សហរដ្ឋអាមេរិក និងកាណាដា ចង់ឱ្យមានបទឈប់បាញ់ក្នុងកម្រិតកំណត់ណាមួយនៅតំបន់សមុទ្រខ្មៅ

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានថ្លែងកាលពីថ្ងៃសៅរ៍​ថា សហ​គមន៍អន្តរជាតិកំពុងបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំងឡើង ក្នុងការជួយសម្របសម្រួ​លឱ្យ​មានបទឈប់បាញ់ក្នុងកម្រិតកំណត់​​ណា​មួយ នៅតំបន់សមុទ្រខ្មៅ ដើម្បីធានាថា​ ការដឹក​ជញ្ជូនថាមពល និងគ្រាប់ធញ្ញជាតិពីសំណាក់ប្រទេស​រុស្ស៊ី និងអ៊ុយក្រែន អាចប្រ​ព្រឹត្តទៅបានដោយគ្មានការរារាំង។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារព័ត៌​មាន​​រ៉យ​ទ័រ ​​កាល​​ពីថ្ងៃអាទិត្យ​។​

លោក រូប៊ីអូ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិកកំពុងពិនិត្យមើលសំ​ណើរបស់ប្រទេសតួគី និងប្រទេសឥណ្ឌា ដើម្បីសម្រួលដល់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ខណៈសហរដ្ឋអាមេរិកនៅតែបន្តជំរុញឱ្យមានដំណោះ​ស្រាយតាមរយៈការចរចាសម្រាប់ជម្លោះសង្គ្រាមនេះ ដែលបច្ចុប្បន្នបានអូសបន្លាយចូលដល់ឆ្នាំទី៥ហើយ។

ការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីទៅលើអ៊ុយក្រែន បានក្លាយជាប្រធានបទសំខាន់នៅក្នុងកិច្ច​​ប្រជុំរយៈពេលពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសG20 ដោយមួយផ្នែក​ គឺដោយ​​សារតែវត្តមានរបស់រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក សឺហ្គេ ឡារ៉ូវ (Sergei Lavrov) នៅក្នុង​កិច្ច​ប្រជុំ​នោះ​។ មេដឹកនាំអឺរ៉ុប និងកាណាដា បាន​ជំទាស់នឹង​វត្តមាន​​របស់លោក ឡារ៉ូវ​ ដោយពួកគេលើកឡើងថា ការអនុញ្ញាតឱ្យលោក ឡារ៉ូវ ចូលរួម គឺស្មើនឹងការធ្វើឱ្យសកម្មភាពឈ្លាន​​ពាន​របស់រុស្ស៊ីក្លាយជារឿងធម្មតាទៅវិញ។

កិច្ចប្រជុំនេះ បានបញ្ចប់ទៅដោយគ្មានសេចក្តីថ្លែងការណ៍រួម ឬកិច្ចព្រមព្រៀងណាមួយលើបញ្ហាជាច្រើន ដែលបណ្តាប្រទេសសេដ្ឋកិច្ចធំៗបំផុតរបស់ពិភពលោកកំពុង​ប្រឈមនោះ​​។

លោក រូប៊ីអូ បាននិយាយការពារការអញ្ជើញ ឡារ៉ូវ ដោយនិយាយថា វានឹងមិនអាចទៅរួចទេ ក្នុង​ការបញ្ចប់សង្រ្គាមការទូត ដោយមិននិយាយជាមួយរុស្ស៊ី ប៉ុន្តែទទួលស្គាល់ថា កិច្ចព្រម​ព្រៀងបែបនេះ មិនកើត​ឡើង​ភ្លាមៗនោះទេ។ លោកបាននិយាយថា សហរដ្ឋអាមេរិកបាននិយាយជាញឹកញាប់ជាមួយមេដឹកនាំអ៊ុយក្រែន ទោះបីជារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនមិនត្រូវ​​បានអញ្ជើញក៏ដោយ​។

លោកបានលើកឡើងថា មានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងទៅលើកិច្ចព្រមព្រៀងមួយផ្នែក ដូចជាការបញ្ឈប់​ការវាយប្រហារលើនាវា ដែលដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងក្នុងករណីខ្លះ ដឹកជញ្ជូនថាមពលនៅសមុទ្រខ្មៅ។

លោក រូប៊ីអូ បានប្រាប់អ្នកសារព័ត៌មានថា បញ្ហានេះកំពុងគំរាមកំហែងដល់សន្តិសុខស្បៀងរបស់ពិភពលោក ក៏ដូច​ជា​សន្តិសុខថាមពលមួយផ្នែកផងដែរ។ ការលើកឡើងបែប​នេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេសមកពីប្រទេសដែលមានសេដ្ឋ​កិច្ចធំជាងគេទាំង២០ លើពិភពលោក ហើយ​កិច្ចប្រជុំនេះបានបង្ហាញ​ពីភាពបែកបាក់យ៉ាងខ្លាំងជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា។

