មន្ទីរបញ្ចកោណបង្កើត “ទីបញ្ជាការសង្គ្រាមស្វយ័ត” ដើម្បីពង្រីកសមត្ថភាពផ្នែកបញ្ញាសិប្បនិម្មិត (AI) និងដ្រូន

កាល​ពី​ថ្ងៃពុធ រដ្ឋមន្ត្រីក្រសួង​ការពារជាតិអាមេរិក លោក ភីត ហេក​សិត​ (Pete Hegseth) បានប្រ​កាស​​អំ​ពីការបង្កើត​បញ្ជាការដ្ឋានយោធាថ្មីមួយ ដែលនឹងផ្តោតលើការកសាង និងការផ្តល់សមត្ថភាពបែប​ស្វយ័ត​ និងផ្តោត​លើ​ការ​ផលិត​រ៉ូបូត​សម្រាប់វិស័យ​កងទ័ពអាមេរិកទាំងមូល។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ។​

បញ្ជា​ការដ្ឋាននេះ ដែលលោក ហេកសិត​ អះអាង​ថា មានឈ្មោះ​ “បញ្ជាការដ្ឋានសង្គ្រាមស្វយ័ត​” (Autonomous Warfare Command) គឺបង្ហាញឱ្យឃើញពីលក្ខណៈនៃសង្គ្រាមដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងតម្រូវការក្នុងការជំរុញវឌ្ឍនភាពលើប្រព័ន្ធនានា ដូចជាដ្រូន​ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត។

គួរ​កត់​សម្គាល់ថា ការបង្កើតបញ្ជា​ការដ្ឋានថ្មីមួយមិនមែនជារឿងសាមញ្ញ​នោះទេ ដោយលើកចុងក្រោយ អាមេរិក​បាន​បង្កើតបញ្ជាការដ្ឋានអវកាសអាមេរិក ឬ US Space Command កាលពីឆ្នាំ២០១៩ ហើយចំណាត់ការនេះ ឆ្លុះបញ្ចាំង​ពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរបញ្ចកោណក្នុងការ​ផ្លាស់ប្តូរពីការប្រើប្រាស់ប្រព័ន្ធអាវុធបែបប្រពៃណី ដែលមាន​តម្លៃថ្លៃ ទៅជាប្រព័ន្ធស្វ័យ​ប្រវត្តិ​ ដែលមានតម្លៃថោក​ជាងមុន​ និងដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ការណ៍នេះ បានបង្ហាញឱ្យឃើញថា បច្ចេកវិត្យា​ទាំងនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចលទ្ធផល​នៃជម្លោះនានានាពេលថ្មីៗនេះ។

ថ្លែង​ជាមួយ​នឹង​ការរិះគន់ទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​ និង​នៅចំពោះមុខនាយទាហានថ្នាក់ក្រោម និងទាហាន​ធម្មតាជាច្រើនរយនាក់នៅទីក្រុងក្វា​នទីកូ (Quantico) រដ្ឋវើជីនៀ លោក ហេក​សិត​ រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាមេរិក បាននិយាយ​ថា បញ្ជាការដ្ឋាននេះ នឹងដឹកនាំដោយនាយទាហានម្នាក់ ដែលមានឋានន្តរស័ក្តិ​ផ្កាយ​បួន​។

លោក ហេកសិត បានថ្លែងថា ល្បឿននៃសង្គ្រាមកំពុងផ្លាស់ប្តូរលឿនជាងដំណើរការនៃការគាំទ្រដល់សង្គ្រាមនោះទៅ​ទៀត​។ តាម​រយៈ​សុន្ទរកថាដដែល​នេះ លោកក៏បានប្រកាសអំពីការផ្លាស់ប្តូរផ្សេងទៀត​ រួមទាំងការបង្កើតការិយា​ល័យកិច្ចការសាសនាផងដែរ​។

លោក ហេកសិត បានបន្ថែមថា សមត្ថភាពកុំព្យូទ័រដែលមានតម្លៃទាប បញ្ញាសិប្បនិម្មិតកម្រិតខ្ពស់បំផុត និងផលិត​កម្មពាណិជ្ជកម្មកម្រិតខ្ពស់ បានបើកផ្លូវឱ្យមានការរីកសាយភាយនៃសមត្ថភាពវាយប្រហារ ដែលមានតម្លៃទាប ប៉ុន្តែមានភាពជាក់លាក់ខ្ពស់។

គួរ​រំលឹក​ថា បច្ចុប្បន្ន កងទ័ពអាមេរិកមានបញ្ជាការដ្ឋានប្រយុទ្ធចំនួន១១ ដែលទទួលខុសត្រូវលើតំបន់ផ្សេងៗគ្នានៅទូទាំង​ពិភពលោក និងមាន​ភារកិច្ចជាក់លាក់។

ជុំវិញ​បញ្ហា​​នេះ អ្នកជំនាញបានបង្ហាញក្តីបារម្ភអំពីលទ្ធភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយគ្មានការគ្រប់គ្រង និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា ដែលអាចបង្កើនហានិភ័យបន្ថែមទៀតនៅក្នុងបរិបទសន្តិសុខសកល។

ទាំងប្រទេស​ចិន និងសហរដ្ឋអាមេរិក ដែលជាកម្លាំងចលករសំខាន់ពីរក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ដ៏ទំនើប និងការដាក់​ប្រើប្រាស់ប្រព័ន្ធនេះ​នៅទូទាំងពិភពលោក បាននិងកំពុងមានការខ្វែងគំនិតគ្នាខ្លាំងលើគោលនយោ​បាយ និងការអនុវត្តក្នុងវិស័យ AI ដោយ​អ្នកជំនាញផ្នែកសន្តិសុខមកពីប្រទេសទាំងពីរបានអំពាវនាវឱ្យមានការដាក់​ចេញនូវយន្តការការ​ពារ​ និងការ​កសាង​ដែល​មាន​ការឯកភាពគ្នាពាក់ព័ន្ធនឹងការប្រើប្រាស់ AI នៅក្នុងប្រព័ន្ធ​យោធា រួមទាំងប្រព័ន្ធអាវុធ​នុយក្លេអ៊ែរផងដែរ​។

អស់រយៈពេលជាយូរមកហើយ ដែល​សហរដ្ឋអាមេរិកបានពឹងផ្អែកលើកញ្ចប់​ថវិកាយោធាដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន ដើម្បីដាក់ឱ្យប្រើប្រាស់នូវ​ប្រព័ន្ធអាវុធ ដែលមានតម្លៃថ្លៃបំផុតមួយ​ចំនួននៅលើពិភពលោក។ ប៉ុន្តែមន្ទីរ​បញ្ច​កោណ​​ចាប់ផ្តើម​យល់ឃើញថា វិធីសាស្ត្រនេះមិនអាចបន្តនិរន្តរភាពបានឡើយ។

បច្ចេកវិទ្យាសង្គ្រាម​បានវិវត្តយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាការផ្លាស់ប្តូរ​មួយ ដែល​ត្រូវបានបង្ហាញ​​យ៉ាង​ច្បាស់តាមរយៈសង្គ្រាមរវាង​រុស្ស៊ីនិង​អ៊ុយក្រែន ហើយ​សង្គ្រាម​ ដែលគ្របដណ្ដប់ដោយរថក្រោះ និងកាំភ្លើង​ធំ បានប្រែទៅជាសង្គ្រាមដែល​ប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន​) កាន់តែខ្លាំងឡើង។

ជាក់​ស្តែង ដោយសារមានកម្លាំងរថក្រោះ និងយន្តហោះចម្បាំងតិចជាងគូប្រកួត អ៊ុយក្រែនបានងាកទៅប្រើប្រាស់ប្រព័ន្ធ​ដែល​គ្មានមនុស្សបើក ដែលមានតម្លៃទាបសម្រាប់ការឈ្លបយកការណ៍ និងធ្វើ​ការវាយប្រហារ។

ជាមួយ​គ្នា​នោះដែរ មាន​ការ​ប៉ាន់ប្រមាណថា ដ្រូន​ គឺជាមូលហេតុមួយ​ដែល​ធ្វើ​ឱ្យ​មាន​ចំនួនអ្នកស្លាប់និង​របួស​ប្រហែល​​៧០​ភាគរយ​លើ​ភាគី​រុស្ស៊ី ដោយគេ​អាច​បញ្ជាការ​វាយប្រហារពីចម្ងាយ និងជួយកាត់បន្ថយហានិភ័យដល់អ្នក​បើក​បរយន្តហោះ និងក្រុ​ម​អាកាសយានិក​។

ក្នុង​រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មន្ទីរបញ្ចកោណ​បានសម្រេចនូវវឌ្ឍនភាពមួយចំនួន រួមទាំងការបង្កើតកងកម្លាំង​ពិសេស​​​​មួយ ដែលមានឈ្មោះថា ​កងកម្លាំង​​អន្តរទីភ្នាក់ងារ​រួម​៤០១ (Joint Interagency Task Force 401) ដែល​ផ្តោតលើការទប់ទល់នឹងដ្រូន​៕

ប្រែសម្រួលអត្ថបទដោយលោក អ៊ួច សូនី

 

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង