អ៊ីរ៉ង់ថា ខ្លួនទទួលបានការឆ្លើយតបពីអាមេរិកចំពោះសំណើថ្មីបំផុតរបស់ខ្លួន ខណៈក្រុងវ៉ាស៊ីនតោនចាប់ផ្តើមដកទ័ពចេញពីអ៊ីរ៉ាក់

កាលពីថ្ងៃពុធ ប្រទេសអ៊ីរ៉ង់បាន​អះអាង​​ថា ខ្លួនបានទទួលការឆ្លើយតបពីសហរដ្ឋអាមេរិកចំពោះសំណើថ្មី​បំផុត​របស់ខ្លួន ដើម្បីស្តារឡើងវិញនូវបទឈប់បាញ់ដែល​បានដួល​រលំ​ គឺប៉ុន្មានថ្ងៃ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងថា លោកបានបដិសេធសំណើនេះ​។ នេះបើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​រ៉យ​ទ័រ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃពុធ​។​

កាល​ពីថ្ងៃពុធ សម្ព័ន្ធមិត្តមួយ​ចំនួន​របស់ប្រទេសអ៊ីរ៉ង់បានអបអរសាទរនឹង​ដំ​ណឹង​​នេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដកកងកម្លាំងចុងក្រោយរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ាក់ ដែល​ជា​ប្រទេស​ក្បែរ​ខាង ទី​ដែលទាហានអាមេរិកចំនួន ៤៥០០នាក់ បានបាត់បង់ជីវិតនៅក្នុងសង្គ្រាមដ៏ធំបំផុតក្នុងសតវត្សរ៍នេះ។ ជនស៊ីវិលអ៊ីរ៉ាក់ជាង ២០០ ០០០​នាក់​ បានស្លាប់នៅក្នុងភាពវឹកវរ ដែលបានកើតឡើង បន្ទាប់ពីកងកម្លាំងអាមេរិកបានផ្ដួលរំលំមេដឹកនាំផ្តាច់ការ សាដាម ហ៊ូសេន (Saddam Hussein) កាល​ពី​ឆ្នាំ២០០៣។

ទីក្រុងតេហេ​រ៉ង់ចាត់ទុកការដកកងទ័ពនេះថា ជាជ័យជម្នះសម្រាប់ក្រុមប្រដាប់អា​វុធ ដែលជា​សម្ព័ន្ធមិត្តរបស់ខ្លួន និងជាជំហានមួយឆ្ពោះទៅរកគោលដៅក្នុងការបណ្តេញកងកម្លាំងអាមេរិកចេញពីតំបន់។

ខណៈដែលសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានអូសបន្លាយចូលដល់ខែទី៨ ហើយនោះ កាលពីសប្តាហ៍មុន អ៊ីរ៉ង់បានដាក់ចេញនូវសំណើមួយ ដែលក្នុងនោះ តម្រូវ​ឱ្យ​អាមេរិកដកការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់នឹងបើកឡើងវិញនូវច្រកសមុទ្រហ័រមូស ក្នុងរយៈពេល ៧ថ្ងៃ។

លោក ត្រាំ បានថ្លែងកាលពីថ្ងៃអាទិត្យថា លោកបានបដិសេធសំណើនេះ ប៉ុន្តែ​លោក អាប់បាស អារ៉ាកជី​ (Abbas Araqchi) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយា​យ​ថា ទីក្រុងតេហេ​រ៉ង់មិនទាន់ទទួលបានការបដិសេធជាផ្លូវការណា​មួយ​ទេ​។

ជុំវិញ​បញ្ហា​នេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ម្នាក់បាន​បង្ហោះ​សារ​នៅលើបណ្តាញសង្គម​ទ្វីតធើ​កាលពីថ្ងៃពុធ​ថា លោក អារ៉ាកជី បានបញ្ជូនការឆ្លើយតបរបស់សហរដ្ឋអាមេរិកទៅកាន់រដ្ឋាភិបាលអ៊ីរ៉ង់។

អ៊ីរ៉ង់បានលើកឡើងថា ផែនការរបស់ខ្លួនមានគោលបំណងស្តារកិច្ចព្រមព្រៀងបណ្តោះ​អាសន្ន ដែលបានដួលរលំទៅ​វិញ​ត្រឹមតែប៉ុន្មានសប្តាហ៍នោះ​ បន្ទាប់ពីត្រូវបានចុះហត្ថលេខាដោយលោក ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ផេហ្សេសខ្យាន​ (Masoud Pezeshkian) កាលពីខែមិថុនា។

កាលពីសប្តាហ៍មុន អ្នកសម្របសម្រួលមកពីប្រទេសកាតាបានដើរតួនាទីជាអ្នកសម្របសម្រួលរវាងតំណាងសហរដ្ឋ​អាមេ​រិក និងអ៊ីរ៉ង់ ក្នុង​ទីក្រុងញូវយ៉ក នៅ​ក្រៅ​​​កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ដែលនេះ គឺជាការចរចាដោយ​ប្រ​យោល​លើកដំបូងរវាងភាគីជម្លោះទាំងពីរ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់បានបរាជ័យ។

មន្ត្រីម្នាក់ដែលទទួលបានព័ត៌មានអំពីកិច្ចពិភាក្សានេះ ហើយមិនមែនជាជនជាតិអ៊ីរ៉ង់ បានប្រាប់ទីភ្នាក់ងារព័ត៌​មាន​​រ៉យ​ទ័រ​ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ភាគីកាតាបានជម្រាបជូនលោក អារ៉ាកជី​ អំពីការឆ្លើយតប​របស់សហរដ្ឋ​អាមេ​រិក កាល​ពីថ្ងៃអង្គារ នៅពេលដែលលោក អារ៉ាកជី បានឈប់សម្រាកនៅទីក្រុងដូហា (Doha) អំឡុងពេលធ្វើដំណើរត្រឡប់មកពីទីក្រុងញូវយ៉កវិញ។

យោងតាមមន្ត្រីរូបនេះ​ ភាគច្រើន ភាគីទាំងពីរ​បាន​ឯកភាពគ្នាលើដំណោះស្រាយ​ជា​ជំហានៗ ដែលចាំបាច់ត្រូវអនុ​វត្ត ប៉ុន្តែនៅតែមានការខ្វែងគំនិតគ្នាអំពីលំដាប់លំដោយនៃការអនុវត្តជំហានទាំងនោះ។

អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀងមួយនៅពេលអនាគត ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងលើច្រកសមុទ្រហ័រមូស ជាផ្លូវ​ដឹក​ជញ្ជូន​ប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក និង​នៅក្បែរឆ្នេរសមុទ្ររបស់ខ្លួន។

សកម្មភាពដឹកជញ្ជូនតាមច្រកសមុទ្រនេះបានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយក្រុមហ៊ុនដឹកជញ្ជូន​គិតថ្លៃសេវាខ្ពស់ ដើម្បី​ហ៊ានប្រឈមនឹងហានិភ័យនៃការវាយប្រហារ។ ទោះជាយ៉ាងណាក៏ដោយ លំហូរប្រេងឆៅ ផលិត​ផលប្រេងដែលបានចម្រាញ់រួច និងឧស្ម័នធម្មជាតិ នៅតែបន្តរងការរំខានយ៉ាងខ្លាំង​។

កាលពីថ្ងៃពុធ​កន្លង​ទៅនេះ មន្ត្រីអាមេរិក និងអ៊ីរ៉ាក់បានប្រកាសពីការដកកងទ័ពអាមេរិកចុងក្រោយចេញពីមូល​ដ្ឋាននានាក្នុងប្រទេសអ៊ីរ៉ាក់ ដោយអនុវត្តតាមផែន​​ការដែលបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០២៤ ក្រោមការដឹក​នាំ​របស់​ប្រធា​នាធិបតី ចូ បៃឌិន​ (Joe Biden) និងត្រូវបានអនុវត្តដោយរដ្ឋបាលរបស់លោក ដូណាល់​ ត្រាំ​ ស្រប​ពេល​ដែលអាមេរិក​ធ្វើសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ ជាប្រទេសក្បែរ​​​ខាង​របស់អ៊ីរ៉ាក់​៕

ប្រែសម្រួលអត្ថបទដោយ៖ លោក​ អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង