លោក ចេនសិន ហ៊ួង ពិភាក្សាជាមួយមនុស្ស ដែលស្និតនឹងលោកអំពីការវិលត្រឡប់មកកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia

លោក ចេនសិន ហ៊ួង (Jensen Huang) កំពុងពិចារណាត្រឡប់មកកាន់តំណែងជានាយកប្រតិ​បត្តិ​​របស់ក្រុមហ៊ុន Nvidia វិញ ខណៈមនុស្ស​ស្និ​ទ្ធ​នឹងលោកមួយចំនួននៅមជ្ឈមណ្ដល​បច្ចេកវិទ្យា​​ និង​នវានុវត្ត​ន៍​ Silicon Valley កំពុងដាក់សម្ពាធលើក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះ ឱ្យ​តែងតាំងលោក​ ហ៊ួង ត្រឡប់មកកាន់តំណែងវិញ។ ព័ត៌​មាន​​នេះ​កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានលាលែងពីតំណែង ក្រោយមានសេចក្តីរាយការណ៍​ថា លោក​មាន​​ទំ​នាក់​ទំនង​ស្នេហាជា​មួយ​ស្ត្រី​ម្នាក់ ដែលគេសង្ស័យថា ជាចារកម្មចិន និងជាមួយបុគ្គលិកក្រោម​​ឱវាទម្នាក់ទៀត។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន Financial Times កាល​ពី​ថ្ងៃអាទិត្យ។​

យោងតាមប្រភពជាច្រើនដែលដឹងពីបញ្ហានេះបានឱ្យដឹងថា លោក ហ៊ួង​ បានពិភាក្សាជាមួយ​មនុស្ស​ ដែល​ស្និទ្ធ​នឹង​​​លោក​​អំពីលទ្ធភាព នៃការវិលត្រឡប់មកវិញ ខណៈក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Nvidia កំពុងធ្វើការស៊ើបអង្កេត​ដោយឯករាជ្យទៅលើសកម្មភាពនានា ដែលបាន​បង្ក​ឱ្យមានវិបត្តិជុំវិញ​ភាពជាអ្នកដឹកនាំដ៏ធ្ងន់ធ្ងរនៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីប ដែលមានតម្លៃ ៤ ទ្រី​លានដុល្លារនេះ នៅ​សប្តាហ៍នេះ។

មនុស្ស​ម្នាក់ ដែល​ស្និទ្ធ​នឹង​លោក ហ៊ួង​ បានប្រាប់កាសែត Financial Times ថា ពួកគេកំពុងរៀប​ចំបង្កើតក្រុមការ​ងារ​ពិសេស ដែលរួមមានថ្នាក់ដឹកនាំមកពីមជ្ឈមណ្ឌល​បច្ចេកវិទ្យា​និង​នវានុវត្តន៍​ Silicon Valley ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​អតីត​ប្រធានក្រុមហ៊ុន Nvidia រូបនេះ បាន​វិលត្រឡប់មកវិញ ហើយពួកគេក៏នឹងព្យាយាមស្វែងរកការគាំទ្រ​ពី​សេតវិមាន​ផង​ដែរ។

ប្រភព​ដដែល​និយាយថា អ្នកដែលមានឥទ្ធិពលទាំងអស់នៅក្នុងវិស័យបច្ចេកវិទ្យា ជា​ពិសេស​អ្នក​ ដែល​មិន​ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​នាំមុខ​គេ​ សុទ្ធតែពេញចិត្តចំពោះលោក ចេនសិន​ ហ៊ួង ។ ពួកគេបានបន្ថែមថា កិច្ចខិត​ខំ​ប្រឹង​ប្រែង​ទាំងនោះទទួលបានការគាំទ្រពីលោក ហ៊ួង ផង​ដែរ។

យុទ្ធនាការសាធារណៈមួយ ដើម្បីនាំយកអតីត​នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia ត្រឡប់មកកាន់តំណែងវិញ បានទទួលការគាំទ្រកាន់តែខ្លាំងឡើង អំឡុងចុងសប្តាហ៍កន្លងទៅនេះ។ លោក អេឡុន ម៉ាស់ (Elon Musk) នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX ព្រមទាំងលោក ធីម ស្វីនី (Tim Sweeney) នាយកប្រតិបត្តិក្រុមហ៊ុន Epic Games ស្ថិតក្នុង​ចំណោមថ្នា​ក់​​ដឹកនាំមួយចំនួន ដែលបានចូលរួមគាំទ្រលិខិតចំហមួយ ដោយទាមទារឱ្យក្រុមប្រឹក្សា​ភិបាល​របស់ក្រុមហ៊ុននេះ នាំយកលោក ចេនសិន​ ត្រឡប់មកវិញ។

លោក ហ៊ួង​ នៅតែទទួលបានភក្តីភាព​យ៉ាងមុតមាំពីបុគ្គលិកមួយចំនួន ដែលក្នុងនោះមាន​បុគ្គ​លិក​មួយចំនួនបានចេញមុខជាសាធារណៈ ដើម្បីអំពាវនាវឱ្យលោក​ត្រឡប់មកវិញ ក្រោយពីលោក​​បានលាលែងពីតំណែង ហើយពួកគេក៏បានចុះហត្ថលេខាលើលិខិតចំហមួយផងដែរ។

