ក្រុមហ៊ុន Nvidia បដិសេធលទ្ធភាពវិលត្រឡប់មកវិញរបស់លោក ហ៊ួង ខណៈយុទ្ធនាការទាមទារឱ្យលោកវិលត្រឡប់មកកាន់តំណែងកំពុងកើនឡើង

ប្រភពចំនួនបីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យ​ទ័រថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia មិនបានពិចារណា​លើការនាំយកលោក ចេសិន​ ហ៊ួង​ (Jensen Huang) ត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិ (CEO) វិញនោះទេ ទោះបីជាមានយុទ្ធនាការទាមទារកាន់តែខ្លាំងឡើង​ឱ្យលោក​ត្រឡប់មកវិញក៏ដោយ។ យុទ្ធនាការនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានលាលែងពីតំណែង ដោយសារបញ្ហាពាក់ព័ន្ធនឹងបុគ្គលិក និងការសង្ស័យ​ថា មាន​ទំនាក់ទំនង​ជា​មួយចារកម្មចិន។

យោង​តាម​សេចក្តី​រាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រកាល​ពីថ្ងៃ​ច័ន្ទ​ថា មនុស្សជាង ១៨០.២០០នាក់បានចុះហត្ថលេខាលើញត្តិមួយ ដើម្បីទាមទារឱ្យលោក ហ៊ួង​ ត្រឡប់មកវិញ ខណៈលោក អេឡិន ម៉ាស់ (Elon Musk) បានប្រកាសគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនេះ ហើយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក៏បានលើកឡើងដែរ​ថា លោកមិនជំទាស់ឡើយប្រសិនបើលោក ហ៊ួង​ ត្រូវបានតែងតាំងឱ្យត្រឡប់មកកាន់​តំ​ណែងជានាយកប្រតិបត្តិ (CEO) វិញនោះ​។

មនុស្សរាប់ពាន់នាក់ ដែលអះអាងថា ខ្លួនជាបុគ្គលិករបស់ក្រុមហ៊ុន Nvidia បានចូលរួមគាំទ្រការអំពាវនាវនេះ ទោះបីជាអ្នកជំនាញផ្នែកអភិបាលកិច្ច និងវិនិយោគិនមួយចំនួនបានព្រមានថា ការនាំរូបគាត់ត្រឡប់មកវិញមុនពេលការស៊ើបអង្កេតត្រូវបានបញ្ចប់ អាចធ្វើឱ្យក្រុមហ៊ុនប្រ​ឈមនឹងហានិភ័យថ្មីៗក៏ដោយ។

ការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មជ្ឈដ្ឋាននានាចំពោះលោក ហ៊ួង​ បានប្រែក្លាយដំណើរ​ការ​នៃការ​ផ្ទេរ​តំណែងថ្នាក់​ដឹកនាំនៅក្នុងក្រុមហ៊ុននេះ ទៅជាវិញ្ញា​សារ​មួយថា តើក្រុមហ៊ុន​ Nvidia អាច​ផ្តាច់ខ្លួនចេញពីស្ថាបនិករបស់ខ្លួនបាន​ដែរឬយ៉ាងណា​? ខណៈ​ស្ថាបនិករូបនេះមានឥទ្ធិពលគ្របដណ្ដប់លើបុគ្គលិក ដែលក្នុងនោះមានមួយចំនួនស្មោះត្រង់​យ៉ាងមុតមាំចំពោះអតីតនាយកប្រតិបត្តិរូបនេះ ក៏ដូចជា​ម្ចាស់ភាគហ៊ុន​ធំៗនៅ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ Silicon Valley ខ្សែ​ច្រវាក់ផ្គត់ផ្គង់ទាំង​នៅតៃវ៉ាន់ និងនៅអាមេរិក​ផងដែរ។

អគារខ្ពស់ជាងគេនៅតៃវ៉ាន់ឈ្មោះ Taipei 101 បានបង្ហោះសារតាមផ្ទាំង​ប៉ាណូ​ថា “តៃវ៉ាន់ស្រឡាញ់ ចេនសិន​” កាល​ពី​ថ្ងៃចន្ទ។ ម្ចាស់ភាគហ៊ុន​ធំៗមួយចំនួន ដូចជាលោក ហ្គាវីន បេឃ័រ (Gavin Baker) មកពី​ក្រុមហ៊ុន Atreides Management និងលោក ប៊្រែដ ហ្គឺស្ន័រ (Brad Gerstner) នាយកប្រតិបត្តិនៃក្រុមហ៊ុន Altimeter Capital Management បានជំរុញឱ្យក្រុមហ៊ុន Nvidia កុំទាន់ប្រញាប់ប្រញាល់ដាក់មនុស្ស​ជំនួសលោក​ ចេនសិន​ រហូតទាល់​តែ​គេ​បាន​ដឹងការ​ពិតទាំងអស់ជាមុនសិន។

ប៉ុន្តែ​បើ​តាម​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នក​ដែល​ដឹងអំពីរឿងនេះ បាន​និយាយ​ថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន​ Nvidia មិនមានគម្រោងនាំយក ចេនសិន​ ត្រឡប់មកវិញនោះទេ​។

ការគាំទ្រចំពោះអតីតនាយកប្រតិបត្តិរូបនេះ ដែលបានសារភាព​ថា ខ្លួនមានទំនាក់ទំនងស្នេ​ហាជាមួយស្ត្រីអ្នកជំនួញ​ជនជាតិចិនម្នាក់ឈ្មោះ អាលីស ហ៊ួង (Alice Huang) បានកើតឡើងក្នុងពេល ដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក កំពុងព្យាយាមវាយ​តម្លៃ​​អំពីទំនាក់ទំនងរបស់ស្ត្រីរូបនោះជាមួយក្រសួងសន្តិសុខជាតិ​របស់ប្រទេសចិន និងថា តើគាត់​អាចបានផ្តល់ព័ត៌មានអ្វីខ្លះដល់ទីក្រុងប៉េកាំង។ នេះបើតាមប្រភពព័ត៌មាន​ពីរនាក់ ដែលដឹងពីបញ្ហានេះ។

ប្រភពមួយចំនួន​បានអះអាង​ថា ភស្តុតាង ដែលប្រមូលបានរហូតមកដល់ពេលនេះ បង្ហាញថា អ្នកស្រី​អាច​ជា​មនុស្ស​​របស់​​ចារកម្ម​ មានន័យ​ថា ជាអ្នក​ ដែលចែករំលែកព័ត៌មាន មិនមែនជាចារកម្មដែលបានទទួលការបណ្តុះបណ្តាលពេញលេញនោះទេ។

ភាពមិនច្បាស់លាស់នេះបានធ្វើឱ្យអ្នកវិនិយោគមានមតិខ្វែងគំនិតគ្នាជុំវិញអនាគតរបស់លោក ហ៊ួង​ ហើយក៏បានបង្កការលំបាកដល់ក្រុមប្រឹក្សាភិបាលក្នុងការស្វែងរកអ្នកស្នងតំ​ណែង​​ផងដែរ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានបិទបញ្ចប់​ក្នុងកម្រិតធ្លាក់ចុះជាង ៤% កាល​ពី​ថ្ងៃចន្ទ មួយថ្ងៃ​មុនពេលក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ គ្រោងនឹងប្រកាសរបាយការណ៍ប្រាក់ចំណូ​លប្រចាំត្រីមាសទី៣។

ចាប់តាំងពី​មាន​ព័ត៌មានអំពីទំនាក់ទំនងជិតស្និទ្ធរបស់លោក ហ៊ួង​ ត្រូវបានលាតត្រដាងមក ក្រុម​ហ៊ុន Nvidia បាន​បាត់​បង់តម្លៃទីផ្សារចំនួន ៨០០ពាន់លាន​ដុល្លារ ហើយសមាមាត្រតម្លៃភាគហ៊ុនធៀបនឹងប្រាក់ចំណេញបានធ្លាក់​ចុះមកនៅត្រឹម ១១,៥៤ ពីកម្រិត ១៥,៥៩ ជាតួលេខទាបជាងកម្រិតមធ្យម ២០,៨ នៃសន្ទស្សន៍ភាគហ៊ុន​ Nasdaq Composite។

យុទ្ធនាការដែល​គេដាក់ឈ្មោះថា​ គាំទ្រ​លោក ចេនសិន​ “Stand With Jensen”​ មាន​ឈ្មោះលោក អេឡុន ម៉ាស់ នាយក​ប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla រួមទាំងលោក

អាំចាដ ម៉ាសាដ (Amjad Masad) នាយកប្រតិបត្តិក្រុមហ៊ុន Replit និងលោក ធីម ស្វីននី (Tim Sweeney) នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន Epic Games នៅក្នុងបញ្ជីអ្នកចុះហត្ថលេខាគាំទ្រដែរ​។

គេហទំព័រនៃយុទ្ធនាការនេះបានបង្ហាញថា មានហត្ថលេខីជាង ៨.៨០០ នាក់បានបញ្ជាក់ថាពួកគេ បច្ចុប្បន្ន គឺ​ជាបុគ្គលិករបស់ក្រុមហ៊ុន Nvidia និងជាង ៩៤.០០០ នាក់ទៀតជាម្ចាស់ភាគហ៊ុន​។ ទោះជាយ៉ាងណាក៏ដោយ គេហទំព័រនោះបានព្រមានថា ព័ត៌មានអំពីទំនាក់ទំ​នង​ការ​ងារ​​ទាំងនេះ គឺផ្អែកលើការអះអាងដោយផ្ទាល់ពីបុគ្គលទាំងនោះ ហើយមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ដោយភាគីឯករាជ្យណាមួយនៅឡើយទេ។

លោក ហ៊ួង​ បាន​ចុះ​ចេញ​ពី​តំ​ណែង​កាល​ពី​ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការជាប់ពាក់ព័ន្ធក្នុងទំនាក់ទំនងស្នេហាជាមួយបុគ្គលិក ក្នុងនោះរួមមានបុគ្គលិកម្នាក់ ដែលស្ថិត​នៅ​ក្រោមការគ្រប់គ្រងផ្ទាល់របស់លោក​​។ ហេតុការណ៍នេះបានធ្វើឱ្យក្រុមហ៊ុនផលិត​បន្ទះឈីប​សម្រាប់​បញ្ញាសិប្បនិម្មិត (AI) ដ៏ធំ​មួយនេះ ធ្លាក់ចូលក្នុង​វិបត្តិ ហើយបានបង្កជាការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្ម ដែលលោកធ្លាប់បានជួយផ្តល់ទុនគាំទ្រ។

រដ្ឋបាលរបស់លោក ត្រាំ បានឱ្យ​ដឹង​កាលពីថ្ងៃចន្ទថា ខ្លួននឹងដាក់កម្រិតបន្ថែមទៀតលើលទ្ធភាពរបស់ប្រទេស​ចិន ក្នុង​ការទទួលបានបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ ដោយបង្កើនការត្រួតពិនិត្យតឹងរ៉ឹង​ ខណៈប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើដំណើរទៅកាន់ប្រ​ទេសចិន ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី ស៊ី ជីន​ពីង។

ទោះបីជា​យ៉ាងណា វិនិយោគិនមួយរូប ដែលកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានលើកឡើងក្នុងលក្ខខណ្ឌមិន​បញ្ចេញ​ឈ្មោះថា ខ្លួនមានការប្រុងប្រយ័ត្នចំពោះការវិលត្រឡប់របស់លោក ហ៊ួង​ មកកាន់ Nvidia វិញ។ វិនិយោគិន​រូបនេះ បានបន្ថែមថា ក្រុមហ៊ុនធំៗផ្សេងទៀត ដូចជា Apple និង Microsoft សុទ្ធតែទទួលបានជោគជ័យយ៉ាង​ខ្លាំង បន្ទាប់ពីនាយកប្រតិបត្តិ (CEO) ដែលមានចក្ខុវិស័យវែងឆ្ងាយរបស់ពួកគេបានចាកចេញទៅ៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក​ អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង