ប្រភពមួយចំនួនថា ចិនកំពុងជំរុញឱ្យអ៊ីរ៉ង់ជួយទប់ស្កាត់ក្រុមហ៊ូទី បន្ទាប់ពីមានការអំពាវនាវពីអារ៉ាប៊ីសាអូឌីត

ប្រភព​​មួយ​​ចំនួន ​បាន​​ឱ្យ​​ដឹង​ថា ប្រទេស​ចិន​បាន​ស្នើសុំ​ជា​ឯកជន​ឱ្យ​ទីក្រុង​តេហេ​រ៉ង់​ជួយ​ទប់​ក្រុម​ហ៊ូទី​​នៅ​​ក្នុង​​ប្រទេស​​​យេម៉ែន បន្ទាប់ពីអារ៉ាប៊ីសាអូឌីតបាន​អំពាវនាវ​ទៅកាន់ទីក្រុងប៉េកាំង ក្រោយ​ពីមានការប៉ះទង្គិចគ្នា​ជាមួយ​​ក្រុមសកម្មប្រយុទ្ធ​ដែល​គាំទ្រដោយអ៊ីរ៉ង់ កាលពីសប្តាហ៍មុន។ នេះបើយោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារព័ត៌មាន​រ៉យ​ទ័រកាលពីថ្ងៃព្រហស្បតិ៍។

ប្រភពព័ត៌មានទាំងនេះ អះអាង​ថា ទីក្រុងរីយ៉ាដបានងាកទៅសុំជំនួយ​ពី​ប្រទេសចិន បន្ទាប់ពីក្រុមហ៊ូទីបានវាយ​លុកយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេរសមុទ្រក្រហម និងជុំវិញច្រកសមុទ្របាបអ៊ែល​មែនដេប (Bab el-Mandeb) ដែល​សកម្ម​​ភាពនេះ បានធ្វើឱ្យការនាំចេញប្រេង និងការដឹកជញ្ជូនរបស់អារ៉ាប៊ីសាអូឌីត​តាមផ្លូវ​​សមុទ្រ ប្រឈមនឹងហានិភ័យកាន់តែខ្លាំង។

ប្រភពដដែល​ ​បន្ថែមថា ប្រទេសចិនបានអំពាវនាវជាសាធារណៈឱ្យមានការអត់ធ្មត់ ការសន្ទនា និងការស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសុវត្ថិភាព ប៉ុន្តែសារដែលចិន​បានបញ្ជូនជាលក្ខណៈឯកជននោះ គឺមានខ្លឹម​សារ​លើស​ពី​អ្វី​ដែល​បាន​ថ្លែង​ជាសាធារណៈ។

ទីក្រុងប៉េកាំង ចង់ឱ្យអ៊ីរ៉ង់ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើក្រុមហ៊ូទី​ ដើម្បីជួយទប់ស្កាត់កុំឱ្យជម្លោះនេះរីក​រាល​ដាល​បន្ថែម​ទៀតទៅលើច្រក​ដឹកជញ្ជូនថាមពល ដែលប្រទេស​ចិន ជាមហា​អំណាច​​សេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភព​លោក ពឹងផ្អែកលើនោះ​។

ប្រភពព័ត៌មានដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មិនបានផ្តល់ព័ត៌​មាន​លម្អិតអំពីរបៀបដែលសារនោះត្រូវ​បាន​បញ្ជូន ឬថា តើវាត្រូវបានបញ្ជូនក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់​រដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាកជី (Abbas Araqchi) ទៅកាន់ប្រទេសចិនកាលពីថ្ងៃពុធឬយ៉ាងណា​នោះទេ​។

ប្រភពដដែល​ ​បន្ត​ឱ្យដឹងថា ការឆ្លើយតបរបស់ទីក្រុងតេហេរ៉ង់ គឺថា ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ អាស្រ័យ​​លើ​ការបញ្ចប់សង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ប្រឆាំងនឹងអ៊ីរ៉ង់។

ដោយ​ឡែក​ ប្រភពព័ត៌មានបី​នៅ​អ៊ីរ៉ង់បានឱ្យដឹងថា មន្ត្រីចិនមិនបានចេញការគំរាម​កំ​ហែងណាមួយច្បាស់លាស់ ឬ​បង្ហាញ​ថា ទីក្រុងប៉េកាំងនឹង​ព្យាយាមដាក់សម្ពាធផ្នែកសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់នោះទេ ប្រសិនបើក្រុង​តេអេរ៉ង់​ខក​ខាន​មិន​បាន​ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនទៅលើក្រុមហ៊ូទី។

ឆ្លើយតបនឹងសំណើរបស់ទីភ្នាក់ងារព័ត៌មាន រ៉យ​ទ័រ​ ដែលសុំការអត្ថាធិប្បាយលើរឿងនេះ ក្រសួងការបរទេសចិនបាន​ថ្លែងថា​ ប្រទេសចិនមិនចង់ឃើញភាពតាន​តឹង​ក្នុងតំបន់រាលដាលបន្ថែមទៀតទៅដល់ប្រទេសយេម៉ែន និងសមុទ្រ​ក្រ​ហមនោះទេ។ ការកើនឡើងនៃអស្ថិរភាពក្នុងតំបន់ គឺមិនមែនជាផលប្រយោជន៍របស់ភាគីណាមួយឡើយ។

ក្រសួងការបរទេសចិនបន្តថា អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសទាំងអស់គួរតែត្រូវបានគោរព ហើយហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន មិនត្រូវក្លាយជាគោលដៅនៃការវាយប្រហារឡើយ។

ប្រទេសចិន អំពាវនាវឱ្យបញ្ឈប់រាល់សកម្មភាពដែល​ធ្វើឱ្យស្ថានការណ៍កាន់តែស្មុគ​ស្មាញ និងជំរុញឱ្យមានការដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា និងការចរចា​។

ទោះជា​យ៉ាងណា ក្រសួងការបរទេសអ៊ីរ៉ង់ និងការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់​រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនបាន​ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិ​ប្បាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យ​ទ័រ​សម្រាប់អត្ថបទនេះទេ។

គួររំលឹកថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីរ៉ង់អស់រយៈពេលជាង​មួយទសវត្សរ៍មកហើយ និងនៅតែជាអ្នកបញ្ជា​ទិញប្រេងដ៏សំខាន់របស់ប្រ​ទេសនេះ។

យោងតាមទិន្នន័យ និងការវិភាគពីក្រុមហ៊ុនខេបភ្លើ (Kpler) ការទិញប្រេង​របស់ចិនបាន​គ្របដណ្តប់លើសពី ៨០% នៃការនាំចេញប្រេងតាមផ្លូវសមុទ្ររបស់អ៊ីរ៉ង់ក្នុងឆ្នាំ ២០២៥ ដោយមានបរិមាណជាមធ្យមប្រហែល ១,៤ លាន​បារ៉ែល​ក្នុងមួយថ្ងៃ​​៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង