អបអរសាទរឆ្នាំថ្មីកូនផ្សោតទី២ ទើបកើតនៅអន្លង់កាំពី ខេត្តក្រចេះ

ខេត្តក្រចេះ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយនៅលើផេកហ្វែសប៊ុកផ្លូវការ របស់ខ្លួន ឲ្យដឹងថា នៅថ្ងៃទី០២ នៃចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ អ្នកបើកទូកទេសចរប្រចាំអន្លង់កាំពី បានប្រទះឃើញកូនផ្សោតទើបកើតថ្មីចំនួន ០១ក្បាល កំពុងហែលលេងជាមួយហ្វូងផ្សោតពេញវ័យជាច្រើនទៀតនៅអន្លង់កាំពី ស្ថិតក្នុងភូមិកាំពី ឃុំ- ស្រុកចិត្របុរី ខេត្តក្រចេះ។

អ្នកបើកទូកទេសចរ បានរាយការជូនប្រធានឆ្នាំទន្លេ និងមន្ត្រីជលផលខេ្តតក្រចេះ និងបុគ្គលិកអង្គការ WWF ដើម្បីជាព័ត៌មាន កត់ត្រា និងតាមដានបន្តទៀត។

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រុមស្រាវជ្រាវ នៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF បានចុះតាមដានកូនផ្សោតទើបកើតថ្មី ដោយតាមការប៉ាន់ប្រមាណកូនផ្សោតនេះទើបតែមានអាយុប្រមាណ ០៣ថ្ងៃ។ នេះជាកូនផ្សោតទី០២ ដែលបានកត់ត្រានៅឆ្នាំ២០២៣។

សូមបញ្ជាក់ថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន ០៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន ០៦ក្បាល៕

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង