អ្នកជំនាញ៖ អ្នកប្រើហ្វេសប៊ុកមិនគួរបង្ហោះអត្តសញ្ញាណប័ណ្ណជាសាធារណៈ ដែលអាចនឹងមានជះមិនល្អដល់ខ្លួន

អ្នកជំនាញ​ផ្នែក​សន្តិសុខ​ឌីជីថល ណែនាំដល់អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ មិនគួរ​បង្ហោះអត្តសញ្ញាណប័ណ្ណ ឬ​កាត​សម្គាល់​ខ្លួន​នានា នៅលើ​គណនី​ហ្វេសប៊ុក​ជា​សាធារណៈ ដើម្បីបញ្ជាក់ថា​យើងពិត​ជា​ម្ចាស់គណនី​មែននោះទេ ព្រោះ​វា​​អាច​មាន​​ផល​ជះ​​មិន​ល្អ​ដល់​ម្ចាស់​គណនី ឬម្ចាស់អាខោន​ នៅពេល​ជន​ដែលមានគំនិ​តមិនល្អ អាច​ទាញយក​រូបភាព​ពិត​​របស់​យើង​ ទៅបន្លំអត្តសញ្ញាណ​បុគ្គល​នៅក្នុង​សេវា​កម្មឌីជីថល​ផ្សេង​ៗ។

ការ​លើកឡើង​នេះ បាន​ធ្វើឡើង​ក្រោយពីគេ​សង្កេត​ឃើញ​មួយ​រយៈចុង​ក្រោយ​នេះ មានម្ចាស់គណនីហ្វេសប៊ុក​មួយចំនួន បាន​បង្ហោះអត្តសញ្ញាណប័ណ្ណ ឬកាតសំគាល់ខ្លួន​នានា នៅលើ​គណនី​ហ្វេសប៊ុក​របស់​ពួកគេ​ជា​សាធារណៈ ដើម្បី​បញ្ជាក់​ថា ពួកគេពិតជា​ម្ចាស់គណនីនោះមែន។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​សន្តិ​សុខ​ឌីជីថល លោក ង៉ែត ម៉ូសេ បាន​ឱ្យ​ដឹង​​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២៦នេះថា ការ​បង្ហោះ​​អត្ត​សញ្ញាណ​ប័ណ្ណ ឬ​កាត​សំគាល់​ខ្លួន​នានា​ នៅ​លើគ​ណនី​ហ្វេស​ប៊ុក​ជា​សាធារណៈ ដើម្បី​​បញ្ជាក់​ថា​យើង​​ពិត​​ជាម្ចាស់​គណនីមែន គឺ​ជាការយល់ខុស និងមិនត្រឹមត្រូវនោះទេ ដោយលោក​ថា ហ្វេសប៊ុក​មិន​ដែល​ទាមទារឱ្យ​ធ្វើ​បែប​នេះ​នោះទេ។

អ្នកជំនាញ​ផ្នែក​សន្តិសុខឌីជីថលរូបនេះ បន្តថា បើ​សិន​ជាកា​រ​ផុស​អត្ត​សញ្ញាណ​ប័ណ្ណ ជា Trend សម្រាប់​ការ​លេង​សើច នោះ​វាមិ​ន​អី​ទេ តែ​បើ​សម្រាប់​ការ​ណែនាំផ្នែ​ក​សុវត្ថិភាព​គណនី វា​មិន​ត្រឹម​ត្រូវ​ទេ ហើយ​បើទោះ​បី​ជាកា​រលេង​សើ​ច ក៏​គួរ​កុំផុស​អត្តសញ្ញាណ​​ប័ណ្ណ រូបពេញ ឬ​កាត់ត្រឹមមុខ​ខ្លួនឯង ហើយផុសជាសាធារណៈនោះ​ដែរ។

បើទោះជា​ លោក​ ងែត មូសេ នៅមិនទាន់មាន​ព័ត៌មាន​ស្តីពីផល​ប៉ះពាល់​ក្រោយ​កា​រផុសអត្តសញ្ញាណ​ប័ណ្ណនោះ​ក៏​ដោយ ប៉ុន្តែ​លោក​ឃើញមានករណី​នៃកា​របោក​ប្រាស់ជា​ច្រើន ដែល​ប្រើប្រាស់​អត្ត​សញ្ញាណប័ណ្ណ​របស់​ជន​រង​គ្រោះ។ ការណ៍​នេះ លោក​បារម្ភថា ការ​ផុសបង្ហាញជា​សាធារណៈពីរូប​នៅលើ​អត្តសញ្ញាណ​ប័ណ្ណ អាច​មានផល​ជះមិនល្អដល់​ម្ចាស់​​អាខោន។ ផលជះ​មិនល្អនោះ គឺ​ជន​ដែលមានគំនិត​មិនល្អ អាចទាញយក​រូបភាពដែល​មានមុខ​មាត់​ពិតប្រាកដ​​​​របស់​​ម្ចាស់អាខោន ពីការ​ផុសនោះ ទៅធ្វើការ​កំណត់​មុត​មាត់ (Facial Recognition) ដើម្បីបន្លំអត្តសញ្ញាណ​បុគ្គល​​នៅក្នុង​សេវាកម្ម​ឌីជីថល​ផ្សេង​បាន ព្រោះ​រូប​នៅលើ​អត្តសញ្ញាណ​ប័ណ្ណ អាច​ខុស​ពី​រូប​របស់​យើង​​ដែលផុសទូទៅនៅលើ​បណ្តាញ​សង្គម។

លោកថា រូបទូទៅដែលម្ចាស់អាខោន​បានផុសខ្លះ ត្រូវបានកែប្រែតាមការ​ចូលចិត្ត​របស់ពួកគេមុននឹង​ផុស ប៉ុន្តែ​រូប​​នៅក្នុងអត្តសញ្ញាណប័ណ្ណ គឺជា​រូបពិត​របស់​ម្ចាស់អាខោន។

មួយ​វិញទៀត អ្នកជំនាញ​ផ្នែក​សុវត្ថិភាពឌីជីថល​រូបនេះ ក៏មានក្តីបារម្ភផង​ដែរ ចំពោះម្ចាស់អាខោនដែល​មាន Fan ច្រើន ឬគេ​ស្គាល់ច្រើន​នៅលើ​បណ្តាញ​សង្គម ឬ​អាចហៅថា អ្នកដែល​មាន​ឥទ្ធិពល​ផ្សព្វផ្សាយ បានផុស​អត្តសញ្ញាណ​របស់​ខ្លួន ដែលធ្វើ​​ឱ្យអ្នកគាំទ្រ​របស់ខ្លួនធ្វើ​តាម។ ការ​ធ្វើបែបនេះ នឹងអនុញ្ញាត​ឱ្យជន​ដែលមាន​គំនិត​អាក្រក់​ ធ្វើ​កា​រ​ប្រមូល​រូបភាពទាំងនោះទុក​ សម្រាប់ការ​បន្លំអត្តសញ្ញាណ​នៅពេល​ក្រោយ។

យោងតាមប្រភព​ពី DataReportal — Digital ឆ្នាំ2026 កម្ពុជាមាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ប្រមាណ ១៤លាននាក់ ឬស្មើ​នឹង ៧៧.៩ភាគរយ ក្នុងចំណោម​ប្រជាជន​សរុបជាង ១៧លាននាក់ ក្នុង​នោះមានអ្នក​ប្រើប្រាស់​ Facebook ប្រមាណ ១៤លាន​នាក់, TikTok ប្រមាណ ១១.៣លាននាក់, Messenger ប្រមាណ ៨.៩​លាននាក់, Instagram ប្រមាណ ១.៨៥លាននាក់ និង LinkedIn ប្រមាណ ៨៨ម៉ឺន​នាក់៕

អត្ថបទដែលជាប់ទាក់ទង