ការរឹតត្បិតរបស់អាមេរិកលើការលក់បន្ទះឈីប AI ប៉ះពាល់ការរីកចម្រើននៃមជ្ឈមណ្ឌលទិន្នន័យនៅអាស៊ីអាគ្នេយ៍ ខណៈតម្លៃភាគហ៊ុនបានធ្លាក់ចុះ

ភាគហ៊ុនរបស់ក្រុមហ៊ុនមួយ​ចំនួន​ ដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលទិន្នន័យ និងខ្សែច្រវាក់ផ្គត់ផ្គង់​បន្ទះឈីបនៅតំបន់​អាស៊ីអាគ្នេយ៍ បានធ្លាក់ចុះយ៉ាងគំហុកកាលពីថ្ងៃអង្គារ ខណៈវិធានការរឹត​ត្បិតថ្មីរបស់អាមេរិកលើការនាំចេញ​បន្ទះឈីបទំនើប​មកកាន់តំបន់នេះ បានបង្កជាការគំរាមកំហែងដល់ឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI) ដែលមាន​ទំហំទឹកប្រាក់ជាង ១០០ពាន់លានដុល្លារ ហើយកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចក្នុង​​តំបន់​។ នេះបើ​តាម​សេចក្តីរាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​កាលពីថ្ងៃ​អង្គារ។​

បទប្បញ្ញត្តិថ្មីនេះ ដាក់កម្រិតលើការដឹកជញ្ជូនបន្ទះឈីបទំនើប​ទៅកាន់បណ្តាប្រទេស ដែលមាន​សេដ្ឋកិច្ចធំៗនៅតំបន់ដូចជា ម៉ាឡេស៊ី សិង្ហបុរី និងថៃ ដែលក្រុមហ៊ុនចិនមួយចំនួនបាន​ប្រើ​ប្រាស់ ដើម្បីទទួលបានកម្លាំង​គណនារបស់​ប្រព័ន្ធ​កុំព្យូទ័រ​​សម្រាប់បណ្តុះបណ្តាលគំរូបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន​។

វិធានការ​នេះ ក៏ដាក់ចេញនូវលក្ខខណ្ឌ​ថ្មីៗផងដែរ ទៅលើមជ្ឈមណ្ឌលទិន្នន័យនៅក្រៅប្រ ទេស ដែល​ផ្តល់សមត្ថភាពគណនាដល់ក្រុមហ៊ុននានា ដែលមានទីស្នាក់ការកណ្តាលនៅក្នុង​ប្រទេសចិន។

លោក ណេល សា (Neil Shah) អនុប្រធានក្រុមហ៊ុនស្រាវជ្រាវ Counterpoint បាននិយាយ​ថាក្រុមហ៊ុន​អភិវឌ្ឍបច្ចេក​វិទ្យា AI របស់ចិន មិនអាចគេចវេះពីបម្រាម​លើផ្នែករឹង (hardware) តាម​រយៈការជួលកម្លាំង​គណនា​ប្រព័ន្ធ​​កុំព្យូទ័រដ៏ទំនើបរបស់សហរដ្ឋអាមេរិកពីមជ្ឈមណ្ឌលទិន្នន័យនៅក្រៅប្រទេសបានទៀតនោះទេ។

លោកបានបន្ត​ថា បទប្បញ្ញត្តិនេះ បានផ្លាស់ប្តូរជាមូលដ្ឋាន ពីក្រុមហ៊ុនផលិត​ផ្នែករឹងទៅកាន់អ្នក​ផ្តល់សេវាកម្ម​ប្រព័ន្ធ​ក្លោដ (cloud) និងសហគ្រាសនានា​​។ លោកបានបន្ថែមថា ក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ នឹងត្រូវប្រឈមនឹងតម្រូវការច្រើន​ទាក់ទងនឹងការអនុវត្តនីតិវិធី។

ភាគហ៊ុនរបស់ក្រុមហ៊ុនម៉ាឡេស៊ី​ចំនួន​ពីរ ដែល​ប្រកបអាជីវកម្មផ្នែក​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យ គឺក្រុមហ៊ុន​ MN Holdings  និង Critical Holdings បានធ្លាក់ចុះជិត ២០% ស្រប​ពេល​ ដែលក្រុមហ៊ុន YTL Power ជាដៃគូរបស់ក្រុមហ៊ុន​ Nvidia លើផ្នែកហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) ក៏បានធ្លាក់ចុះជិត១០% ផងដែរ។

លោកស្រី ចារូ ចាណានា (Charu Chanana) ប្រធានផ្នែក​យុទ្ធសាស្ត្រវិនិយោគនៅក្រុមហ៊ុន Saxo នៅ​ប្រទេសសិង្ហបុរី បានលើកឡើងថា ដោយសារ​ប្រតិបត្តិករនៃ​មជ្ឈមណ្ឌលទិន្នន័យនៅក្រៅប្រ​ទេសពឹងផ្អែកលើអតិថិជនចិន ដូច្នេះ​ស្ថានភាពនេះអាចនាំឱ្យអត្រាប្រើប្រាស់ធ្លាក់ចុះ មានការដាក់​សម្ពាធលើតម្លៃ និងការពន្យារពេលក្នុងការពង្រីកប្រតិបត្តិការ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​អភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ចិន ក៏អាចប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើម និងដំណើរការអភិវឌ្ឍ ដែលមានភាពយឺតយ៉ាវជាងមុនផងដែរ។

​ភាគហ៊ុន​របស់​ក្រុមហ៊ុន Frencken របស់សិង្ហបុរី ជាអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតឧប​ករណ៍បន្ទះឈីបរបស់​ហូឡង់​គឺ ASML បានធ្លាក់ចុះ ៣,៩១% ខណៈក្រុមហ៊ុន AEM ដែលធ្វើការលើផ្នែកតេស្ត​ឧបករណ៍អេឡិចត្រូនិកពាក់កណ្តាល​ចម្លង​ និងមានទំនាក់ទំនងការងារជាមួយក្រុមហ៊ុន Intel នោះ បានធ្លាក់ចុះ២,៩%។

ការលក់ចេញភាគហ៊ុនបានរាលដាលដល់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសម្រាប់មជ្ឈមណ្ឌលទិន្នន័យ ក៏ដូចជាក្រុមហ៊ុនបន្ទះ​សៀគ្វីអេឡិចត្រូនិក ប្រព័ន្ធគ្រប់គ្រងកម្ដៅ និងថាមពល នៅទូទាំង​ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និង​តៃវ៉ាន់។

ភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាចិនក៏បានធ្លាក់ចុះផងដែរ ដោយភាគហ៊ុន Alibaba បានធ្លាក់ចុះ ៥% និងភាគហ៊ុនរបស់​ក្រុមហ៊ុន​ Tencent បានធ្លាក់ចុះ៣%។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន SMIC ជាក្រុមហ៊ុនផលិតបន្ទះឈីបតាម​កិច្ច​សន្យា​ឈានមុខគេរបស់ចិន និងជា​តួអង្គសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការប្រើ​ប្រាស់​ជម្រើស​ផលិត​ក្នុង​ស្រុកនោះ បានទទួល​ផលចំណេញពីស្ថានការណ៍នេះ ដោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន​នេះ បានកើនឡើង ៧%។

បទប្បញ្ញត្តិថ្មីនេះ បានកំណត់ប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រេស៊ីល ថា ជាប្រ​ទេស ដែលប្រឈមនឹង​ហានិ​ភ័យ នៃការបញ្ជូនបន្ទះឈីបទំនើ​ប​បន្តទៅកាន់គោលដៅផ្សេងទៀត។ ហេតុនេះ ការនាំចេញបន្ទះឈីបទៅកាន់​ទីផ្សារទាំងនេះ តម្រូវឱ្យមានអាជ្ញាប័ណ្ណនាំចេញពីសហរដ្ឋអាមេរិក។

វិធានការ​នេះធ្វើ​ឡើងតែ​ប៉ុន្មានថ្ងៃ បន្ទាប់ពីលោក ចេនសិន ហ៊ួង នាយកប្រតិបត្តិក្រុមហ៊ុន​ Nvidia បានលាលែង​ពី​តំណែង បន្ទាប់ពីមាន​សេចក្តីរាយ​ការណ៍អំពីទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍​ជាមួយស្ត្រីម្នាក់ ដែល​សង្ស័យ​ថា ជា​ចារកម្មចិន ដែលធ្លាប់ធ្វើការនៅក្រុមហ៊ុន Megaspeed ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។

ទំនាក់ទំនងស្នេហា​នេះបានធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​លើមជ្ឈមណ្ឌលទិន្នន័យ និងឧស្សាហកម្មផលិត​បន្ទះឈីបនៅតំបន់អាស៊ីអាគ្នេយ៍កាលពីសប្តាហ៍មុន ហើយ​វិស័យទាំងនេះក៏បាន​ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការត្រួតពិនិត្យ​កាន់​តែតឹងរ៉ឹង​ផងដែរ​។

បទប្បញ្ញត្តិថ្មីនេះ​មិនរាប់បញ្ចូលក្រុមហ៊ុនអាមេរិក ដែលដំណើរការមជ្ឈមណ្ឌលទិន្នន័យនៅក្នុងតំបន់នេះ​ទេ ដែលថ្នាក់ដឹកនាំ​មួយចំនួនសង្ឃឹមថា វានឹងជួយកាត់បន្ថយផល​ប៉ះពាល់។

តំបន់អាស៊ីអាគ្នេយ៍បានក្លាយ​ជាទីផ្សារមជ្ឈមណ្ឌលទិន្នន័យមួយក្នុងចំណោមទីផ្សារដែលមានកំណើនលឿនបំផុតនៅលើពិភពលោក ដោយទាក់ទាញទុនវិនិយោគរាប់ពាន់​លានដុល្លារ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាធំៗទូទាំងពិភព​លោក​កំពុង​ប្រណាំង​ប្រជែង​គ្នា​ក្នុងការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិត (AI)។

ក្រសួងពាណិជ្ជកម្មរបស់ម៉ាឡេស៊ី​បានអះអាង​ថា ម៉ាឡេស៊ីបានអនុម័តការវិនិយោគ​ពាក់​ព័ន្ធ​​មជ្ឈមណ្ឌលទិន្នន័យ ដែល​មាន​ទឹកប្រាក់​ប្រមាណ​៩៥ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០២១។

គិត​ត្រឹមខែកុម្ភៈ ប្រទេសថៃមានមជ្ឈមណ្ឌលទិន្នន័យចំនួន៤២ ដែលមានសមត្ថភាពផ្ទុកប​ច្ចេកវិទ្យាព័ត៌មាន (IT load) ស្មើនឹង៣៤០០ មេហ្គាវ៉ាត់ (MW) និងមានទំហំវិនិយោគប្រហែល៧៥០ពាន់លានបាត (ស្មើនឹង២៣ពាន់លានដុល្លារ​អាមេរិក)។ រីឯ​ទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់ប្រ​ទេសឥណ្ឌូនេស៊ីមានតម្លៃ ២,៨១ពាន់លានដុល្លារក្នុងឆ្នាំ២០​២៥។

អាជ្ញាធរសិង្ហបុរីបានឱ្យដឹងថា ខ្លួន​កំពុងសិក្សាលម្អិតអំពីវិធានការថ្មីរបស់​អាមេរិកយ៉ាង​យកចិត្តទុកដាក់ និងកំពុង​ធ្វើការជាមួយក្រុមហ៊ុននានា ដែលរងផលប៉ះពាល់ ដើម្បីវាយតម្លៃពីផលប៉ះពាល់នោះ។ ពួកគេក៏កំពុងទាក់​ទង​​ទៅ​កាន់​អាជ្ញាធរអាមេរិកផងដែរ ដើម្បីសាកសួរអំពីវិសាលភាព និងការអនុវត្តវិធានការនេះ៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង