ប្រភពព័ត៌មានមួយអះអាងថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia ជួបប្រជុំ ដើម្បីសម្រេចពីអនាគតរបស់នាយកប្រតិបត្តិ លោក ចេនសិន ហ៊ួង

ប្រភព​ព័ត៌មាន​មួយ ​បាន​អះអាងថា ក្រុមប្រឹក្សាភិបាលរបស់​ក្រុមហ៊ុនអែនវីឌា (Nvidia) បាន​ជួប​ប្រជុំកាល​ពី​ថ្ងៃ​ពុធ ដើម្បី​សម្រេច​ថា តើត្រូវបណ្ដេញលោក​ ចេនសិន ហ៊ួង​ (Jensen Huang) ​ជា​នាយកប្រតិបត្តិ ពីតំណែង​ឬយ៉ាង​ណា​ ខណៈក្រុម​ហ៊ុន​ផ្គត់ផ្គង់បន្ទះឈីប​សម្រាប់​បញ្ញា​សិប្បនិម្មិត​ AI ឈាន​មុខ​គេ​របស់ពិភពលោកមួយនេះ កំ​ពុងប្រឈម​​នឹងព័ត៌មាន​អំពីទំនាក់ទំនង​ស្នេហា​ក្រៅអាពាហ៍ពិពាហ៍ចំនួន​ពីរ ដែលពាក់ព័ន្ធនឹងថ្នាក់​ដឹកនាំយូរអង្វែងរបស់ខ្លួន។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ក្រុមហ៊ុន Nvidia មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទាក់ទងនឹងកិច្ចប្រ​ជុំ​ក្រុមប្រឹក្សាភិបាលនោះទេ។

ប្រសិនបើលោក ហ៊ួង​ ចាកចេញមែន វានឹងបង្កើតឱ្យមានភាព​ទំនេរ​នៃ​តំណែង​ថ្នាក់​ដឹកនាំនៅក្នុង​ក្រុម​ហ៊ុនផលិតបន្ទះឈីប ដែលមានតម្លៃប្រហែល ៤ទ្រី​លានដុល្លារនេះ។ លោក ហ៊ួង គឺជាសហស្ថាបនិក ដែលបានកសាងក្រុមហ៊ុននេះអស់រយៈពេលជាង ៣ទសវត្សរ៍ រហូតក្លាយជា​​ក្រុម​ហ៊ុន​ផ្គត់ផ្គង់បន្ទះឈីបសម្រាប់បញ្ញាសិប្បនិម្មិត (AI) ឈានមុខ​គេ ដែលជាចំណុចស្នូលនៃ​ការ​លូត​លាស់​ក្នុង​​វិស័យបញ្ញាសិប្បនិម្មិតទូទាំង​សកលលោក​ ក៏ដូចជាចំណុចកណ្តាលនៃ​ការប្រ​កួត​ប្រ​ជែង​ផ្នែកបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងចិនផងដែរ​។

លោក ហ៊ួង​ មានវ័យ​៦៣ឆ្នាំ មិនទាន់មានអ្នកស្នងតំណែងច្បាស់លាស់ណាមួយនៅឡើយទេ ហើយលោកកាន់កាប់​ភាគ​ហ៊ុន​ប្រហែល ៣,៦% នៅក្នុងក្រុមហ៊ុន Nvidia។ លើសពីនេះ លោកក៏មានបុគ្គលិកជាច្រើនរូប ដែលត្រូវរាយការណ៍​ផ្ទាល់ជូនលោក ដែលនេះបង្ហាញឱ្យឃើញថា លោក​នៅតែរក្សាការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើក្រុមហ៊ុននេះ។

លោក ហ្គីល លូរៀ (Gil Luria) ជា​ប្រធាន​ផ្នែកស្រាវជ្រាវ​បច្ចេកវិទ្យា​នៅក្រុមហ៊ុន D.A. Davidson បាន​និយាយថា ការ​ដក​លោក ហ៊ួង ចេញពីតំណែង​ភ្លាមៗ អាចជា​រឿង​ពិបាក​សម្រាប់​ក្រុមហ៊ុន​ Nvidia ព្រោះក្រុមហ៊ុននេះ ​មិន​ទាន់​មាន​​ផែន​ការ​ស្នង​តំណែង​ ដែល​បាន​រៀប​ចំ​រួច​ជា​ស្រេចនៅឡើយ​។ ប្រសិនបើ​លោក ហ៊ួង បាន​បំពាន​ច្បាប់​ ឬរំលោភ​លើ​គោល​នយោ​បាយ​ក្រុមហ៊ុន​ ក្រុមប្រឹក្សា​ភិបាល​ទំនង​ជា​នឹង​ចាត់វិធានការ​ភ្លាមៗ នៅពេល​ដែល​ពួកគេមាន​ភស្តុតាង​។

ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះប្រហែល ៨% នៅក្នុងការជួញដូរក្រៅម៉ោងធម្មតា​ បន្ទាប់ពីកាសែត Wall Street Journal បានចុះផ្សាយជាលើកដំបូងថា ក្រុមហ៊ុន Nvidia កំពុងរៀបចំដកលោក ហ៊ួង​ ចេញពីតំណែង។ រាប់បញ្ចូលទាំងការលក់ភាគហ៊ុន​នៅ​ក្នុងការជួញដូរក្រៅម៉ោង​ធម្មតា​កាលពីថ្ងៃពុធ ក្រុមហ៊ុន Nvidia បានបាត់បង់តម្លៃទីផ្សារភាគហ៊ុនប្រហែល ៦០០ពាន់លាន​ដុល្លារនៅ​សប្តាហ៍នេះ ចាប់តាំងពីក្រុមប្រឹក្សាភិបាលបានប្រកាសអំពីការស៊ើបអង្កេតលើទំ​នាក់ទំនងរបស់លោក ហ៊ួង​ ជាមួយស្ត្រីអ្នកជំនួញជនជាតិចិនម្នាក់។

នៅ​មុន​នេះបន្តិច​ កាសែត New York Times បានរាយការណ៍ថា លោក ហ៊ួង​ ក៏ធ្លាប់មានទំ​នាក់​ទំនងស្នេហានៅក្រៅ​​អាពាហ៍ពិពាហ៍ជាមួយថ្នាក់ដឹកនាំម្នាក់​ នៅក្នុងក្រុមហ៊ុន ដែលស្ថិតនៅ​ក្រោមការគ្រប់គ្រងផ្ទាល់របស់លោក​ផង​ដែរ។

កាសែត New York Times បានរាយការណ៍ ដោយដកស្រង់សម្តីមនុស្ស៥នាក់ដែលធ្លាប់ធ្វើការនៅក្រុមហ៊ុន Nvidia ថា ទំនាក់ទំនងនោះ គឺជាមួយអ្នក​ស្រី គីមបឺលី ផូ​វែល​ (Kimberly Powell)​ ជាអនុប្រធានផ្នែកគាំពារ​សុខភាពនៅក្រុមហ៊ុន Nvidia។

នៅពេល​កាសែត New York Times ទាក់ទងតាមទូរស័ព្ទកាលពីថ្ងៃពុធនិង​សាក​សួរអំពីទំនាក់ទំនងរបស់លោក​ជាមួយអ្នកស្រី ផូវែល​ លោក ហ៊ួង​ បាននិយាយថា មិន​គួរ​និយាយផ្ទាល់ជា​មួយ​លោក​ទៀត​ទេ បន្ទាប់មក លោក​ក៏បានផ្តាច់ទូរស័ព្ទ។ ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​នៅមិនទាន់​អាចផ្ទៀង​ផ្ទាត់ព័ត៌មាន​នេះបាន​ភ្លាមៗនៅឡើយ​ទេ។​

សេចក្តី​រាយ​ការណ៍ទាំងនេះបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃភាពចម្រូង​ចម្រាស​ ដែលបានចាប់ផ្តើមឡើង បន្ទាប់​ពីមានការលាតត្រដាងអំពីទំនាក់ទំនងស្នេហា​រវាងលោក ហ៊ួង​ និងអ្នកស្រី អាលីស ហ៊ួង​ (Alice Huang) ជាស្ត្រីម្នាក់ត្រូវបានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកចោទថា បានចូលរួមសម្របសម្រួលការដឹកជញ្ជូនបន្ទះ​ឈីប​របស់ក្រុមហ៊ុន Nvidia ទៅកាន់​ក្រុមហ៊ុននានានៅក្នុងប្រទេសចិន។

អ្នកវិនិយោគ និងអ្នកវិភាគបានលើកឡើងថា ទោះបីជាតម្រូវការបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia ទំនងជានឹងមិនធ្លាក់ចុះក្នុងរយៈពេលដ៏ខ្លីខាងមុខនេះក៏ដោយ ប៉ុន្តែក្រុមហ៊ុនផ្សេងៗទៀត ដែលទទួលបានការគាំទ្រពី Nvidia អាចនឹងរងផលប៉ះពាល់។

នៅក្នុងលិខិតមួយផ្ញើជូនបុគ្គលិកកាលពីថ្ងៃអាទិត្យ លោក ហ៊ួង​ បានទទួលស្គាល់ថា លោក​បាន​ក្បត់ភរិយា ហើយទទួលខុសត្រូវទាំងស្រុងលើ​រឿងនេះ​ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីទំនាក់ទំនងនោះទេ។

នៅថ្ងៃដដែលនោះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nvidia បានចាប់ផ្តើមការស៊ើបអង្កេតមួយ ដើម្បីពិនិត្យមើល​ថា តើលោក ហ៊ួង​ ធ្លាប់ជាគោលដៅនៃប្រតិបត្តិការស៊ើបការណ៍សម្ងាត់របស់បរទេសមែន​ឬយ៉ាងណា​។ ការស៊ើបអង្កេត​នេះ ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សមា​ជិកក្រុមប្រឹក្សាភិបាលឯករាជ្យ ដោយមានការចូលរួមពីទីប្រឹក្សា​ច្បាប់​មកពីខាងក្រៅ។ នៅពេល​នោះ ក្រុមប្រឹក្សាភិបាលបានបង្ហាញការជឿជាក់លើលោក ហ៊ួង​។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ​ថា លោកមិនបានពិភាក្សាអំពីការចោទប្រកាន់ទាំង​នោះជាមួយលោក ហួង ទេ ប៉ុន្តែលោកបានសម្តែងការគាំទ្រចំ​ពោះប្រធានក្រុមហ៊ុន Nvidia រូបនេះ ដោយ​ចាត់ទុក​​លោក​ ហ៊ួង ថា ជាបុគ្គលម្នាក់ដែលមានកិត្តិយស និងជាអ្នក ដែលបានបំពេញការងារដ៏អស្ចារ្យសម្រាប់ប្រទេសអាមេរិក​។

លោក ហ៊ួង​ អាចប្រឈមមុខនឹងកោះហៅពីសភា ប្រសិនបើលោកមិនឆ្លើយតបទៅនឹងសំ​ណើឱ្យចូលរួមផ្តល់ព័ត៌​មាន​នៅក្នុងកិច្ចប្រជុំបិទទ្វារពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកមានទំ​នាក់​ទំនងជិតស្និទ្ធជាមួយស្ត្រីអ្នកជំនួញ​ជន​ជាតិ​ចិន​ម្នាក់ ដែលបានបញ្ជូនព័ត៌មានទៅកាន់ទីក្រុង​ប៉េកាំង។

លោក ហ៊ួង​ បានរួមគ្នាបង្កើតក្រុមហ៊ុន Nvidia ឡើងនៅឆ្នាំ១៩៩៣ ជាមួយលោក ខឺទីស ព្រៀម​ (Curtis Priem) និង​លោក គ្រីស ម៉ាឡាខូវ​ស្គី (Chris Malachowsky)​។ ផលិតផលដំបូង​របស់​ក្រុមហ៊ុន​ ដែលទទួល​បាន​ជោគជ័យ​ គឺបន្ទះ​ឈីប​ក្រាហ្វិកសម្រាប់ហ្គេមនៅលើកុំព្យូទ័រ មុនពេលមាន​កម្មវិធី CUDA និងក្រោយមកទៀត គឺ​បច្ចេកវិទ្យាបញ្ញា​សិប្ប​និម្មិត (AI)៕

​ប្រែសម្រួលអត្ថបទដោយ៖ លោក​ អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង