សេតវិមានបដិសេធព័ត៌មានថា លោក ហេកសិត និងលោក រូប៊ីអូ នឹងចាកចេញពីតំណែង បន្ទាប់ពីគណបក្សសាធារណរដ្ឋបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ

សេតវិមានបានបដិសេធពាក្យចចាមអារ៉ាមដែលថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភីត ហេកសិត​ (Pete Hegseth) និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ម៉ាក្រូ​ រូប៊ីអូ​ (Marco Rubio) អាចនឹង​ចាកចេញពីតំណែងរបស់ខ្លួន នៅក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ នៃរដ្ឋបាលរបស់​លោក ដូណាល់ ត្រាំ​ ក្រោយការបោះឆ្នោតពាក់កណ្តាល​អាណត្តិ​។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន BBC កាល​ពី​ថ្ងៃ​សុក្រ​។​

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា មានការអំពាវនាវឱ្យដាក់​ជំនួសលោក ហេកសិត​ ជាពិសេសពាក់ព័ន្ធនឹងរបៀប ដែលលោកដោះស្រាយបញ្ហា​សង្គ្រាមជាមួយអ៊ីរ៉ង់ ដែលត្រូវបានគេចាត់ទុកថា ជាមូលហេតុនាំឱ្យគណបក្ស​​សាធារណរដ្ឋ​ទទួលបរា​ជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោត។

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋម្នាក់ ដែលនឹងត្រូវ​ចាកចេញពីតំណែង បានគំរាមជំរុញឱ្យមានការបោះ​ឆ្នោត​ដក​តំណែង​ លោក ហេក​សិត​ ដែលអាចនឹងកើតឡើងនៅដើមសប្តាហ៍​ក្រោយ។

លោក ភីត ហេកសិត រដ្ឋមន្ត្រីក្រសួងការពារជាតិបានបង្ហោះវីដេអូមួយ ដើម្បីការពារប្រវត្តិការ​ងាររបស់លោក ព្រមទាំង​ថ្កោលទោសចំពោះកិច្ច​ប្រឹង​ប្រែង​ធ្វើ​បែប​នេះ​។

ស្របពេល​ជាមួយ​គ្នា​នេះដែរ​ លោក រូប៊ីអូ​ បានបដិសេធសេចក្តីរាយការណ៍ ដែលថា លោក​កំ​ពុង​ពិចារណាចាកចេញ​ពី​តំណែង​របស់​លោក​ មុនពេល​ដំណើរ​ការ​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២៨។

លោក រូប៊ីអូ​ បានប្រាប់កាសែត The New York Times នៅក្នុងបទសម្ភាសន៍មួយថា លោក​នឹង​ធ្វើការឱ្យលោក ដូណាល់​ ត្រាំ​ រហូតដល់ចប់អាណត្តិរបស់លោក​ ហើយ​ថា វា​​នៅ​តែ​ជាផែនការរបស់​លោក​ដដែល​។

លោក រូប៊ីអូ បាននិយាយថា លោក​ស្រឡាញ់ការងារ ដែលលោក​កំពុងធ្វើ​ ហើយ​លោក​តែង​តែ​អស់សំណើច​នៅពេលគេនិយាយថា លោក​នឹងចាកចេញពីការងារនោះ​​។

សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានច្រានចោលសេចក្តីរាយការណ៍ដែលថា លោក រូប៊ីអូ​ អាចនឹងចាកចេញពីតំណែង បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសប្តាហ៍នេះ ដោយភាគីទាំងពីរបានចាត់ទុកព័ត៌មាននេះថា ជាព័ត៌មានក្លែងក្លាយ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិ កំពុងប្រឈមមុខនឹងអនាគតនយោបាយដែល​មិន​សូវ​ច្បាស់​លា​​ស់​។

លោក ត្រាំ និងអនុប្រធានាធិបតី ជេឌី វ៉ានស៍ (JD Vance) បានបន្ទោស​ដូចគ្នា​ថា សង្គ្រាមនៅអ៊ីរ៉ង់ គឺជាមូលហេតុ ដែលធ្វើឱ្យគណបក្សសាធារណរដ្ឋបរាជ័យ ដែលជាហេតុ​នាំ​ឱ្យគណបក្សប្រជា​​ធិបតេយ្យទទួលបានសិទ្ធិគ្រប់គ្រងទាំងស្រុងលើសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាសហរដ្ឋអាមេរិក។

នៅក្នុងបទសម្ភាសន៍តាមទូរសព្ទជាមួយបណ្តាញព័ត៌មាន​ ABC News លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានទទួលការហៅទូរសព្ទដែលសួរនាំ​ពាក់ព័ន្ធនឹងលោក ហេកសិត ប៉ុន្តែបានបន្ថែមថា លោក​មាន​បំណងយ៉ាងមុត​មាំ​ក្នុង​ការ​រក្សា​ទុក​លោក​ ហេកសិត​។

កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា លោក ភីត ហេក​សិត បានបំពេញ​ការងារយ៉ាងល្អប្រសើរ ហើយបានបន្តរៀបរាប់ពីសមិទ្ធផល​មួយចំនួន ដែលលោក​មើលឃើញថា ជាស្នាដៃរបស់លោក ហេកសិត​ រួមមានការ​ចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ​ (Nicolás Maduro) កាល​ពីខែមករា និងសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលបច្ចុប្បន្នបានអូសបន្លាយចូលដល់ខែទី៩។

កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ​ ប្រហែលជាកំពុងពិចារណាលើការបណ្តេញឧត្តមសេនីយ៍ ឌែន ខេន (Dan Caine) ដែលជាប្រធានអគ្គសេនាធិការចម្រុះ។ លោក​​ទាំង​ពីរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់កា​រ​ណែនាំអំពីសង្គ្រាម ដែលបានចាប់ផ្តើមកាលពី៨ខែមុន។

ទន្ទឹមនឹងនេះ លោក ថូម៉ាស ម៉ាស៊ី (Thomas Massie) សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលតែង​តែ​រិះ​គន់​លោក ត្រាំ​ នោះ បាននិយាយថា លោកនឹងបន្តដំ​ណើរការផែនការ ដើម្បីជំរុញឱ្យមានការចោទប្រកាន់និង​ទម្លាក់​លោក ហេកសិត​ ចេញពីតំណែង។

លោក ថូម៉ាស បានប្រាប់គេហទំព័រព័ត៌មាន Politico ថា លោកនឹងដាក់សំណើ ដើម្បីចោទប្រកាន់រដ្ឋមន្ត្រីក្រសួងការ​ពារ​ជាតិ​រូបនេះ នៅដើមសប្តាហ៍ក្រោយ។

លោក ថូម៉ាស ​បានព្រមានថា លោកប្រធានាធិបតីគួរតែផ្លាស់ប្តូរលោក ហេកសិត​ ចេញ មុនពេលសភាថ្មី ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យចាប់ផ្តើមការ​ងារ​នៅខែ​មករា។

មានពាក្យចចាមអារ៉ាមថា ហេកសិត​ មានចំណាប់អារម្មណ៍ក្នុងការឈរឈ្មោះសម្រាប់អាសនៈព្រឹទ្ធសភា ដែលនៅ​ទំនេរ​មួយ​កន្លែង​នៅរដ្ឋថេ​នណេសស៊ី​ (Tennessee)។

នៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូ លោក ហេកសិត​ បានថ្កោលទោសចំពោះកិច្ចខិត​ខំប្រឹងប្រែងណាមួយ បង្កើត​​រឿងចោទប្រកាន់​ប្រឆាំងនឹងរូបលោក​ ហើយ​ថា កិច្ច​ប្រឹងប្រែង​នេះ ផ្តួចផ្តើម​ឡើងដោយសមាជិកសភាម្នាក់ ដែល​​បរា​ជ័យ និងមាន​ការ​អាក់អន់​ចិត្ត រួមជាមួយសម្ព័ន្ធមិត្តមួយចំនួន​មក​ពីគណបក្សប្រជាធិបតេយ្យ​។

ជាងនេះទៅទៀត​ លោក ហេកសិត ក៏បានរៀបរាប់ពីចំណុចនានា ដែលក្រសួងរបស់​លោក​បានអនុវត្ត ដើម្បីសម្រេច​បាននូវរបៀបវារៈ “អាមេរិកជាចម្បង” របស់លោក ត្រាំ ក្រោមការដឹកនាំរបស់​​លោក​។​

លោក​បាននិយាយថា សមិទ្ធផល​ទាំង​នេះ រួមមាន​ការស្តារឡើងវិញនូវការជ្រើសរើសកងទ័ព ការកសាងមូលដ្ឋានឧស្សាហកម្មការពារជាតិ និងការលុបបំបាត់រាល់គំនិតផ្តួចផ្តើម ដែលផ្តោតលើភាពចម្រុះ។

ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​គណបក្សប្រជាធិបតេយ្យវិញ​ លោកបាននិយាយថា គោលនយោ​បាយរបស់ពួកគេមិនមាន​ប្រសិទ្ធ​ភាព​ទេ។ ដូច្នេះ ការដែលពួកគេងប់ងុលនឹងល្ខោននយោ​បាយ បាន​ជំរុញឱ្យពួកគេព្យាយាមបំផ្លាញគូប្រជែង​របស់​ខ្លួន។ លោក​បន្តថា វា​គឺជារឿង​នយោ​បាយ ដែលផ្តោតលើការបំផ្លាញបុគ្គលតែប៉ុណ្ណោះ៕​

ប្រែសម្រួល​អត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង