ប្រធានាធិបតីអ៊ីរ៉ង់អះអាងថា នឹងមិនចុះចាញ់ការគំរាមកំហែងរបស់លោក ត្រាំ
ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ផេហ្សេសខ្យាន (Masoud Pezeshkian) បានចោទប្រកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ថា បានគំរាមកំហែងផ្នែកស្មារតី អំឡុងពេលថ្លែងនៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ដោយអះអាងថា អ៊ីរ៉ង់នឹងមិនចុះចាញ់ក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិកទេ ប៉ុន្តែលោកនៅតែបើកចំហចំពោះផ្នែកការទូត ដើម្បីបញ្ចប់ជម្លោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធ។
ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដែលមានសមាជិក ១៩៣ ប្រទេស លោក ផេហ្សេសខ្យាន បាននិយាយថា ការគំរាមកំហែងនេះ នឹងរឹតតែធ្វើឱ្យអ៊ីរ៉ង់មានការតាំងចិត្តកាន់តែរឹងមាំជាងមុន ដោយលោកច្រានចោលការព្រមានរបស់លោក ដូណាល់ ត្រាំ ដែលថា លោកអាចនឹងកម្ទេចអ៊ីរ៉ង់ចោល ប្រសិនបើមិនអាចសម្រេចកិច្ចព្រមព្រៀងណាមួយនោះ។
ដោយសំដៅដល់ការចោទប្រកាន់របស់លោក ត្រាំ ដែលលថា អ៊ីរ៉ង់ គឺជាអ្នកឧបត្ថម្ភក្រុមភេរវករឈានមុខគេក្នុងពិភពលោកនោះ លោក ផេហ្សេសខ្យាន លើកឡើងថា ការអះអាងរបស់ប្រធានាធិបតីអាមេរិកកាលពីម្សិលមិញ… គឺជាសញ្ញានៃការគំរាមកំហែងផ្នែកស្មារតី… ប្រជាជនអ៊ីរ៉ង់នឹងមិនចុះញ៉មចំពោះសម្ពាធនោះទេ។… អ្នកដែលជាភេរវករ និងបណ្តុះបណ្តាលភេរវករបែរជាចោទអ៊ីរ៉ង់ថា ជាភេរវករទៅវិញ។
ដោយលើកឡើងម្តងហើយម្តងទៀត អំឡុងថ្លែងសុន្ទរកថា លោក ផេហ្សេសខ្យាន បាននិយាយថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយភាពតានតឹងជាមួយសហរដ្ឋអាមេរិកតាមរយៈការចរចា ប៉ុន្តែបានព្រមានថា ទីក្រុងតេហេរ៉ង់នឹងមិនទទួលយកភាសានៃការប្រើកម្លាំងនោះទេ។
គណៈប្រតិភូសហរដ្ឋអាមេរិកបានដើរចេញនៅពេលលោក ផេហ្សេសខ្យាន ចាប់ផ្តើមថ្លែងសុន្ទរកថា។ គណៈប្រតិភូសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
លោក ផេហ្សេសខ្យាន បានចាប់ផ្តើមថ្លែងសុន្ទរកថា ដោយចោទប្រកាន់សហរដ្ឋអាមេរិកពីបទសម្លាប់ជនស៊ីវិល អំឡុងសង្គ្រាម ដោយលោកលើករូបថតដែលមានរូបភាពក្មេងស្រីសិស្សសាលានៅក្នុងថ្នាក់រៀន។
យោងតាមក្រុមមន្ត្រីអ៊ីរ៉ង់បានឱ្យដឹងថា ការវាយប្រហារដោយមីស៊ីលលើសាលាបឋមសិក្សាមួយកន្លែងក្នុងទីក្រុងមីណាប (Minab) កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើអ៊ីរ៉ង់បានសម្លាប់កុមារ និងគ្រូបង្រៀនជាង ១៧៥នាក់។
ជុំវិញករណីនេះ មន្ទីរបញ្ចកោណមិនទាន់បានចេញផ្សាយជាសាធារណៈនូវការរកឃើញនៃការស៊ើបអង្កេតរបស់ខ្លួនទៅលើការវាយប្រហារនៅក្រុងមីណាប ជាករណីស្លាប់ជនស៊ីវិលច្រើនបំផុត ដែលពាក់ព័ន្ធយោធាអាមេរិកក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍នៅថ្ងៃទី ៥ ខែមីនា ថា ការស៊ើបអង្កេតផ្ទៃក្នុងដំបូងរបស់យោធាអាមេរិកបានរកឃើញថា កងកម្លាំងអាមេរិកទំនងជាទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
លោក ផេហ្សេសខ្យាន បាននិយាយថា អ៊ីរ៉ង់មិនមានបំណងបង្កើតគ្រាប់បែកនុយក្លេអ៊ែរទេ ប៉ុន្តែនឹងមិនបោះបង់ចោលសិទ្ធិរបស់ខ្លួនចំពោះកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធី។
គួររំលឹកថា រយៈពេល ៧ខែ នៃជម្លោះដែលបានធ្វើឲ្យទីផ្សាររង្គោះរង្គើ និងរុញច្រានឈូងសមុទ្រខិតទៅរកសង្គ្រាមកាន់តែទូលំទូលាយនោះ ក្រុងវ៉ាស៊ីនតោនកំពុងធ្វើការវាយលុកផ្នែកសេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីសកម្មភាពយោធាបានបរាជ័យក្នុងការបង្ខំឱ្យទីក្រុងតេហេរ៉ង់ចុះចាញ់។
មេដឹកនាំអ៊ីរ៉ង់មានការភ័យខ្លាចថា សេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ ស្របពេលដែលមានការកើនឡើងតម្លៃទំនិញ ពាណិជ្ជកម្មចុះខ្សោយ និងសម្ពាធលើប្រាក់ចំណូលរបស់គ្រួសារពលរដ្ឋ អាចបង្កឱ្យមានភាពចលាចលទូទាំងប្រទេស ដែលសាធារណរដ្ឋអ៊ីស្លាមមួយនេះធ្លាប់ប្រឈមម្តងហើយម្តងទៀត។
ច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវដែលមានចំណែកមួយភាគប្រាំនៃការដឹកជញ្ជូនប្រេងក្នុងពិភពលោក បានក្លាយជាចំណុចស្នូលនៃភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណា ទីក្រុងតេហេរ៉ង់បានបញ្ជូនលក្ខខណ្ឌរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិកតាមរយៈអ្នកសម្របសម្រួល ដើម្បីបើកផ្លូវទឹកយុទ្ធសាស្ត្រនេះ ឡើងវិញ នេះបើយោងតាមប្រភពព័ត៌មានអ៊ីរ៉ង់បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

