លោក ត្រាំ លោក ស៊ី និងលោក ពូទីន ចេញសេចក្តីថ្លែងការណ៍ស្តីពីសន្តិភាពពីកិច្ចប្រជុំកំពូល ដែលមិនធ្លាប់មានពីមុនមក
ប្រទេសចិន សហរដ្ឋអាមេរិក និងរុស្ស៊ី បានព្រមព្រៀងគ្នាលើ សេចក្តីថ្លែងការណ៍សន្តិភាព ក្នុងន័យជានិមិត្តរូបមួយ នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីដ៏កម្រមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបានបញ្ជាក់ជាថ្មីថា សង្គ្រាមនុយក្លេអ៊ែរមិនគួរកើតឡើងជាដាច់ខាត ប៉ុន្តែពួកគេមិនបានប្រកាសពីផែនការណាមួយសម្រាប់ការចរចាស្ដីពីការគ្រប់គ្រងអាវុធ ដែលលោក ត្រាំ បានទាមទារចង់បានជាយូរមកហើយនោះទេ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបិទបញ្ចប់ដំណើរទស្សនកិច្ចការទូតរយៈពេល ៣ថ្ងៃរបស់លោក ដូណាល់ ត្រាំ នៅតំបន់អាស៊ី។ ដំណើរទស្សនកិច្ចនេះទទួលបានលទ្ធផលជាក់ស្តែងតិចតួចប៉ុណ្ណោះ ទោះបីជាលោក ត្រាំ បានអួតអាងម្តងហើយម្តងទៀតថា លោកបានបង្កើតប្រវត្តិសាស្ត្រ និងសម្របសម្រួលនាំមកនូវសន្តិភាពក៏ដោយ។
ផ្ទុយទៅវិញ ដំណើរទស្សនកិច្ចនេះបានបង្កឱ្យមានសំណួរថ្មីៗក្នុងចំណោមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងទំនាក់ទំនងដ៏ជិតស្និទ្ធកាន់តែខ្លាំងឡើងរបស់លោក ជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន ដែលកំពុងបន្តធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
លោក ត្រាំ បានស្វាគមន៍លោក ពូទីន ដោយនិយាយថា ជាមិត្តរបស់លោក ហើយទទួលបានការឱបរឹតពីលោក ស៊ី ជីនពីង ដែលនេះ គឺជាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតក្នុងចំណោមសកម្មភាពការទូតបែបសម្ញែង ដែលលោក ត្រាំ តែងតែពេញចិត្ត។
ជំនួបទាំងនោះ ដែលរួមមានការពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងកិច្ចប្រជុំកំពូលជាមួយលោក ពូទីន ទទួលបានការកោតសរសើរពីមនុស្សមួយចំនួន ចំពោះឆន្ទៈរបស់លោកក្នុងការចូលរួមសន្ទនាដោយផ្ទាល់ជាមួយគូប្រជែងរបស់សហរដ្ឋអាមេរិក ប៉ុន្តែក៏ទទួលរងការរិះគន់ពីអ្នកផ្សេងទៀតផងដែរ ដោយសារលោកបានផ្តល់វេទិកាអន្តរជាតិដល់មេដឹកនាំផ្តាច់ការ។
មេដឹកនាំទាំងនោះបានប្តេជ្ញាជំរុញកំណែទម្រង់អង្គការសហប្រជាជាតិ បង្កើនការផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈសម្រាប់ប្រទេសទាំងអស់ និងការពារអភ័យឯកសិទ្ធិ ដែលមន្ត្រីរដ្ឋទទួលបាននៅតុលាការអន្តរជាតិ។
សេចក្តីថ្លែងការណ៍នោះមិនបានលើកឡើងអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ឬជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នោះទេ ហើយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់មក លោក ពូទីន បានទទួលស្គាល់ថា គ្មានការកំណត់គោលដៅធំដុំអ្វីឡើយ ព្រមទាំងបានបន្ថែមថា នឹងមិនមានការបង្ខំឱ្យភាគីណាមួយអនុវត្តតាមការសម្រេចចិត្តទាំងនោះទេ។
បណ្តាប្រទេសមហាអំណាចទាំងនោះបាន «បញ្ជាក់ជាថ្មីថា សង្គ្រាមនុយក្លេអ៊ែរមិនអាចមានអ្នកឈ្នះឡើយ ហើយមិនត្រូវឱ្យកើតមានឡើងជាដាច់ខាត ព្រមទាំងបានបន្ថែមថា ពួកគេនឹង ធ្វើកិច្ចសន្ទនាគ្នាអំពីការកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ និងការទប់ស្កាត់ការរីករាលដាលនៃអាវុធនុយក្លេអ៊ែរ ប៉ុន្តែមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នោះទេ។
ប៉ុន្តែសេចក្តីថ្លែងការណ៍នោះមិនបានលើកឡើងអំពីការចរចាលើសន្ធិសញ្ញាត្រីភាគីស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរឡើយ ដែលជាចំណុចមួយលោក ត្រាំ បានជំរុញតាំងពីអាណត្តិទីមួយរបស់លោកមក ប៉ុន្តែត្រូវបានប្រទេសចិនបដិសេធជាបន្តបន្ទាប់ ដោយអះអាងថា ឃ្លាំងអាវុធរបស់ខ្លួនមានទំហំតូចជាងមហាអំណាចដទៃទៀតយ៉ាងខ្លាំង។
នៅដើមដំបូងនៃជំនួប លោក ត្រាំ បានលើកឡើងអំពីអាវុធនុយក្លេអ៊ែរ ដោយនិយាយថា៖ វាមិនមែនជារឿងងាយស្រួលទេ ក្នុងការបោះបង់ចោលអាវុធទាំងនោះ។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងថា បណ្តាប្រទេសនានានឹងបន្តសម្របសម្រួលគ្នាលើកម្រិតការងារ បន្ទាប់ពីកិច្ចប្រជុំកំពូល ដើម្បីសន្តិភាព។
អ្នកវិភាគបានលើកឡើងថា លោក ត្រាំ បានមកកាន់ទីក្រុងសិនជិន ក្នុងគោលបំណងពង្រឹងជំហររបស់ខ្លួន បន្ទាប់ពីគណបក្សសាធារណរដ្ឋរបស់លោកបានបាត់បង់ការគ្រប់គ្រងសភា នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាលពីដើមខែនេះ។
លោក ត្រាំ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា កិច្ចប្រជុំកំពូលនៅទីក្រុងសិនជិនគឺ ធំជាងកិច្ចប្រជុំនៅយ៉ាល់តា ដោយលោកសំដៅលើកិច្ចប្រជុំកាលពីឆ្នាំ១៩៤៥ រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពសូវៀត ដែលបានក្លាយជាពាក្យតំណាងសម្រាប់កិច្ចព្រមព្រៀងនានារវាងមហាអំណាចធំៗ។
លោកបានការពារការហៅលោក ពូទីន ថា ជាមិត្ត ដោយលើកឡើងថា វាជារឿងល្អ ដែលមានមនុស្សម្នាក់ដែលកាន់កាប់អាវុធនុយក្លេអ៊ែរចំនួន៤.០០០គ្រាប់ មកធ្វើជាមិត្ត ជាជាងធ្វើជាសត្រូវ។
លោកក៏បានហៅលោក ស៊ី ជិនពីង ថា ជាមិត្តភក្តិ និងជាមេដឹកនាំដ៏អស្ចារ្យម្នាក់ផងដែរ ប៉ុន្តែលោកបានទទួលស្គាល់ពីការលំបាកក្នុងការកាត់បន្ថយអាវុធនុយក្លេអ៊ែរ ដោយលើកឡើងថា វាជារឿងលំបាកខ្លាំងណាស់ខាងផ្លូវចិត្តសម្រាប់មេដឹកនាំនានា។
លោក ឆាល ស៊ូម័រ (Charles Schumer) ប្រធានក្រុមការងារមកពីគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក បានហៅកិច្ចប្រជុំកំពូលត្រីភាគីនេះថា ជាភាពអាម៉ាស់ជាប្រវត្តិសាស្ត្រមួយ ដែលមនុស្សនឹងចងចាំទៅថ្ងៃមុខយ៉ាងយូរអង្វែង។
សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធអស់រយៈពេលជាច្រើនទសវត្សរ៍ក្រោយបញ្ចប់សង្គ្រាមលោកលើកទីពីរ បានចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នា ខណៈលោក ត្រាំ បានកាត់បន្ថយការគាំទ្រដល់អ៊ុយក្រែន ហើយទាមទារឱ្យដៃគូក្នុងអង្គការណាតូ (NATO) ចំណាយថវិកាបន្ថែមទៀតសម្រាប់ការការពារខ្លួនឯង៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


