លោក ចេនសិន ហ៊ួង អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia យល់ព្រមចូលរួមបំភ្លឺនៅព្រឹទ្ធសភាអាមេរិក

លោក ចេសិន ហ៊ួង (Jensen Huang) អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានយល់ព្រមចូល​ខ្លួនផ្តល់សក្ខីកម្មជាសាធារណៈនៅចំពោះមុខព្រឹទ្ធសភាសហរដ្ឋអាមេរិក។ នេះបើតាម​ការ​លើកឡើង​របស់លោក ធីម ស្កុត​ (Tim Scott) សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសា​ធារ​ណ​រដ្ឋកាលពីថ្ងៃសុក្រ។ ការផ្តល់សក្ខីកម្មនេះធ្វើឡើងក្នុងពេលដែលសមាជិកសភាអាមេរិកកំពុងស៊ើបអង្កេតលើការចោទប្រកាន់ពាក់ព័ន្ធនឹងទំនាក់ទំនងរបស់លោក ហ៊ួង​ ជាមួយស្ត្រីម្នាក់​ ដែលត្រូវបានគេចោទប្រកាន់ថា ជាចារកម្ម​របស់ចិន។

ទីភ្នាក់ងារព័ត៌មាន​រ៉យ​ទ័រ​បាន​រាយការណ៍​នៅព្រឹក​ថ្ងៃសៅរ៍​នេះ ថា លោក ហ៊ួង​ បានក្លាយជាចំណុចចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់សមាជិកសភាសហរដ្ឋអាមេរិក បន្ទាប់ពីកាសែត New York Times បានរាយការណ៍ថា លោកមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ ដែលនាំឱ្យមានការចោទជាសំណួរជុំវិញការនាំចេញបន្ទះឈីប AI ទំនើប​របស់ក្រុមហ៊ុន Nvidia ទៅកាន់ប្រទេសចិន។

ប្រសិនបើការសាកសួរដំណើរការទៅតាមការគ្រោងទុក នោះវានឹងក្លាយជាការ​ផ្តល់​សក្ខីកម្មជា​សាធារណៈ​​លើកដំបូងរបស់​លោក ហ៊ួង​ ចាប់តាំងពីលោកបានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី១២ ខែវិច្ឆិកា។

អ្នកនាំពាក្យរបស់លោក ហ៊ួង​ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសវនាការនេះទេ។ កា​រិយាល័យរបស់លោក ស្កុត​ មិនបានបញ្ជាក់កាលបរិច្ឆេទនោះទេ ទោះបីជាសំណើដើមរបស់សមា​ជិកព្រឹទ្ធសភារូបនេះ បានស្នើសុំឱ្យលោក ហ៊ួង​ ចូលបង្ហាញខ្លួននៅថ្ងៃទី៣ ខែធ្នូ ក៏ដោយ។

ស្របពេលជាមួយគ្នានេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសុក្រថា លោកនៅតែបន្តគាំទ្រលោក ហាវើដ លូតនីក (Howard Lutnick) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ដោយបាន​ហៅថា ជា «អ្នកជំនួញដ៏ល្អម្នាក់»។ ការលើកឡើងនេះធ្វើឡើងក្នុងពេលដែលមានរឿងអាស្រូវមួយពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតបន្ទះឈីប AI គឺក្រុមហ៊ុន Nvidia ដែលបានធ្វើ​ឱ្យមានសំណួរចោទសួរអំពីរបៀបដែលលោក លូតនីក​ បានចាត់​ចែង​ការលក់បន្ទះឈីបទៅកាន់ប្រទេសចិន។

នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីនៅសប្តាហ៍នេះ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោកបានពិភាក្សាអំពីករណី​របស់​លោក ចេនសិន ហ៊ួង ​​ជាសហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិរបស់​ក្រុមហ៊ុន Nvidia ជាមួយប្រ​ធា​នា​ធិបតីចិន លោក ស៊ី ជីនពីង ប៉ុន្តែលោកមិនបានផ្តល់ព័ត៌​មាន​លម្អិត​បន្ថែមអំពីការសន្ទនារបស់​ពួកគេនោះទេ។

សេចក្តីរាយការណ៍អះអាង​ថា​ លោក ចេនសិន ហ៊ួង​ មានទំនាក់ទំនងស្នេហានៅក្រៅអា​ពាហ៍ពិពាហ៍ជាមួយនាយកប្រតិបត្តិម្នាក់ក្នុងក្រុមហ៊ុន និងមានទំនាក់ទំនងជាមួយស្ត្រី​ម្នាក់ ដែលត្រូវបានសង្ស័យថា ជាចារកម្មចិន បានជំរុញ​ឱ្យលោកលាលែងពីតំណែង ព្រមទាំងបង្កឱ្យមានការស៊ើបអង្កេតដោយអាជ្ញាធរនិយតកម្មសហរដ្ឋអាមេរិក និង FBI ចំណាត់ការពីសភា ការត្រួតពិនិត្យផ្ទៃក្នុង និងបណ្តឹងជា​ក្រុម​ពី​ក្រុមវិនិយោគិន។

លោក ថម ខុតុន​ (Tom Cotton) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមកពីគណបក្សសាធា​រណ​រដ្ឋប្រចាំរដ្ឋ Arkansas បាន​ប្រាប់កាសែត Wall Street Journal កាលពីថ្ងៃសុក្រថា លោក លូតនីក បានព្រងើយកន្តើយម្តងហើយ​ម្តងទៀតចំពោះការព្រមាននានាដែលថា បន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) របស់សហរដ្ឋអាមេរិកត្រូវបានគេ​លួច​នាំ​ចេញ​ដោយខុសច្បាប់ទៅកាន់ប្រទេសចិន មុនពេលរឿងអាស្រូវពាក់ព័ន្ធនឹងក្រុមហ៊ុន Nvidia ត្រូវបានលាតត្រដាង​ជា​សាធារណៈ។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានលើកឡើងថា លោក លូតនីក​ គួរតែលាលែងពីតំណែង​នោះ​ទេ។

ទន្ទឹមនឹងនេះ គណបក្សប្រជាធិបតេយ្យ ដែលនឹងចូលកាន់កាប់សភាអាមេរិកនៅខែមករា កំ​ពុងស៊ើបអង្កេតថា តើលោក លូត​នីក​ បានប្រើប្រាស់តួនាទីរបស់ខ្លួន ដើម្បីជួយក្រុមហ៊ុនវិនិយោគ Cantor Fitzgerald ដែលគ្រប់គ្រងដោយកូនប្រុសរបស់លោក​ ឱ្យចៀសផុតពីការខាតបង់ ដែលកើតចេញពីការត្រួតពិនិត្យលើទំនាក់ទំនងរវាងក្រុមហ៊ុន Nvidia និងក្រុមហ៊ុនចិនមួយ​ឬយ៉ាងណា។

លោក ត្រាំ ក៏បានលើកឡើងដែរថា លោកចង់ឃើញអតីតប្រធានក្រុមហ៊ុន Nvidia រូបនោះ «ធ្វើការសុំទោសជាផ្លូវការ ហើយត្រឡប់កាន់ការងារ​វិ​ញ ដោយបន្ថែមថា លោក​បានពិភាក្សារឿងនេះជាមួយប្រធានាធិបតីចិន​ ស៊ី ជិន​ពីង ដោយ​​សរសើរ​​លោក ហ៊ួង ថា ជាមនុស្សដែលមានទេពកោសល្យខ្ពស់។

កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃសុក្រថា ជនសង្ស័យជាចារកម្មចិនម្នាក់ គឺអ្នក​ស្រី​ អាលីស​ ហ៊ួង (Alice Huang) មានទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយវិស័យឧស្សាហកម្មការពារជាតិរបស់ប្រទេស​ចិន៕

ប្រែសម្រួលអត្ថបទដោយ​៖ លោក អ៊ួច សូនី

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង