សហរដ្ឋអាមេរិកបានជំរុញឱ្យប្រទេសវ៉េណេស៊ុយអេឡា និងអ៊ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC
យោងតាមប្រភពមួយចំនួន ដែលដឹងពីបញ្ហានេះបានឱ្យដឹងថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានជំរុញឱ្យប្រទេសវេណេស៊ុយអេឡា និងអ៊ីរ៉ាក់ ពិចារណាចាកចេញពីអង្គការ OPEC កាលពីដើមឆ្នាំនេះ ព្រមទាំងបានរារាំងប្រទេសវេណេស៊ុយអេឡាមិនឱ្យបង់ថ្លៃសមាជិកភាពប្រចាំឆ្នាំដល់អង្គការនេះផងដែរ។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃសុក្រ បានឱ្យដឹងថា ចំណាត់ការ ដែលមិនធ្លាប់ត្រូវបានរាយការណ៍ពីមុនមកនេះ បានកំណត់គោលដៅទៅលើសមាជិកស្ថាបនិកចំនួន២ ក្នុងចំណោមសមាជិកស្ថាបនិកទាំង៥ របស់អង្គការ OPEC ហើយនេះ គឺជាការប្រឈមមុខដោយផ្ទាល់មិនធម្មតាមួយ ជាមួយអង្គការ OPEC ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ជាយូរមកហើយថា បានរក្សាតម្លៃប្រេងឱ្យស្ថិតក្នុងកម្រិតខ្ពស់ ។
យោងតាមបុគ្គល ដែលបានដឹងអំពីកិច្ចពិភាក្សានោះបានឱ្យដឹងថា មន្ត្រីអាមេរិកនៅពេលនោះបានជំរុញឱ្យមានការបង្កើនផលិតកម្មប្រេង និងការវិនិយោគនៅក្នុងប្រទេសទាំងពីរ ខណៈមនុស្សមួយចំនួនមានក្តីបារម្ភថា ការកំណត់កម្រិតផលិតកម្មរបស់អង្គការ OPEC អាចនឹងក្លាយជាឧបសគ្គដល់មហិច្ឆតាទាំងនោះ។
ប្រភពមនុស្សពីរនាក់ ដែលដឹងពីបញ្ហានេះបានអះអាងថា សម្ពាធរបស់សហរដ្ឋអាមេរិកទៅលើប្រទេសវេណេស៊ុយអេឡាបានកើនឡើងខ្លាំង រហូតដល់ព្រះអង្គម្ចាស់ ម៉ូហាមម៉េដ ប៊ីន សាល់ម៉ាន (Mohammed bin Salman) នៃប្រទេសអារ៉ាប៊ីសាអូឌីត បានចូលអន្តរាគមន៍កាលពីអំឡុងរដូវក្តៅនេះ ដោយបានបញ្ចុះបញ្ចូលរដ្ឋបាលរបស់លោក ត្រាំ ឱ្យកុំបន្តដាក់សម្ពាធលើបញ្ហានេះបន្ថែមទៀត។
ដោយឡែកនៅក្នុងប្រទេសអ៊ីរ៉ាក់ឯណោះវិញ នាយករដ្ឋមន្ត្រី អាលី ហ្វាឡេស អាល់ ហ្សៃឌី (Ali Faleh al-Zaidi) បានលើកឡើងពីលទ្ធភាពនៃការចាកចេញពីអង្គការ OPEC នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋាភិបាលមួយកាលពីអំឡុងរដូវក្តៅនេះ បន្ទាប់ពីមានការពិភាក្សាជាមួយមន្ត្រីអាមេរិកដែលបានគាំទ្រគំនិតនេះ។ នេះបើតាមការបញ្ជាក់ពីបុគ្គលពីររូបដែលដឹងពីបញ្ហានេះ។
ប្រភពដដែលបានឱ្យដឹងថា ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់បានជំទាស់ ដោយបានបញ្ចុះបញ្ចូលលោក អាល់ហ្សៃឌី ឱ្យរក្សាប្រទេសអ៊ីរ៉ាក់នៅក្នុងអង្គការរនេះបន្តទៀត ហើយជំនួសមកវិញ គួរពិចារណាស្នើសុំកូតាផលិតកម្មខ្ពស់ជាងមុន។
សហរដ្ឋអាមេរិកមានឥទ្ធិពលយ៉ាងខ្លាំងលើប្រទេសទាំងពីរ។ សហរដ្ឋអាមេរិកគ្រប់គ្រងលទ្ធភាពរបស់ប្រទេសវេណេស៊ុយអេឡា ក្នុងការប្រើប្រាស់ថវិការដ្ឋ បន្ទាប់ពីលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ត្រូវបានទម្លាក់ចេញពីអំណាចកាលពីខែមករា។ ចំណែកឯចំណូលពីប្រេងរបស់ប្រទេសអ៊ីរ៉ាក់វិញ នៅតែបន្តហូរចូលទៅក្នុងគណនីមួយនៃធនាគារបម្រុងសហព័ន្ធក្រុងញូវយ៉ក (Federal Reserve Bank of New York) ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមអ៊ីរ៉ាក់ ក្នុងឆ្នាំ២០០៣។
ក្រសួងការបរទេសអាមេរិកមិនបានឆ្លើយតបចំពោះសំណួរដែលសួរថា តើអាមេរិកបានរារាំងប្រទេសវេណេស៊ុយអេឡាមិនឱ្យបង់ថ្លៃសមាជិកភាពអង្គការ OPEC មែនឬយ៉ាងណា។ ប៉ុន្តែក្រសួងនេះបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន មានសិទ្ធិអំណាចក្នុងការសម្រេចលើការប្រើប្រាស់មូលនិធិរដ្ឋរបស់វេណេស៊ុយអេឡា ដែលបច្ចុប្បន្នត្រូវបានរក្សាទុកនៅក្នុងគណនីមួយក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីការដកលោក ម៉ាឌូរ៉ូ (Maduro) ចេញពីតំណែង។
មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ក្រសួងទទួលបានសំណើទូទាត់ប្រាក់ពីសំណាក់រដ្ឋាភិបាលបណ្តោះអាសន្ន នៃប្រទេសវេណេស៊ុយអេឡា ហើយធ្វើការពិនិត្យមើលសំណើទាំងនោះ ដោយផ្ទៀងផ្ទាត់ជាមួយបញ្ជី នៃការប្រើប្រាស់ដែលត្រូវបានអនុញ្ញាត និងបញ្ជីនៃការប្រើប្រាស់ ដែលត្រូវបានហាមឃាត់ ចំពោះមូលនិធិប្រាក់បញ្ញើរដ្ឋាភិបាលបរទេស។
មន្ត្រីរូបនោះបានបន្តថា វាអាចទៅរួចដែលមន្ត្រីអាមេរិកថ្នាក់ក្រោមបានលើកឡើងពីបញ្ហានៃការចាកចេញពីអង្គការ OPEC ជាមួយរដ្ឋាភិបាលវេណេស៊ុយអេឡានៅដើមឆ្នាំនេះ ប៉ុន្តែបញ្ហានេះមិនមែនជាចំណុចមួយ ដែលត្រូវបានលើកឡើងដោយមន្ត្រីជាន់ខ្ពស់នោះទេ។
ស្របពេលជាមួយគ្នានេះ មន្ត្រីរូបនោះបាននិយាយថា ការសន្ទនារបស់ក្រសួងការបរទេសអាមេរិកជាមួយប្រទេសអ៊ីរ៉ាក់ គឺផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធថាមពល ដើម្បីបង្កើនការផលិត និងការដឹកជញ្ជូនថាមពល មិនមែនផ្តោតលើអង្គការ OPEC នោះទេ។
តំណាងរបស់អង្គការ OPEC និងតំណាងរដ្ឋាភិបាលរបស់ប្រទេសវេណេស៊ុយអេឡា អ៊ីរ៉ាក់ និងអារ៉ាប៊ីសាអូឌីត មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
សកម្មភាពនានារបស់សហរដ្ឋអាមេរិក បានបង្កើនសម្ពាធបន្ថែមទៀតទៅលើអង្គការមួយ ដែលបានបាត់បង់សមាជិកចំនួន៤ រួចមកហើយចាប់តាំងពីឆ្នាំ២០១៩ មក។ លើសពីនេះ ភាគហ៊ុនរបស់អង្គការនេះនៅក្នុងទីផ្សារប្រេងពិភពលោក ក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតនាពេលថ្មីៗនេះ ដោយសារតែផលប៉ះពាល់បង្កឡើងដោយសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលជាសមាជិកស្ថាបនិកមួយទៀតរបស់អង្គការ OPEC។
ប្រទេសអារ៉ាប់រួមបានប្រកាសដកខ្លួនចេញពីអង្គការ OPEC នៅដើមឆ្នាំនេះ បន្ទាប់ពីមានការមិនពេញចិត្តចំពោះការកំណត់កម្រិតផលិតកម្មរបស់អង្គការនេះ ខណៈប្រទេសអង់ហ្គោឡា អេក្វាឌ័រ និងកាតា ក៏បានសម្រេចដកខ្លួនចេញពីអង្គការនេះកាលពីឆ្នាំ២០២៤ ឆ្នាំ២០២០ និងឆ្នាំ ២០១៩ រៀងៗខ្លួន។ មិនមានសញ្ញាណណាមួយបង្ហាញថា សហរដ្ឋអាមេរិកបានពាក់ព័ន្ធនឹងការសម្រេចចិត្តទាំងនោះឡើយ។
អង្គការ OPEC ត្រូវបានបង្កើតឡើងនៅទីក្រុងបាកដាដ កាលពីខែកញ្ញា ឆ្នាំ១៩៦០ ដោយបណ្តាប្រទេសផលិតប្រេងមួយចំនួន ដែលចង់ពង្រឹងការគ្រប់គ្រងលើទីផ្សារពិភពលោក ដែលកាលនោះស្ថិតនៅក្រោមឥទ្ធិពលត្រួតត្រារបស់ក្រុមហ៊ុនប្រេងលោកខាងលិចមួយចំនួនតូច។
OPEC ដែលត្រូវបានបង្កើតឡើងដោយប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត គុយវ៉ែត និងវេណេហ្ស៊ុយអេឡា បច្ចុប្បន្នមានសមាជិកចំនួន១១ប្រទេស។ អង្គការនេះក៏បានបង្កើតសម្ព័ន្ធភាពជាមួយប្រទេសផលិតប្រេងផ្សេងទៀតមួយចំនួន រួមទាំងប្រទេសរុស្ស៊ី ដែលហៅថា OPEC+ ដោយមានការជួបប្រជុំគ្នាជាប្រចាំ ដើម្បីសម្រេចលើកម្រិតផលិតកម្មប្រេងដែលមានការសម្របសម្រួលរួមគ្នា។
លោក ដូណាល់ ត្រាំ បានរិះគន់អង្គការ OPEC ម្តងហើយម្តងទៀតពេញមួយអាជីពក្នុងអាជីវកម្ម និងនយោបាយរបស់លោក ច្រើនទសវត្សរ៍មកនេះ ដោយលោកបានហៅអង្គការនេះថា ជាអ្នកកាន់កាប់ទីផ្សារផ្តាច់មុខ ដែលរកប្រាក់ចំណេញពីពិភពលោកទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកបានក្លាយជាប្រទេសផលិតប្រេងធំជាងគេបំផុតនៅលើពិភពលោក ដែលធ្វើឱ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរពីអតិថិជនរបស់អង្ការ OPEC ទៅជាគូប្រជែងដ៏សំខាន់បំផុតមួយក្នុងការដណ្តើមចំណែកទីផ្សារប្រេង៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


