លោក ត្រាំ អះអាងថា ឱកាសនៃការវាយប្រហារលើអ៊ីរ៉ង់ជាថ្មី គឺមានកម្រិតទាបបំផុត ប្រសិនបើការចរចាបង្ហាញពីវឌ្ឍនភាព

ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអាទិត្យថា មាន​ឱកាស​តិច​តួច​ណាស់​ ដែលលោកនឹងត្រូវបញ្ជាឱ្យអាមេរិកត្រឡប់ទៅធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់វិញ ដរាបណានៅមាន​វឌ្ឍនភាព​ក្នុងការចរចាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេ​រ៉ង់ និងការបើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ។ លោកបានបញ្ជាក់ចំណុចនេះចំនួន៥ដង អំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CNN។ នេះបើ​តាម​សេចក្តី​រាយ​ការណ៍​របស់​បណ្តាញ​​ព័ត៌​​មាន​ CNN នៅថ្ងៃ​ចន្ទ​នេះ។​

អំឡុងពេលសម្ភាសន៍តាមទូរស័ព្ទរយៈពេល២០នាទី លោក ត្រាំ បាននិយាយ​ថា វាអាស្រ័យទៅ​លើថា តើពួកគេនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរឹងមាំមួយឬយ៉ាងណា​។ លោកបន្តថា អ៊ីរ៉ង់​​ក្លា​យ​ជា​ប្រទេស​បរាជ័យ​រួច​ហើយ​ ដូច្នេះ​ឱកាស​ដែលត្រូ​វ​វាយ​ប្រហារ​ គឺមាន​តិច​តួច​បំផុត​។​

រយៈពេល៨ខែ បន្ទាប់​ពីសង្គ្រាមបានផ្ទុះឡើង ភាគីទាំងពីរបានធ្លាក់ចូលក្នុងស្ថានភាពជាប់គាំង ស្របពេល​មានសកម្មភាពយោធាតិចតួចនិង​គ្មាន​វឌ្ឍនភាពផ្នែកការទូត​ណាមួយ​គួរ​ឱ្យ​កត់សម្គាល់​នោះទេ​​ ខណៈនាវាដឹកប្រេង ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស នៅតែ​រងការវាយប្រហារពីសំ​ណាក់ប្រទេសអ៊ីរ៉ង់។

ប្រទេសទាំងពីរ និងមន្ត្រីមកពីប្រទេសកាតា ដែលបានដើរតួជាអ្នកសម្របសម្រួលកិច្ចចរចានេះ បានរក្សាភាពស្ងៀមស្ងាត់អំពីស្ថានភាពនៃកិច្ចចរចារទាំងនេះ​។

ប៉ុន្តែក្រុមអ្នកប្រកាន់ជំហររឹងរូសនៅអ៊ីរ៉ង់ បានយកលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក​កាល​ពីសប្តាហ៍មុន ដែលមួយ​ផ្នែកមិនទទួលបានការគាំទ្រដោយសារតែបញ្ហា​សង្គ្រាម​ជាមួយអ៊ីរ៉ង់​នោះ​ មកអះអាង​ថា ជាសញ្ញាបង្ហាញពីភាពទន់ខ្សោយនៃរដ្ឋបាលរបស់លោក ត្រាំ ទៅវិញ​។ ពួកគេយល់ថា ក្នុងស្ថានភាពបែបនេះ លោក ត្រាំ ទំនងជានឹងងាយយល់ព្រមតាមការទាមទាររបស់អ៊ីរ៉ង់ ដែលចង់បន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយ​អះ​​អាង​​ថា ខ្លួន​ត្រូវការ​កម្មវិធី​នុយក្លេអ៊ែរ​សម្រាប់វិស័យ​ថាមពល និងចង់រក្សាការគ្រប់គ្រងលើច្រកសមុទ្រផងដែរ​​។

អ៊ីរ៉ង់​ក៏ជួបការលំបាកក្នុងការលក់ប្រេងឆៅនៅលើទីផ្សារអន្តរជាតិ ក្រោមឥទ្ធិពលនៃការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ខណៈទ្រព្យសម្បត្តិ ដែលមានតម្លៃរាប់ពាន់លានដុល្លារនៅតាម​ធនាគារបរទេស ត្រូវបានបង្កក។

ទន្ទឹមនឹងនេះ យោធាអាមេរិកបានចាប់ផ្តើមផ្តល់រង្វាន់រហូតដល់២០លានដុល្លារ សម្រាប់ព័ត៌​មាន​ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបានបង្កើតក្រុមការងារមួយ ដែលមានគោល​បំណងរារាំងទីក្រុងតេហេ​រ៉ង់ មិនឱ្យប្រើ​ប្រាស់ផ្លូវគោកសម្រាប់ការដឹកជញ្ជូនអាវុធទំនើបៗ និងសម្ភារៈផ្សេងៗទៀត។ នេះគឺជាសញ្ញាបង្ហាញថា ទីក្រុងវ៉ាស៊ីន​តោន​កំពុងបង្កើនសម្ពាធបន្ថែមទៀត ជាជាងការបន្ធូរបន្ថយសម្ពាធនោះ។

