោក Flavio BONETTI តំណាងអង្គការ UNESCO ប្រចាំកម្ពុជា លោកស្រី Katherine Diop ប្រធានផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អគ្គនាយក អគ្គនាយករង តំណាងរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងមន្ត្រី-បុគ្គលិកជាច្រើនរូបទៀត។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា បានថ្លែងថា ពិធីភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេព ចំនួន២ នៅខ្លោងទ្វារជ័យ នាក្រុងអង្គរធំថ្ងៃនេះ គឺមានអត្ថន័យយ៉ាងខ្លាំងសម្រាប់មហានគរខ្មែរ។ ពិធីនេះមានសារៈសំខាន់ ដោយបាននាំព្រលឹងរបស់ដូនតាខ្មែរឱ្យវិលត្រឡប់មកជួយថែរក្សាអង្គរឡើងវិញព្រមទាំងមានសន្តិភាព ដោយហេតុថាខ្លោងទ្វារជ័យជាទីតាំងប្រវត្តិសាស្រ្ត ដែលព្រះមហាក្សត្រខ្មែររមែងប្រារព្ធធ្វើពិធីសំខាន់ៗ ដូចជាពិធីគ្រងរាជ្យ និងពិធីយាងទៅសមរភូមិ ជាដើម។ ជាមួយគ្នានេះដែរ ការរៀបចំឡើងវិញនូវព្រះសិរទេព និងអសុរៈទាំងនេះ គឺជាការបន្ថែមឱ្យមានសោភ័ណភាពស្រស់ស្អាត ដែលនឹងក្លាយជាផលិតផលថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបបានទៅធ្វើសក្ការៈបូជាផងដែរ។


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បញ្ជាក់ទៀតថាអត្ថន័យដ៏សំខាន់ គឺចម្លាក់ទេព និងអសុរៈទាំងអស់ ដែលនៅអមខ្លោងទ្វារជ័យ នៃក្រុងអង្គរធំនេះ បានឆ្លងកាត់ប្រវត្តិសាស្រ្តទាំងគ្រាលំបាក និងគ្រារុងរឿង ក៏ដូចជាឆ្លងកាត់សង្គ្រាមជាច្រើនជំនាន់មកហើយ ដោយនៅតែបន្តរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់កាលៈទេសៈ បើទោះបីជាចម្លាក់ជាច្រើនមានការបាត់បង់ផ្នែកខ្លះនៃរាងកាយក៏ដោយក្តី។
នៅអមខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ មានចម្លាក់ទេវៈ និងអសុរៈទាញព្រ័ត្រ សរុបទាំងអស់ចំនួន១០៨។ ដោយសារសង្គ្រាមជាច្រើនជំនាន់ មានការបំផ្លិចបំផ្លាញបានធ្វើឱ្យព្រះសិរចម្លាក់ដែលធ្វើពីថ្មភក់ទាំងនេះបានបាត់បង់ស្ទើរទាំងស្រុង ដោយបែកខ្ញែកទៅកាន់ទីតាំងជាច្រើនផ្សេងៗគ្នា ក្នុងនោះមួយចំនួនស្ថិតនៅទីតាំងនានាក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតស្ថិតនៅបរទេសផងដែរ។ ប៉ុន្តែរយៈពេលជាច្រើនឆ្នាំមកហើយ អាជ្ញាធរជាតិអប្សរា ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីបណ្ដាប្រទេសជាមិត្ត មានដូចជា អង្គការ UNESCO ប្រទេសបារាំង ជប៉ុន និងសហរដ្ឋអាម៉េរិក ជាដើម បានប្រឹងប្រែងស្វែងរកប្រមូលព្រះសិរចម្លាក់ទេវៈ និងអសុរៈទាំងនេះត្រឡប់មកវិញ ដោយខ្លះបានពីការស្រាវជ្រាវធ្វើកំណាយរកឃើញមកវិញ ខ្លះរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ខ្លះរក្សាទុកនៅសារមន្ទីរនានា និងមួយចំនួនទៀតបានពីការទាមទារពីបរទេស ដើម្បីយកមកតម្កល់នៅទីតាំងដើមវិញ។ បច្ចុប្បន្នយើងបានរកឃើញព្រះសិរ ដែលបាត់ស្ទើរតែគ្រប់វិញហើយ គឺនៅបាត់តែព្រះសិរ ចំនួន៣ទៀតប៉ុណ្ណោះ ដែលកំពុងតម្កល់នៅសារមន្ទីរនៅក្រៅប្រទេស ហើយយើងកំពុងខិតខំស្វែងរកនិងចរចា ដើម្បីសុំឱ្យបញ្ជូនត្រឡប់មកវិញនាពេលខាងមុខ។
លោក Flavio BONETTI តំណាងអង្គការUNESCO ប្រចាំកម្ពុជាបានបង្ហាញការពេញចិត្តចំពោះការប្រារព្ធពិធីប្រោះព្រំភ្ជាប់ព្រះសិរ និងបើកព្រះនេត្រចម្លាក់ទេពចំនួន២នេះ ដែលជាសក្ខីភាព និងការគោរពបូជាចំពោះវប្បធម៌របស់ខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។ អង្គការ UNESCO នៅតែបន្តគាំទ្រកម្ពុជា តាមរយៈគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ តាំងពីឆ្នាំ១៩៩៣ ហើយ UNESCO មានមោទនភាពចំពោះការងារថែរក្សា អភិរក្សអង្គរជាច្រើន ដែលបានធ្វើរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ជាង៣០ឆ្នាំមកនេះ៕