កិច្ចខិតខំប្រឹងប្រែង ដើម្បីនាំយកនាយកប្រតិបត្តិ (CEO) រូបនេះ ត្រឡប់មកកាន់តំណែងវិញ ទំ​នងជានឹងមាន​ការ​ជំទាស់​ពីអ្នករៀប​ចំ​គោលនយោបាយសំខាន់ៗនៅទីក្រុងវ៉ាស៊ីនតោន។ ជាក់​ស្តែង កាល​ពី​ថ្ងៃអាទិត្យ លោក ស្កុត បេស​សិន​ (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារ បានអំពាវនាវឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំស៊ីជម្រៅ​ នៅ​ក្នុង​ក្រុមហ៊ុននេះ បន្ទាប់ពីការចាកចេញរបស់លោក ហ៊ួង​។

លោក ហ៊ួង​ មិនមានភាគហ៊ុនគ្រប់គ្រងដូចស្ថាបនិក ដែលជា​នាយកប្រតិបត្តិ (CEO) ផ្សេងទៀត ហេតុនេះ​ លោក​មិនអាចលុបចោលការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលបាននោះទេ​។ លោក​កំពុងប្រឈមមុខនឹងក្រុមប្រឹក្សា​ភិបាល និងក្រុមថ្នាក់ដឹកនាំ ដែលបច្ចុប្បន្នដឹកនាំដោយនាយកប្រតិបត្តិស្តីទី គឺលោកស្រី ខូឡិត ក្រេស (Colette Kress) ដែល​កំ​ពុង​ព្យាយាមរក្សាស្ថិរភាពក្រុមហ៊ុន មុនពេលការប្រកាសលទ្ធផលប្រចាំត្រីមាសនៅថ្ងៃអង្គារ។

ទំនាក់ទំនងស្នេហារវាងលោក ហ៊ួង​ ជាមួយ​នឹង​អ្នកស្រី អាលីស ហ៊ួង (Alice Huang) ដែលជាថ្នាក់​ដឹកនាំម្នាក់នៅក្រុមហ៊ុនម៉េហ្គាស្ពីដ​ (Megaspeed) មានមូលដ្ឋាននៅប្រទេសសិង្ហបុរី បាននាំ​ឱ្យមានការត្រួតពិនិត្យកាន់តែដិតដល់ទៅលើវិធានការអនុលោមភាពរបស់ក្រុមហ៊ុន Nvidia ក្នុងពេលលក់បន្ទះឈីប AI ទៅឱ្យអតិថិជននៅអាស៊ី ដែលអាចមានទំនាក់ទំនងជាមួយប្រ​ទេស​ចិន។

សូម្បីតែមនុស្ស​ស្និទ្ធ​នឹង​លោក​ក៏មិនច្បាស់ដែរថា តើត្រូវស្តារកេរ្តិ៍ឈ្មោះរបស់លោក ហ៊ួង​ ឡើងវិញ​ដោយរបៀបណា។ មនុស្ស​​ម្នាក់ ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យលោក ហ៊ួង​ ត្រ​ឡប់មកកាន់តំណែងវិញ បានទទួលស្គាល់​ថា ការ​មានទំនាក់ទំនងស្នេហាជាមួយអ្នកក្រោមបង្គាប់ គឺជាកំហុស ដែលត្រូវ​បណ្តេញចេញពីការងារ។

កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia បានទាក់​ទង​លោក រ៉េណេ ហាស (Rene Haas) នាយកប្រតិបត្តិក្រុមហ៊ុន Arm ដើម្បី​ពិចារណាឱ្យលោក​ធ្វើ​ជាអ្នកស្នងតំណែង។ ប៉ុន្តែ​ក្រុមប្រឹក្សាភិបាលរបស់ Nvidia បានបញ្ជាក់ថា មិនទាន់មានដំណើរការជាផ្លូវការណាមួយត្រូវបានចាប់​ផ្តើម​នៅឡើយទេ។

លោក ប៊្រែដ ហ្គឺ​ស្ន័រ (Brad Gerstner) ស្ថាបនិកក្រុមហ៊ុន Altimeter Capital និងលោក ហ្គាវីន បេឃ័រ (Gavin Baker) ប្រធានក្រុមហ៊ុន Atreides Management ដែលសុទ្ធតែជាម្ចាស់ភាគហ៊ុននៅ​ក្នុ​ង​ក្រុមហ៊ុន Nvidia បានចេញ​លិខិតចំហមួយទៅកាន់ក្រុមប្រឹក្សាភិបាលកាលពីថ្ងៃសុក្រ ដោយជំរុញឱ្យពួកគេពិចារណាលើជម្រើសទាំងអស់ ដែល​មាន រួមទាំងលទ្ធភាពនៃការវិលត្រឡប់មកវិញរបស់លោក ចេនសិន ហ៊ួង​ ផងដែរ​។

លោក​ទាំងពីរ ដែលសុទ្ធតែជាវិនិយោគិនធំៗនៅក្នុងក្រុមហ៊ុននេះ បានលើកឡើងពីភាពជោគ​ជ័យធំធេង​នៃការ​ដឹក​នាំ​របស់​លោក ចេនសិន ហ៊ួង​ រយៈពេលយូរមកហើយ​ និង​​លើក​ឡើង​​ពី​ភាពមិនច្បាស់លាស់ជុំវិញព្រឹត្តិការណ៍ថ្មី ដែល​ឈានដល់​ការចាកចេញរបស់លោកថា ជាហេតុ​ផលសម្រាប់ការអនុគ្រោះ។

អ្នកនាំពាក្យក្រុមហ៊ុន​ Nvidia និងអ្នកនាំពាក្យរបស់លោក​ ហ៊ួង​ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក​ អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង