ដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់លោក ណេតានយ៉ាហ៊ូ ទៅកាន់ទីក្រុងញូវយ៉ក ឆ្លុះបញ្ចាំងពីភាពតានតឹងនៃទំនាក់ទំនងជាមួយអាមេរិក

ដំណើរទស្សនកិច្ច​រយៈ​ពេល​ខ្លីខុស​ធម្មតារបស់​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិន​ចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ទៅកាន់សហរដ្ឋអាមេរិក ដើម្បី​ថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ គឺផ្ទុយស្រឡះពីដំណើរ​ទស្សនកិច្ច​រយៈពេលមួយសប្តាហ៍ពេញ​របស់លោក កាលពីឆ្នាំមុន ដែលមាន​ទាំង​កិច្ចប្រជុំ​ជាមួយប្រធានា​ធិបតី ដូណាល់ ត្រាំ នោះ​ ដែលការណ៍នេះ ឆ្លុះបញ្ចាំងពីពេល​វេលាដ៏លំបាកនៅក្នុង​ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើ​តាម​សេចក្តីរាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ នៅថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២៦។

មន្ត្រីអ៊ីស្រាអែលពីររូប បាននិយាយថា លោក ណេតាន​យ៉ាហ៊ូ រំពឹងថា​ស្នាក់នៅក្នុងទីក្រុងញូវយ៉កតិច​ជាង​ ៨ម៉ោង​ មុនពេលវិលត្រឡប់ទៅអ៊ីស្រាអែល​​វិញ​។

ការិយាល័យរបស់លោក ​បានឱ្យ​ដឹង​ថា លោក​នឹងជួបមេដឹកនាំពិភពលោកចំនួន៩នាក់ ដែលក្នុងនោះ ៥ នាក់ មកពីប្រទេសអាមេរិកឡាទីន ដែលអ៊ីស្រាអែល​បាន​ព្យាយាមបង្កើន​ទំនាក់ទំនងកាន់តែស៊ីជម្រៅ ខណៈ​ពេលដែល​ទំ​នាក់​​ទំ​នង​​ជាមួយ​ដៃគូជា​ប្រពៃណីនៅតំបន់​អឺរ៉ុប ប្រែ​ជា​តានតឹង ដោយសារ​សង្រ្គាមនៅកាហ្សា​ និងការពង្រីកការ​តាំងទីលំនៅរបស់អ៊ីស្រាអ៊ែល​នៅ​តំបន់​វេសប៊ែង (West Bank)។

ប៉ុន្តែសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក ណេតាន​យ៉ាហ៊ូ​ មិនបាននិយាយ​អំពីកិច្ចប្រជុំជាមួយមន្ត្រីអាមេរិកនៅឯមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការ​​សហប្រជាជាតិនោះទេ។

អតីតឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោន លោក ម៉ៃឃើល​ អូរិន​ (Michael Oren) បាននិយាយថា លោកមិនអាចចាំបានពី​​ពេលវេលា​ ដែលនា​យក​រដ្ឋមន្ត្រីអ៊ីស្រាអែលបានទៅទស្សនកិច្ចសហរដ្ឋអាមេរិក ហើយ​ដោយ​មិនបានជួបជាមួយប្រធានាធិបតីអាមេរិក​នោះទេ ដោយ​ចាត់​ទុក​ថា នេះជាសម្ពាធ​មួយសម្រាប់​លោក ណេតាន​យ៉ាហ៊ូ​ មុនការបោះឆ្នោតសកល​របស់អ៊ីស្រាអែលនៅថ្ងៃទី​២៧​ ខែតុលា។

លោក ត្រាំ​ បានជួបលោក ណេតាន​យ៉ាហ៊ូ​ ចំនួន ៨លើក​​ ក្នុងអាណត្តិទីពីររបស់លោកជា​ប្រធានាធិបតីអាមេរិក​។ ការ​ជួបគ្នាចុងក្រោយរបស់មេដឹកនាំ​ទាំង​ពីរ​ គឺធ្វើ​ឡើង​កាល​ពី​ខែកក្កដា។

លោក អូរិន​ បាននិយាយ​ថា វាជាសុន្ទរកថាឃោសនាបោះឆ្នោត។ ឥឡូវនេះ វានឹងកាន់តែប្រសើរ ប្រសិនបើសុន្ទរក​ថា​ឃោសនាបោះឆ្នោតនោះ ត្រូវបានអមដោយ​កិច្ចប្រជុំជាមួយប្រធានាធិបតី ឬមេដឹកនាំពិភពលោកផ្សេងទៀត ឬ​យ៉ាង​ហោច​​ណាស់រដ្ឋលេខាធិការ ប៉ុន្តែជាក់ស្តែងវាមិនបាន​កើត​មាន​ទេ។

ទោះបីជា​យ៉ាងណា ការិយាល័យ​របស់​លោក ណេតាន​យ៉ាហ៊ូ​ បាន​និយាយ​ថា មេដឹកនាំ​​ពិភពលោក​ជាច្រើន​បាន​ស្នើសុំ​ជួប​​លោក ណេតានយ៉ាហ៊ូ​ ​អំឡុង​ពេល​ទស្សនកិច្ច​នេះ ប៉ុន្តែ​ដោយសារ​តែ​កាលវិភាគ​ចង្អៀត​ និង​តម្រូវការ​ក្នុង​ការ​ត្រឡប់​​មក​វិញ​មុន​ពេល​ចាប់ផ្តើម​ថ្ងៃ​បុណ្យស៊ូកូត​ (Sukkot) ​របស់​ជនជាតិជ្វីហ្វ​ ដូច្នេះ​លោក​​នាយករដ្ឋមន្ត្រី​អាច​ទទួល​​បាន​តែ​មេដឹកនាំ​មួយ​ចំនួន​ប៉ុណ្ណោះ។

ការិយាល័យរបស់លោក ណេតាន​យ៉ាហ៊ូ​ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំ​ការអត្ថាធិប្បាយជុំវិញ​ការ​អះអាង​របស់លោក អូរិន​ នោះទេ។

ស្របពេលជាមួយគ្នានេះដែរ ការស្ទង់មតិបង្ហាញថា លោក ណេតានយ៉ាហ៊ូ​ អាចនឹងចាញ់ការបោះឆ្នោត ដោយសមត្ថ​ភាព​ផ្នែក​សន្តិសុខរបស់លោកនៅតែរង្គោះរង្គើដោយសារការវាយប្រ​ហារនៅថ្ងៃទី​៧ ខែតុលា ឆ្នាំ២០២៣ ពីសំណាក់​ក្រុម​សកម្មប្រយុទ្ធហាម៉ាសមក​លើអ៊ីស្រាអែល។

ការិយាល័យរបស់លោក បាននិយាយថា លោក ណេតាន​យ៉ាហ៊ូ​ នឹងជួបជាមួយប្រធានាធិបតីនៃប្រទេសអាហ្សង់ទីន បូលីវី ប៉ារ៉ាហ្គាយ ប៉ាណាម៉ា អេត្យូពី និងអនុ​ប្រធានាធិបតីប្រទេសកូឡុំប៊ី ព្រមទាំងនាយករដ្ឋមន្ត្រីនៃប្រទេសក្រិក ស្លូវេនី និងប៉ាពួញូហ្គីណេ។

គួររំលឹក​ថា លោក ត្រាំ​ និងលោក ណេតាន​យ៉ាហ៊ូ​ បានចាប់ផ្តើមសង្គ្រាមរួមគ្នាលើប្រទេសអ៊ីរ៉ង់កាលពីខែកុម្ភៈ ប៉ុន្តែសម្ព័ន្ធមិត្តទាំងពីរចាប់ផ្តើម​មិនចុះសម្រុងគ្នា ខណៈដែលលោក ត្រាំ​ បានព្យាយាមរំដោះសហរដ្ឋអាមេរិកចេញពីជម្លោះ​នេះ​ ខណៈ​​គោលដៅសំខាន់ៗមិនទាន់បានសម្រេច។

ទីក្រុងវ៉ាស៊ីនតោន បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយទីក្រុងតេហេ​រ៉ង់កាលពីខែមិថុនា ដែលត្រូវបានជំ​ទាស់ដោយអ៊ីស្រាអែល មុនពេលកិច្ច​ព្រមព្រៀង​​​នេះ រលាយបាត់ទៅវិញក្នុង​រយៈ​ពេល​ពីរបីសប្តាហ៍ក្រោយ។

ជុំវិញ​បញ្ហានេះដែរ ការគាំទ្រ​របស់​សាធារណជននៅ​សហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែលបានធ្លាក់ចុះចាប់តាំង​ពី​សង្គ្រាម​ហ្គាហ្សាបានចាប់ផ្តើម ជាពិសេសក្នុងចំណោមក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ។

អ៊ីស្រាអែលបានប្រឈមមុខនឹងភាពឯកោផ្នែកការទូតកាន់តែស៊ីជម្រៅចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរបស់ខ្លួននៅហ្គាហ្សាជាការឆ្លើយតបទៅនឹងការវាយប្រហារកាល​ពី​ថ្ងៃទី​៧ ខែតុលា។

កាលពីដើមខែនេះ សម្ព័ន្ធមិត្តដ៏រឹងមាំមួយ គឺចក្រភពអង់គ្លេស បារាំង និងកាណាដា បានប្រកាសទណ្ឌកម្ម ដែល​ផ្តោត​លើ​ការ​តាំងទីលំនៅរបស់អ៊ីស្រាអែលនៅក្នុងតំបន់វេសប៊ែង​ ស្របពេល​ក្រុងវ៉ាស៊ីនតោនរក្សាភាព​ស្ងាត់ស្ងៀម​ចំពោះទណ្ឌកម្មនេះ៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង