យោធា និងព្រះសង្ឃថៃ បន្តសកម្មភាពខុសច្បាប់ដោយលើកដងទង់ជាតិខ្លួននៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា
រាជរដ្ឋាភិបាលកម្ពុជា បន្តតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃ មកលើដែនដីអធិបតេយ្យកម្ពុជា ដោយថ្មីៗនេះ កងកម្លាំងប្រដាប់អាវុធ អមដោយព្រះសង្ឃថៃ បានលើកដងទង់ជាតិរបស់ខ្លួន ដាក់នៅតំបន់ច្រកទ្វារអន្តរជាតិថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦។
ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា សកម្មភាពដែលកងកម្លាំងប្រដាប់វុធ និងព្រះសង្ឃថៃ បានលើកដងទង់ជាតិនៅច្រកអន្តរជាតិថ្មដានេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែកញ្ញា ដែលនេះជាករណីមួយទៀត ដែលថៃប្រើប្រាស់ការដាក់ដងទង់ជាតិ ដើម្បីកាន់កាប់ដោយខុសច្បាប់ក្នុងទឹកដីរបស់កម្ពុជា។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាប្រឆាំងនឹងសកម្មភាពនេះ ដោយថា សកម្មភាពរបស់ថៃ ជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីម៉ា ដោយផែនទីខ្នាត ១លើ២០០ពាន់ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំងសៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ សកម្មភាពនេះ ក៏រំលោភផងដែរលើ MOUឆ្នាំ២០០០ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
បើតាមក្រសួងការបរទេស កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ នឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តទាមទារឱ្យប្រទេសថៃ បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ បញ្ឈប់សកម្មភាពជាឯកតោភាគី ហើយត្រូវធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន ខណៈដែលកម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ក៏ដូចជាប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់។
គួររំលឹកថា បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានឈានទៅដល់ការផ្ទុះអាវុធចំនួន២លើក កាលពីអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែមកដល់ពេលនេះ ស្ថានការណ៍ព្រំដែន នៅមិនទាន់វិលទៅរកភាពប្រក្រតីវិញនៅឡើយ។ កម្ពុជារាយការណ៍ថា យោធាថៃនៅតែបន្តរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាដោយខុសច្បាប់ ខណៈក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីទាមទារទឹកដីខ្មែរត្រឡប់មកវិញ៕