លោក ត្រាំ ដែលកន្លងមកធ្លាប់បានបង្ហាញជំហរមិនច្បាស់លាស់ទាក់ទងនឹងឆន្ទៈរបស់លោកក្នុងការបញ្ចប់សង្គ្រាម បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងបទសម្ភាសន៍មួយថា កងកម្លាំងសហរដ្ឋអាមេរិកកំពុងឈរជើងនៅតំបន់នោះ ដើម្បីរង់ចាំទទួលបញ្ជាវាយប្រហារពីលោក​។ លោកបាននិយាយថា អាមេរិក​ត្រៀមខ្លួនរួចរាល់ហើយ។ នាវាផ្ទុកយន្ត​ហោះចំនួន៣គ្រឿងនៅ​ទីនោះ​ហើយ​សុទ្ធតែបានត្រៀមខ្លួនរួចរាល់ពេញលេញសម្រាប់ការប្រយុទ្ធ។

ប្រធានាធិបតីអាមេរិក​រូប​នេះក៏បានអះអាង​ផង​ដែរថា សហរដ្ឋអាមេរិកបានកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅប្រទេសអ៊ីរ៉ង់ ដែល​ត្រូវ​វាយ​ប្រហារ​ ក្នុងករណី ដែលមានសកម្ម​ភាពយោធាកើតឡើងជាថ្មី ដែលក្នុងនោះ​​រួមមានរោងចក្រផលិតថាមពលអគ្គិសនី និងស្ពាន​នានា។ លោកបានថ្លែងថា កងទ័ព​បានកំណត់ស្ពានចំនួន ៣៨​កន្លែង ដែលអាចកម្ទេចចោលក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា លោកមិនចង់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់នោះទេ​ ព្រោះវាត្រូវចំណាយពេលដល់ទៅ១០ឆ្នាំឯណោះ ដើម្បីសាងសង់ឡើងវិញ​។

គួរបញ្ជាក់ថា សកម្មភាពការទូតនៅទូទាំងតំបន់មជ្ឈិមបូព៌ាហាក់​ដូច​ជា​កើនឡើង ចាប់តាំងពីការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារ។

មុនពេលចេញដំណើរនៅថ្ងៃអាទិត្យ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅទីក្រុងប៉ារីស រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាក្រូ រូប៊ីអូ (Marco Rubio) បានថ្លែងថា ដំ​ណោះស្រាយនៅក្នុងកិច្ចចរចា​ហាក់ដូចជាមិនទាន់អាចសម្រេចបានក្នុងពេលឆាប់​ៗ​នេះទេ។

ពាក់ព័ន្ធនឹងសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការការពារខ្លួនប្រឆាំងនឹងការវាយប្រហារថ្មីៗពីសំណាក់អាមេរិកនោះ​ លោក ត្រាំ បានលើកឡើងថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ត្រូវបានបំផ្លា​ញអស់ហើយ។ លោកបាននិយាយថា អ៊ីរ៉ង់​មិនអាចទប់ស្កាត់បានទេ ព្រោះពួកគេគ្មានឧបករ​ណ៍សម្រាប់ប្រឆាំងនឹងយន្តហោះឡើយ។ ឧបករណ៍ប្រឆាំងយន្ត​ហោះ​ទាំង​អស់​របស់​អ៊ីរ៉ង់​ ត្រូវបានបំផ្លាញអស់ហើយ។

ប្រធានាធិបតីក៏បានផ្តល់ព័ត៌មានលម្អិតថ្មីៗអំពីស្ថានភាពនៃស្តុកមីស៊ីល និងដ្រូន​របស់អ៊ីរ៉ង់ ដោយអះអាង​ថា របប​នេះ​នៅរក្សាទុកសមត្ថភាពមីស៊ីលចំនួន១០% និងសមត្ថភាពដ្រូន​ចំនួន ១៥% ដោយសារតែរោង​ចក្រភាគ​ច្រើន​​របស់អ៊ីរ៉ង់ត្រូ​វបាន​កម្ទេច​អស់ហើយ ដោយ​លោក​បញ្ជាក់​ជា​ថ្មីថា ឱកាសនៃការ​ចាត់វិធានការ​យោធា​ហាក់ដូច​ជា​មិន​ចាំបាច់​ទេ៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី 

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង