លោក បេសសិន អះអាងថា សហរដ្ឋអាមេរិកកំពុងស្វែងរកចម្លើយជុំវិញការលក់បន្ទះឈីបរបស់ក្រុមហ៊ុន Nvidia ទៅឱ្យប្រទេសចិន
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក ស្កុត បេសសិន (Scott Bessent) បានថ្លែងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកកំពុងស្វែងរកចម្លើយពីក្រុមហ៊ុន Nvidia ពាក់ព័ន្ធនឹងការលក់បន្ទះឈីបរបស់ខ្លួនទៅឱ្យប្រទេសចិន។ លើសពីនេះ អាមេរិកនឹងស្វែងរកឱ្យដឹងថា តើអ្នកណាជាអ្នកទទួលខុសត្រូវលើការអនុវត្តតាមបទប្បញ្ញត្តិនៅក្នុងក្រុមហ៊ុននេះ ដែលពីមុនដឹកនាំដោយលោក ចេនសិន ហ៊ួង (Jensen Huang) ។ លោក ចេនសិន ហ៊ួង បានលាលែងពីតំណែង បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ ដែលត្រូវបានសង្ស័យថា ជាចារកម្មចិន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក បេសសិន បាននិយាយថា ក្រុមការងារកំពុងទាក់ទងជាមួយក្រុមការងារបណ្តោះអាសន្ន ជាមួយថថ្នាក់ដឹកនាំ ជាមួយក្រុមមេធាវ ដើម្បីទទួលបានការឆ្លើយតប។
របាយការណ៍នានាអំពីទំនាក់ទំនងរបស់លោក ហ៊ួង ជាមួយស្ត្រីម្នាក់ ដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកសង្ស័យថា ជាចារកម្មចិន និងទំនាក់ទំនងស្នេហានៅក្រៅអាពាហ៍ពិពាហ៍របស់លោកជាមួយនាយកប្រតិបត្តិក្រុមហ៊ុនមួយ បាននាំឱ្យលោកលាលែងពីតំណែង។ ហេតុការណ៍នេះក៏បានជំរុញឱ្យមានការស៊ើបអង្កេតដោយអាជ្ញាធរនិយតកម្មអាមេរិក និង FBI ការចាត់វិធានការដោយសភា ការត្រួតពិនិត្យផ្ទៃក្នុង និងសំណើប្តឹងផ្តល់ជាក្រុមពីសំណាក់ក្រុមវិនិយោគិនផងដែរ។
ប៉ុន្មានថ្ងៃ បន្ទាប់ពីលោក ហ៊ួង លាលែងពីតំណែង រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទប្បញ្ញត្តិមួយ ដើម្បីរឹតត្បិតបន្ថែមទៀតនូវលទ្ធភាពរបស់ប្រទេសចិន ក្នុងការទទួលបានបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ទំនើប ពីក្រុមហ៊ុននានាដូចជា Nvidia ជាដើម។ ការចាត់វិធានការរឹតបន្តឹងនេះ ធ្វើឡើងមុនពេលលោក ត្រាំ ធ្វើដំណើរទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី ស៊ី ជីនពីង។
លោក បេសសិន បាននិយាយថា ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនផលិតបន្ទះឈីបនេះ កំពុងធ្វើការ ដើម្បីស្វែងរកការពិតថា មានអ្វីកើតឡើង ហើយលោកបានបង្ហាញក្តីជឿជាក់ថា ពួកគេនឹង “ផ្តល់ជូននូវចម្លើយដ៏ពេញលេញ និងច្បាស់លាស់បំផុត”។
លោក បេសសិន បាននិយាយថា ក្រុមការងារចង់ដឹងថា តើអ្នកណាជាអ្នកទទួលខុសត្រូវលើការអនុលោមតាមច្បាប់នៅទីនោះ ហើយនឹងពិនិត្យមើលថា តើកម្រិតណាខ្លះនៅក្នុងអាជីវកម្មនេះ ដែលបានដឹងអំពីបញ្ហានេះ។ តើវាស្ថិតនៅកម្រិតក្រោម? កម្រិតកណ្តាល? ឬក៏បានដឹងរហូតដល់ថ្នាក់ដឹកនាំកំពូល?
លោក ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា លោកចង់ឃើញលោក ហ៊ួង សុំអភ័យទោស ហើយត្រឡប់ទៅកាន់ក្រុមហ៊ុន Nvidia វិញ។ នៅពេលត្រូវបានសួរថា តើលោកយល់ស្របជាមួយលោក ត្រាំ ដែរឬទេ លោក បេសសិន បាននិយាយថា ចាំបាច់ត្រូវមានព័ត៌មានបន្ថែមទៀតសិន។
លោក ហាវី ចូន (Harvey Jones) ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia បាននិយាយថា ក្រុមប្រឹក្សាភិបាលនឹងមិនជួលលោក ហ៊ួង ត្រឡប់មកវិញទេ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