លោក រូប៊ីអូ បាននិយាយ​ថា សង្គ្រាមដ៏សាហាវឃោរឃៅមួយកំពុងកើតឡើង ជាសង្គ្រាមបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ លោកបានបន្ថែមថា សង្គ្រាមនេះកំពុងគំរាមកំហែងនឹងរាលដា​ល​ទៅកាន់ប្រទេសដទៃទៀត ដោយសារតែមានសកម្មភាពបំផ្លិចបំផ្លាញផ្សេងៗ រួមទាំងការវាយ​ប្រហារដោយដ្រូន​ ដែលបានហោះចូលដែនអាកាសរបស់អង្គការណាតូ (NATO)។

រដ្ឋមន្ត្រីការបរទេសកាណាដា លោក​ស្រី អានីតា អាណាន់​ (Anita Anand) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យ​ទ័រ​ នៅក្នុងបទសម្ភាសន៍មួយថា លោក​ស្រីនឹងមិនមាន​បំណង​អញ្ជើញលោក ឡារ៉ូវ​ នោះទេ ប៉ុន្តែលោក​ស្រីបានឆ្លៀតឱកាសនេះ ដើម្បីចោទសួរដោយផ្ទាល់ទៅកាន់រូបគាត់ អំពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០​២២​។

លោកស្រី អាណាន់​ បាននិយាយ​ថា លោកស្រីបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អ៊ែនឌ្រី ស៊ីប៊ី​ហា (Andrii Sybiha) ក៏ដូចជាសមភាគីមកពីប្រទេសឥណ្ឌា អំពីការអនុវត្តបទឈប់បាញ់ក្នុងកម្រិតកំណត់ណា​មួយនៅតំបន់សមុទ្រខ្មៅ និងការផ្អាកជាបណ្ដោះ​អាសន្ននូវការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន។

លោកស្រី អាណាន់​ បានលើកឡើងថា ភាគីពាក់ព័ន្ធមួយចំនួនកំពុងជំរុញឱ្យមានបទឈប់បាញ់ក្នុងទម្រង់ណាមួយ ដោយផ្តោតសំខាន់ទៅលើការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងអាហារ និង​ការសម្របសម្រួល ដើម្បីបញ្ឈប់ការវាយប្រហារលើបណ្តាញអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន មុនពេលរដូវរងាចូលមកដល់។

លោកស្រីបាននិយាយថា បញ្ហាទាំងនេះត្រូវ​តែ​ដោះ​ស្រាយ​នៅពេលនេះ ខណៈប្រទេសអ៊ុយក្រែនកំពុងឈានចូលដល់រដូវរងា។ លោកស្រីបានកត់សម្គាល់ថា ប្រទេសកាណាដាបានចូលរួមក្នុងការពិភាក្សាយ៉ាងសំខាន់ និងជាក់លាក់មួយ អំពីបទឈប់បាញ់នៅតំបន់សមុទ្រខ្មៅ ចាប់​​តាំងពីមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញាមក។

ប្រទេសឥណ្ឌា និងអេហ្ស៊ីប គឺជាប្រទេសពីរ ដែលរងផលប៉ះពាល់យ៉ាងខ្លាំង ហើយពួកគេចង់ធានាថា កប៉ាល់ និងនាវិករបស់ខ្លួនមានសុវត្ថិភាព។ លោកស្រីបានលើកឡើងថា អ៊ុយក្រែនបានចូលរួមយ៉ាងសកម្មលើបញ្ហានេះ ប៉ុន្តែ​រុស្ស៊ី​មិន​បាន​បង្ហាញឆន្ទៈក្នុងការបន្តដំណើរការទៅមុខនោះទេ។

បើ​តាម​ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី លោក ឡារ៉ូវ​ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា ជំហររបស់ទីក្រុងមូស្គូ​ជុំវិញជម្លោះនៅអ៊ុយក្រែន គឺមិនមានការផ្លាស់ប្តូរនោះទេ ហើយរុស្ស៊ីមិនអាចទទួលយកអ៊ុយក្រែនក្នុងនាមជាប្រទេស​បង្ក​ការគំរាមកំហែងផ្នែកយោធាដល់ផលប្រ​យោ​ជន៍​សន្តិសុខស្របច្បាប់របស់សហព័ន្ធរុស្ស៊ីបានឡើយ។

កាលពីថ្ងៃសុក្រ លោក រូប៊ីអូ​ បានជំរុញឱ្យអ្នកចូលរួមកិច្ចប្រជុំ G20 សហការគ្នាគ្រប់ចំណុច ដែល​អាចធ្វើទៅបាន ដោយ​ពិចារណាលើភាព​ស្មុគស្មាញនៃបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដែលកំពុងកើតមានចំពោះស្ទើរតែគ្រប់ប្រទេសទាំងអស់​៕​

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង