លោក ត្រាំ នឹងលើកយកបញ្ហាកាត់បន្ថយអាវុធនុយក្លេអ៊ែរមកពិភាក្សាជាមួយលោក ពូទីន និងលោក ស៊ី ជិនពីង នៅសប្តាហ៍ក្រោយ
សេតវិមានបានឱ្យដឹងកាលពីថ្ងៃសុក្រថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងលើកឡើងអំពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ នៅក្នុងកិច្ចប្រជុំមួយនៅក្នុងប្រទេសចិននៅសប្តាហ៍ក្រោយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅព្រឹកថ្ងៃសៅរ៍នេះ ។
លោកស្រី អូលីវៀ វេល (Olivia Wales) អ្នកនាំពាក្យសេតវិមាន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក ត្រាំ នឹងពិភាក្សាអំពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរនៅលើពិភពលោក ដែលប្រធានាធិបតី ត្រាំ យល់ឃើញថា ការរីកសាយភាយនៃអាវុធទាំងនេះ គឺបង្កគ្រោះថ្នាក់ខ្លាំង។ លោកស្រីបានបន្ថែមថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ក្នុងប្រទេសចិន។
ការទទូចម្តងហើយម្តងទៀតរបស់លោក ត្រាំ ដែលថា កិច្ចប្រជុំលើកដំបូងនៃមេដឹកនាំទាំងបីផ្តោតលើការកាត់បន្ថយអាវុធនុយក្លេអ៊ែរបានធ្វើឱ្យប្រទេសចិនមិនសប្បាយចិត្ត ខណៈចិនកំពុងធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលផ្តោតលើពាណិជ្ជកម្ម។
ប្រទេសចិនបានច្រានចោលការប៉ុនប៉ង ដើម្បីពិភាក្សាអំពីបញ្ហាអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី និងសហរដ្ឋអាមេរិក ដោយសារប្រទេសទាំងពីរនេះ មានឃ្លាំងស្តុកអាវុធច្រើនជាងគេរួចទៅហើយ។
លោក ពូទីន លោក ស៊ី និងលោក ត្រាំ ត្រូវគេរំពឹងថា នឹងជួបគ្នានៅខាងក្រៅវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងសិនជិន (Shenzhen)។ លោក ត្រាំ នឹងចាកចេញនៅថ្ងៃច័ន្ទសម្រាប់ដំណើររយៈពេល ៤ថ្ងៃទៅកាន់តំបន់អាស៊ី ដែលរួមទាំងការឈប់សម្រាកនៅប្រទេសហ្វីលីពីនផងដែរ។
មន្ត្រីជាន់ខ្ពស់ម្នាក់ នៃរដ្ឋបាលលោក ត្រាំ បានថ្លែងពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរថា គេមិនរំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងណាមួយនៅឡើយទេ។ នេះ គឺជាប្រធានបទដ៏លំបាកមួយសម្រាប់ប្រទេសចិន ប៉ុន្តែគ្រប់គ្នាយល់ថា វាដល់ពេលហើយ ដែលចិនត្រូវបង្ហាញភាពចាស់ទុំ។
មន្ត្រីរូបនេះបានបន្ថែមថា នេះ គឺជាការចាប់ផ្តើមនៃកិច្ចសន្ទនា ដែលសង្ឃឹមថា នឹងអាចនាំមកនូវលទ្ធផលល្អនៅពេលខាងមុខ។
រដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធការចូលរួមដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយនិយាយថា វាសមស្របជាងសម្រាប់រុស្ស៊ី និងសហរដ្ឋអាមេរិក ដែលត្រូវជជែកគ្នាដោយផ្ទាល់អំពីបញ្ហានេះ ដោយសារតែប្រទេសទាំងពីរមានឃ្លាំងអាវុធនុយក្លេអ៊ែរច្រើនជាងគេ។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុម (Stockholm International Peace Research Institute) ប្រទេសរុស្ស៊ី គឺជាប្រទេស ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរក្នុងស្តុកច្រើនជាងគេបំផុត បន្ទាប់មក គឺសហរដ្ឋអាមេរិក និងប្រទេសចិន។ កិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New Strategic Arms Reduction Treaty) រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានផុតសុពលភាពនៅឆ្នាំនេះ។
គេនៅមិនទាន់ច្បាស់ថា តើរុស្ស៊ី ឬចិន ដែលមានបំណងចូលរួមក្នុងកិច្ចសន្ទនាជាមួយលោក ត្រាំ អំពីការកាត់បន្ថយអាវុធនេះ។ ស្ថានទូតចិន និងរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
តាមព័ត៌មានថា លោក ត្រាំ ក៏នឹងលើកឡើងអំពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ នៅក្នុងកិច្ចប្រជុំនោះដែរ ប៉ុន្តែគេមិនរំពឹងថា លោកនឹងលើកឡើងអំពីសង្គ្រាមរបស់រុស្ស៊ី និងអ៊ុយក្រែននោះទេ។
គេមិនរំពឹងថា លោក ត្រាំ នឹងមានជំនួបដាច់ដោយឡែកមួយទល់នឹងមួយជាមួយលោក ពូទីន ឬពិភាក្សាអំពីការទទួលបានសេវាទំនាក់ទំនងតាមផ្កាយរណបសម្រាប់អ៊ុយក្រែន ដែលផ្តល់ដោយក្រុមហ៊ុន SpaceX របស់លោក អេឡុន ម៉ាស (Elon Musk) នោះទេ។ យោងតាមមន្ត្រីដដែលនេះថា លោក អេឡុន ម៉ាស នឹងអមដំណើរលោក ត្រាំ ទៅប្រទេសចិន ប៉ុន្តែនឹងមិនចូលរួមក្នុងជំនួបរបស់លោក ត្រាំ ជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន ឡើយ។
គេរំពឹងថា លោក ត្រាំ នឹងមិនជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ីនោះទេ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


