វៀតណាម លុបចោលទោសប្រហារជីវិត លើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
វៀតណាម ៖ រដ្ឋសភាវៀតណាម នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកានេះ បានអនុម័តក្រមព្រហ្មទណ្ឌកែសម្រួលថ្មី ដោយលុបចោលទោសប្រហារជីវិត លើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត ដែលធ្វើឱ្យប្រទេសនេះ នៅសល់បទល្មើសត្រឹមតែ ៤ប៉ុណ្ណោះ ដែលអាចប្រឈមនឹងទោសប្រហារជីវិត។
នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន South China Morning Post នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
សារព័ត៌មានដដែល បញ្ជាក់ថា ក្រោមច្បាប់ថ្មីនេះ ទោសប្រហារជីវិតអនុវត្ត ចំពោះតែបទល្មើសក្បត់ជាតិ , អំពើឃាតកម្ម, ភេរវកម្ម និងការផលិតគ្រឿងញៀនខុសច្បាប់ប៉ុណ្ណោះ។ ហើយចំពោះ បទល្មើសដែលដកចេញពីបញ្ជីទោសប្រហារជីវិត រួមមាន ៖ ការជួញដូរគ្រឿងញៀន, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ, ឧក្រិដ្ឋកម្មសង្គ្រាម, ការបះបោរ និងការរំលោភសេពសន្ថវៈលើអនីតិជន ដោយជំនួសមកវិញ នូវទោសអតិបរមាគឺជាប់ពន្ធនាគារអស់មួយជីវិត។
ទោះបីសមាជិកសភាមួយចំនួន ធ្លាប់ស្ទាក់ស្ទើរក្នុងការដកទោសប្រហារជីវិត សម្រាប់ការជួញដូរគ្រឿងញៀនក៏ដោយ ក៏រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក លឿង តាមក្វាង (Luong Tam Quang) ត្រូវបានសារព័ត៌មាន ដកស្រង់សំដី មកចុះផ្សាយ ដោយលើកឡើងថា ភស្តុតាងបង្ហាញថា អ្នកជួញដូរមួយចំនួន «ត្រូវគេល្បួង បោកបញ្ឆោត ឬបង្ខិតបង្ខំ» ឱ្យប្រព្រឹត្ត ហើយពួកគេ «នៅតែអាចកែប្រែ អប់រំ និងផ្តល់ឱកាសឱ្យកែខ្លួនឡើងវិញបាន ដូច្នេះមិនចាំបាច់ដាក់ទោសប្រហារជីវិតនោះ ។
សូមបញ្ជាក់ថា នេះជាជំហានចុងក្រោយ នៃការកាត់បន្ថយទោសប្រហារជីវិត ជាបន្តបន្ទាប់ ចាប់តាំងពីក្រមព្រហ្មទណ្ឌឆ្នាំ១៩៨៥ របស់វៀតណាម ដែលធ្លាប់កំណត់ទោសប្រហារជីវិត លើបទល្មើសរហូតដល់ ៤៤ករណី។ វៀតណាម បានប្តូរមកប្រើវិធីចាក់ថ្នាំសម្លាប់ ជំនួសការបាញ់សម្លាប់តាំងពីឆ្នាំ២០១៣ ។ យ៉ាងណា វៀតណាម មិនដែលបង្ហាញជាសាធារណៈពីចំនួនអ្នកទោស ដែលខ្លួនប្រហារជីវិតឡើយ ខណៈអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានប៉ាន់ប្រមាណថា មានអ្នកទោសជាង ១ ២០០នាក់ កំពុងជាប់ទោសប្រហារជីវិតនៅវៀតណាម គិតត្រឹមចុងឆ្នាំ២០២៣។ ហើយកាលពីខែកញ្ញាកន្លងទៅ តុលាការ ក៏បានកាត់ទោសប្រហារជីវិតមនុស្សចំនួន ១១នាក់ ពីបទជួញដូរគ្រឿងញៀនពីប្រទេសបារាំង មកវៀតណាមផងដែរ ៕



