ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា នឹងមិនចុះចាញ់ការគំរាមកំហែងរបស់លោក ត្រាំ

ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត​ ផេហ្សេស​ខ្យាន​ (Masoud Pezeshkian) បានចោទ​ប្រកាន់ប្រធានាធិបតីអាមេ​រិក លោក ដូណាល់ ត្រាំ​ (Donald Trump) ថា​ បាន​​គំរាមកំហែង​​ផ្នែក​ស្មារតី​​ អំឡុង​ពេល​​ថ្លែង​នៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ដោយអះអាង​ថា អ៊ីរ៉ង់នឹងមិនចុះចាញ់ក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក​ទេ ប៉ុន្តែលោក​នៅ​តែ​បើកចំហចំពោះផ្នែក​ការទូត ដើម្បីបញ្ចប់ជម្លោះ។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ កាល​​ពីថ្ងៃ​ពុធ​​។​

ថ្លែង​ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិក ១៩៣ ប្រទេស​ លោក ផេហ្សេសខ្យាន​ បាននិយាយថា ការគំរាមកំហែងនេះ នឹងរឹតតែ​ធ្វើ​ឱ្យអ៊ីរ៉ង់មាន​ការតាំងចិត្តកាន់តែរឹងមាំជាង​មុន​ ដោយ​លោក​ច្រាន​ចោល​ការព្រ​មានរបស់​លោក ដូណាល់ ត្រាំ​ ដែលថា លោកអាចនឹង​កម្ទេច​អ៊ីរ៉ង់ចោល​ ប្រសិន​បើមិនអាច​សម្រេច​កិច្ចព្រមព្រៀងណាមួយនោះ​។

ដោយសំដៅដល់​ការចោទប្រកាន់​​របស់លោក ត្រាំ​ ដែលលថា អ៊ីរ៉ង់ គឺ​ជាអ្នកឧបត្ថម្ភក្រុម​ភេរវករ​ឈានមុខគេក្នុង​ពិភពលោកនោះ​ លោក ផេហ្សេសខ្យាន លើកឡើង​ថា ការអះអាង​របស់ប្រធានាធិបតីអាមេរិកកាលពីម្សិលមិញ… គឺជាសញ្ញានៃការ​គំរាមកំហែងផ្នែក​ស្មារតី​… ប្រជាជនអ៊ីរ៉ង់នឹងមិនចុះញ៉ម​ចំពោះ​សម្ពាធនោះទេ។… អ្នកដែលជាភេរវករ និងបណ្តុះ​បណ្តាល​ភេរវករបែរ​ជា​ចោទ​អ៊ីរ៉ង់​ថា ជាភេរវករទៅវិញ​។​

ដោយ​លើក​ឡើង​ម្តងហើយ​ម្តងទៀត ​អំឡុងថ្លែងសុន្ទរកថា លោក ផេហ្សេស​ខ្យាន​ បាននិយាយថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយភាពតានតឹងជាមួយសហរដ្ឋអាមេរិកតាមរយៈការចរចា ប៉ុន្តែបានព្រមានថា ទីក្រុង​តេហេ​រ៉ង់នឹងមិនទទួលយកភាសានៃការ​ប្រើ​កម្លាំងនោះទេ។

គណៈប្រតិភូសហរដ្ឋអាមេរិកបានដើរចេញនៅពេលលោក ផេហ្សេសខ្យាន ចាប់ផ្តើមថ្លែង​សុន្ទរកថា។ គណៈ​ប្រតិភូ​សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិមិន​បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

លោក ផេហ្សេសខ្យាន បានចាប់ផ្តើមថ្លែង​សុន្ទរកថា ដោយចោទប្រកាន់សហរដ្ឋអាមេរិកពីបទសម្លាប់ជនស៊ីវិល អំឡុងសង្គ្រាម ដោយលោក​លើករូបថតដែលមានរូបភាពក្មេងស្រីសិស្សសាលានៅក្នុងថ្នាក់រៀន។

យោងតាមក្រុម​មន្ត្រីអ៊ីរ៉ង់បាន​ឱ្យ​ដឹង​ថា​ ការវាយប្រហារដោយមីស៊ីលលើសាលាបឋមសិក្សាមួយកន្លែងក្នុងទីក្រុង​មីណាប (Minab) កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រា​អែល​មក​លើអ៊ីរ៉ង់​បានសម្លាប់កុមារ និងគ្រូបង្រៀនជាង ១៧៥នាក់។

ជុំវិញ​ករណីនេះ មន្ទីរបញ្ចកោណមិនទាន់បានចេញផ្សាយជាសាធារណៈនូវការរក​ឃើញនៃការស៊ើបអង្កេតរបស់ខ្លួនទៅលើការវាយប្រហារនៅ​ក្រុង​មីណាប​ ​ជាករណី​​ស្លាប់​​ជនស៊ីវិលច្រើនបំផុត ដែល​​ពាក់ព័ន្ធយោធាអាមេរិកក្នុងរយៈពេលជាច្រើនទសវត្សរ៍មក​នេះ​។ ទីភ្នាក់ងារសារព័ត៌មានរ៉យ​ទ័រ​បានរាយការណ៍នៅថ្ងៃទី ៥ ខែមីនា ថា ការស៊ើបអង្កេត​ផ្ទៃក្នុងដំបូងរបស់យោធាអាមេរិកបានរកឃើញថា កងកម្លាំងអាមេរិកទំនងជាទទួលខុសត្រូវចំពោះការវាយ​ប្រហារនេះ​។

លោក ផេហ្សេសខ្យាន បាននិយាយថា អ៊ីរ៉ង់មិនមានបំណងបង្កើត​គ្រាប់បែកនុយ​ក្លេអ៊ែរទេ ប៉ុន្តែនឹងមិនបោះ​បង់​ចោល​សិទ្ធិ​របស់​ខ្លួន​ចំពោះ​កម្មវិធីនុយក្លេអ៊ែរ​ដោយ​សន្តិវិធី។

គួររំលឹក​ថា រយៈ​ពេល​ ៧ខែ ​នៃជម្លោះ​ដែលបាន​ធ្វើឲ្យ​ទីផ្សារ​រង្គោះរង្គើ និង​រុញច្រាន​ឈូងសមុទ្រ​ខិតទៅរក​សង្គ្រាម​កាន់​តែ​​ទូលំទូលាយនោះ​ ក្រុង​វ៉ាស៊ីនតោន​កំពុង​ធ្វើ​​ការវាយលុកផ្នែក​​សេដ្ឋកិច្ច​ ដែលមិនធ្លាប់មានពីមុនមក បន្ទាប់​ពី​​សកម្ម​ភា​ព​​​យោធា​បានបរាជ័យ​ក្នុងការ​បង្ខំ​ឱ្យទីក្រុង​តេហេ​រ៉ង់​ចុះចាញ់។

មេដឹកនាំអ៊ីរ៉ង់មានការភ័យខ្លាចថា សេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ ស្របពេល​ដែ​ល​មាន​ការកើនឡើងតម្លៃទំនិញ​ ពាណិជ្ជកម្មចុះខ្សោយ និងសម្ពាធលើប្រាក់ចំ​ណូលរបស់​គ្រួសារពលរដ្ឋ​ អាចបង្កឱ្យមានភាពចលាចលទូទាំងប្រទេស ដែលសាធារណរដ្ឋអ៊ីស្លាមមួយ​​នេះធ្លាប់​​ប្រឈមម្តងហើយម្តងទៀត​។

ច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវដែល​មាន​ចំណែក​មួយភាគប្រាំនៃការ​ដឹកជញ្ជូន​​ប្រេង​ក្នុង​ពិភពលោក បានក្លាយជាចំណុចស្នូល​នៃ​ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

ទោះបីជា​យ៉ាងណា ទីក្រុងតេហេ​រ៉ង់បានបញ្ជូន​លក្ខខណ្ឌរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួល ដើម្បីបើកផ្លូវទឹកយុទ្ធសាស្ត្រនេះ ឡើងវិញ នេះបើយោងតាមប្រភពព័ត៌មានអ៊ីរ៉ង់បានប្រាប់ទីភ្នាក់​ងារ​ព័ត៌​មាន​រ៉យទ័រកាលពីថ្ងៃអង្គារ៕

ប្រែសម្រួល​អត្ថបទដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង