ដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់លោក ណេតានយ៉ាហ៊ូ ទៅកាន់ទីក្រុងញូវយ៉ក ឆ្លុះបញ្ចាំងពីភាពតានតឹងនៃទំនាក់ទំនងជាមួយអាមេរិក
ដំណើរទស្សនកិច្ចរយៈពេលខ្លីខុសធម្មតារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ទៅកាន់សហរដ្ឋអាមេរិក ដើម្បីថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ គឺផ្ទុយស្រឡះពីដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ពេញរបស់លោក កាលពីឆ្នាំមុន ដែលមានទាំងកិច្ចប្រជុំជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នោះ ដែលការណ៍នេះ ឆ្លុះបញ្ចាំងពីពេលវេលាដ៏លំបាកនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។
មន្ត្រីអ៊ីស្រាអែលពីររូប បាននិយាយថា លោក ណេតានយ៉ាហ៊ូ រំពឹងថាស្នាក់នៅក្នុងទីក្រុងញូវយ៉កតិចជាង ៨ម៉ោង មុនពេលវិលត្រឡប់ទៅអ៊ីស្រាអែលវិញ។
ការិយាល័យរបស់លោក បានឱ្យដឹងថា លោកនឹងជួបមេដឹកនាំពិភពលោកចំនួន៩នាក់ ដែលក្នុងនោះ ៥ នាក់ មកពីប្រទេសអាមេរិកឡាទីន ដែលអ៊ីស្រាអែលបានព្យាយាមបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅ ខណៈពេលដែលទំនាក់ទំនងជាមួយដៃគូជាប្រពៃណីនៅតំបន់អឺរ៉ុប ប្រែជាតានតឹង ដោយសារសង្រ្គាមនៅកាហ្សា និងការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអ៊ែលនៅតំបន់វេសប៊ែង (West Bank)។
ប៉ុន្តែសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក ណេតានយ៉ាហ៊ូ មិនបាននិយាយអំពីកិច្ចប្រជុំជាមួយមន្ត្រីអាមេរិកនៅឯមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនោះទេ។
អតីតឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោន លោក ម៉ៃឃើល អូរិន (Michael Oren) បាននិយាយថា លោកមិនអាចចាំបានពីពេលវេលា ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានទៅទស្សនកិច្ចសហរដ្ឋអាមេរិក ហើយដោយមិនបានជួបជាមួយប្រធានាធិបតីអាមេរិកនោះទេ ដោយចាត់ទុកថា នេះជាសម្ពាធមួយសម្រាប់លោក ណេតានយ៉ាហ៊ូ មុនការបោះឆ្នោតសកលរបស់អ៊ីស្រាអែលនៅថ្ងៃទី២៧ ខែតុលា។
លោក ត្រាំ បានជួបលោក ណេតានយ៉ាហ៊ូ ចំនួន ៨លើក ក្នុងអាណត្តិទីពីររបស់លោកជាប្រធានាធិបតីអាមេរិក។ ការជួបគ្នាចុងក្រោយរបស់មេដឹកនាំទាំងពីរ គឺធ្វើឡើងកាលពីខែកក្កដា។
លោក អូរិន បាននិយាយថា វាជាសុន្ទរកថាឃោសនាបោះឆ្នោត។ ឥឡូវនេះ វានឹងកាន់តែប្រសើរ ប្រសិនបើសុន្ទរកថាឃោសនាបោះឆ្នោតនោះ ត្រូវបានអមដោយកិច្ចប្រជុំជាមួយប្រធានាធិបតី ឬមេដឹកនាំពិភពលោកផ្សេងទៀត ឬយ៉ាងហោចណាស់រដ្ឋលេខាធិការ ប៉ុន្តែជាក់ស្តែងវាមិនបានកើតមានទេ។
ទោះបីជាយ៉ាងណា ការិយាល័យរបស់លោក ណេតានយ៉ាហ៊ូ បាននិយាយថា មេដឹកនាំពិភពលោកជាច្រើនបានស្នើសុំជួបលោក ណេតានយ៉ាហ៊ូ អំឡុងពេលទស្សនកិច្ចនេះ ប៉ុន្តែដោយសារតែកាលវិភាគចង្អៀត និងតម្រូវការក្នុងការត្រឡប់មកវិញមុនពេលចាប់ផ្តើមថ្ងៃបុណ្យស៊ូកូត (Sukkot) របស់ជនជាតិជ្វីហ្វ ដូច្នេះលោកនាយករដ្ឋមន្ត្រីអាចទទួលបានតែមេដឹកនាំមួយចំនួនប៉ុណ្ណោះ។
ការិយាល័យរបស់លោក ណេតានយ៉ាហ៊ូ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញការអះអាងរបស់លោក អូរិន នោះទេ។
ស្របពេលជាមួយគ្នានេះដែរ ការស្ទង់មតិបង្ហាញថា លោក ណេតានយ៉ាហ៊ូ អាចនឹងចាញ់ការបោះឆ្នោត ដោយសមត្ថភាពផ្នែកសន្តិសុខរបស់លោកនៅតែរង្គោះរង្គើដោយសារការវាយប្រហារនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាសមកលើអ៊ីស្រាអែល។
ការិយាល័យរបស់លោក បាននិយាយថា លោក ណេតានយ៉ាហ៊ូ នឹងជួបជាមួយប្រធានាធិបតីនៃប្រទេសអាហ្សង់ទីន បូលីវី ប៉ារ៉ាហ្គាយ ប៉ាណាម៉ា អេត្យូពី និងអនុប្រធានាធិបតីប្រទេសកូឡុំប៊ី ព្រមទាំងនាយករដ្ឋមន្ត្រីនៃប្រទេសក្រិក ស្លូវេនី និងប៉ាពួញូហ្គីណេ។
គួររំលឹកថា លោក ត្រាំ និងលោក ណេតានយ៉ាហ៊ូ បានចាប់ផ្តើមសង្គ្រាមរួមគ្នាលើប្រទេសអ៊ីរ៉ង់កាលពីខែកុម្ភៈ ប៉ុន្តែសម្ព័ន្ធមិត្តទាំងពីរចាប់ផ្តើមមិនចុះសម្រុងគ្នា ខណៈដែលលោក ត្រាំ បានព្យាយាមរំដោះសហរដ្ឋអាមេរិកចេញពីជម្លោះនេះ ខណៈគោលដៅសំខាន់ៗមិនទាន់បានសម្រេច។
ទីក្រុងវ៉ាស៊ីនតោន បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយទីក្រុងតេហេរ៉ង់កាលពីខែមិថុនា ដែលត្រូវបានជំទាស់ដោយអ៊ីស្រាអែល មុនពេលកិច្ចព្រមព្រៀងនេះ រលាយបាត់ទៅវិញក្នុងរយៈពេលពីរបីសប្តាហ៍ក្រោយ។
ជុំវិញបញ្ហានេះដែរ ការគាំទ្ររបស់សាធារណជននៅសហរដ្ឋអាមេរិកចំពោះអ៊ីស្រាអែលបានធ្លាក់ចុះចាប់តាំងពីសង្គ្រាមហ្គាហ្សាបានចាប់ផ្តើម ជាពិសេសក្នុងចំណោមក្រុមតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ។
អ៊ីស្រាអែលបានប្រឈមមុខនឹងភាពឯកោផ្នែកការទូតកាន់តែស៊ីជម្រៅចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរបស់ខ្លួននៅហ្គាហ្សាជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។
កាលពីដើមខែនេះ សម្ព័ន្ធមិត្តដ៏រឹងមាំមួយ គឺចក្រភពអង់គ្លេស បារាំង និងកាណាដា បានប្រកាសទណ្ឌកម្ម ដែលផ្តោតលើការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅក្នុងតំបន់វេសប៊ែង ស្របពេលក្រុងវ៉ាស៊ីនតោនរក្សាភាពស្ងាត់ស្ងៀមចំពោះទណ្ឌកម្មនេះ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

