ប្រជាជនអេស្បាញប្រមាណ ៤លាននាក់ធ្វើកូដកម្មទូទាំងប្រទេសលើកដំបូងក្នុងរយៈពេល១៤ឆ្នាំ ដោយសារមិនសប្បាយចិត្តនឹងវិបត្តិលំនៅឋាន

សហជីពអះអាង​ថា កម្មករអេស្ប៉ាញចំនួន៤លាននាក់បានចូលរួមធ្វើកូដកម្មទូទាំង​ប្រទេស​កា​ល​ពីថ្ងៃពុធ ដោយពួកគេត្រូវ​តស៊ូទប់ទល់នឹងអាកាសធាតុ ដែលមានព្យុះផង​ភ្លៀងផង​ ដើម្បីរៀបចំការ​តវ៉ាប្រឆាំងនឹងវិបត្តិលំនៅ​ឋាន ដែលមានតម្លៃថ្លៃហួសពីលទ្ធភាពប្រជាពលរដ្ឋ ស្របពេលនៅសល់ពេលមិនដល់៣សប្តាហ៍ទៀត​ ការបោះ​ឆ្នោត​សកល​នឹង​​ឈាន​មក​ដល់​​។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់បណ្តាញ​ព័ត៌មាន​ CNN នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ។​

នេះ គឺជាការធ្វើកូដកម្មទូទាំង​ប្រទេស​លើកដំបូងហើយ​ ចាប់តាំងពីកម្មករធ្លាប់​បាននាំគ្នា​ធ្វើ​កូដកម្ម​មិន​ចូល​​ធ្វើការកាល​ពី​ឆ្នាំ២០១២ ដើម្បីប្រឆាំងនឹងវិធានការរឹតត្បិតការចំណាយ អំឡុងពេលមាន​វិបត្តិបំ​ណុលនៅតំបន់ចាយប្រាក់អឺរ៉ូ។

កូដកម្ម​នេះ ទទួលបានការគាំទ្រពីសហជីពធំជាងគេចំនួន​ពីរនៅ​ប្រ​ទេសអេស្ប៉ាញ គឺ UGT និង CCOO ដែលតំណាងឱ្យកម្មករជាងមួយលាននាក់ ព្រមទាំងសមា​គមអ្នកជួលផ្ទះ ដែលកំពុងខឹងសម្បារនឹង​ការដំឡើង​ថ្លៃឈ្នួលផ្ទះ និងការបណ្តេញ​អ្នកជួលផ្ទះ​ចេញពីកន្លែង​ស្នាក់នៅ​​។

នាយករដ្ឋមន្ត្រី ផេដ្រូ សាន់ឆេស (Pedro Sanchez) សង្ឃឹមថា នឹងទាញយកប្រយោជន៍ពីការមិនសប្បាយ​ចិត្តរបស់អ្នកបោះឆ្នោតជុំវិញបញ្ហាផ្ទះសម្បែង​ នៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ​ ដើម្បីបង្វែរការចាប់អារម្មណ៍ចេញពីករណីពុករលួយ ដែលពាក់ព័ន្ធនឹងមនុស្ស​ជំនិតៗរបស់លោក និងហេតុការណ៍គ្រោះថ្នាក់រថភ្លើងដ៏អាក្រក់​កាលពីខែមុន។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ គណបក្សសង្គមនិយម (Socialist Party) របស់លោក នៅតែមានសំឡេងគាំទ្រទាបជាងគណបក្សផ្សេងទៀត នៅក្នុងការស្ទង់មតិ។

សហជីពនានាបានចាត់ទុកការធ្វើកូដកម្មនេះថា ជាជោគជ័យ ទោះបីជាកម្រិតនៃការចូលរួមមាន​ភាពខុសគ្នាទៅតាមតំបន់នានាក្នុងប្រទេសអេស្ប៉ាញក៏ដោយ ដោយមាន​ការគាំទ្រខ្លាំងបំផុត គឺនៅតាម​តំបន់ឆ្នេរសមុទ្រ ជាកន្លែងដែលបញ្ហាទាក់ទងនឹងកន្លែង​ស្នាក់នៅ​មានភាពធ្ងន់​ធ្ងរ​។

ក្នុងទីក្រុងម៉ាឌ្រីដ ក្រុមអ្នកតវ៉ាបានស្រែកហ៊ោអបអរសាទរ នៅពេលដែលហាងនានា រួមមាន Primark  H&M និង Pull & Bear បានទាញទ្វារដែកបិទ ខណៈមានវត្តមានកងកម្លាំងប៉ូលិសបង្ក្រាបកុបកម្មជាច្រើនប្រចាំ​ការ​នៅទីនោះ។

ស្រដៀងគ្នា​នេះដែរ ហាងជាច្រើននៅទីក្រុងបាសេឡូណាក៏បានបិទទ្វារ និងយកក្តារមកបិទបាំងបន្ថែម​ដែរ ជា​ការ​ត្រៀមទុកជាមុនសម្រាប់ករណីមានភាពវឹកវរ។

យោងតាមធនាគារកណ្តាល ប្រទេសអេស្ប៉ាញកំពុងខ្វះខាតលំនៅឋានប្រហែល ៧៥០ ០០០ ខ្នង ហើយចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាងមួយលានខ្នងនៅត្រឹមឆ្នាំ២០​២៨​។

ដោយសារពលរដ្ឋ ​ដែលមានលទ្ធភាពទិញផ្ទះមាន​ចំនួន​តិច​ ថ្លៃ​ជួលផ្ទះបានកើនឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យទីផ្សារនេះស្ថិតក្រោមសម្ពាធ។ យោងតាមក្រុមប្រឹក្សាយុវជននៃប្រទេសអេស្ប៉ាញ (Youth Council of Spain) តម្លៃជួលផ្ទះជាមធ្យមចំនួន ១.១៧៦អឺរ៉ូ (១៣១៥ដុល្លារ) គឺស្មើ​នឹងប្រហែល ៩៨,៧% នៃប្រាក់ខែជាមធ្យមប្រចាំខែរបស់យុវជនម្នាក់នៅក្នុងប្រទេសអេស្ប៉ា​​ញ។​

លោកស្រី អែនជេឡា ដឺ មីហ្គែល (Angela de Miguel) អនុប្រធានក្រុមហ៊ុន​ CEOE ដែលជាស្ថា​ប័នធុរកិច្ចដ៏សំខាន់មួយ​នៅប្រទេសអេស្ប៉ាញ បានលើកឡើងថា ការធ្វើកូដកម្មនេះ គឺជារឿង​ ដែលមិនផ្តល់ផលល្អនោះទេ ព្រោះអាជីវកម្ម​ខ្នាតតូចក៏រងផលប៉ះពាល់ពីវិបត្តិលំនៅឋានដែរ ដោយសារការខ្វះខាតលំនៅឋានធ្វើឱ្យការជ្រើសរើសបុគ្គលិក​ជួប​ការលំបាកកាន់តែខ្លាំង​។

ថ្លែងតាមស្ថានីយទូរទស្សន៍រដ្ឋ TVE លោកស្រីបានលើកឡើងថា ដំណោះស្រាយ គឺការសាងសង់លំនៅឋានឱ្យបានកាន់តែច្រើន និងការកាត់បន្ថយពន្ធលើវិស័យសំណង់ ក៏ដូចជាក្នុងដំ​ណើរ​ការទិញលំនៅឋាន។

សហជីព​អ្នកជួលផ្ទះ​បានលើកឡើងថា ខ្លួននៅតែរំពឹងថា ចំនួនអ្នកចូលរួមក្នុងការធ្វើកូដកម្មនឹងកើនឡើងដល់ ៥លាននាក់នៅត្រឹមចុងថ្ងៃព្រហស្បតិ៍​នេះ។ យោងតាមវិទ្យាស្ថានស្ថិតិជាតិ ប្រទេសអេស្ប៉ាញមានកម្មករនិយោជិតប្រហែល២៣លាននាក់។

យោងតាមសហជីព UGT និង CCOO បាន​ឱ្យ​ដឹង​ថា ការចូលរួមក្នុងសកម្មភាពកូដកម្មបានកើន​ឡើងដល់៩០% នៅតាមកំពង់ផែ និងនៅ​ក្នុង​វិស័យផលិតរថយន្ត ដោយមានសេចក្តីរាយការ​ណ៍​អំពីការផ្អាក​សកម្មភាពការ​ងារ​ទាំងស្រុង នៅតាមរោងចក្រនានា រួមទាំងរោងចក្រផលិត​​រថយន្ត​របស់ក្រុមហ៊ុន Volkswagen និងរោងចក្រផលិត​រថយន្ត​របស់ក្រុមហ៊ុន SEAT នៅ Barcelona ផងដែរ។

យោងតាមក្រុមហ៊ុន Red Electrica ដែលជាប្រតិបត្តិករបណ្តាញអគ្គិសនីរបស់ប្រទេសអេស្ប៉ាញឱ្យ​ដឹង​ថា​ តម្រូវការអគ្គិសនីបានធ្លាក់ចុះរហូតដល់១៥,៥% នៅចន្លោះម៉ោង១០ព្រឹក ដល់ម៉ោង១១ព្រឹក។

ប្រព័ន្ធរថភ្លើងក្រោមដីនៅទីក្រុងបាសេឡូណាបានឱ្យដឹងថា មិនមានរថភ្លើងរត់នៅក្រៅម៉ោងដែលមានអ្នកដំណើរ​ច្រើននោះទេ ខណៈប្រព័ន្ធរថភ្លើងក្រោមដីនៅទីក្រុងម៉ាឌ្រីដបានបញ្ជាក់ថា ចំនួនអ្នកប្រើប្រាស់ អំឡុងម៉ោងដែលមមាញឹក​ខ្លាំង​ បានថយចុះ៤២% បើធៀបនឹងរយៈពេល​ដូចគ្នាកាលពីសប្តាហ៍មុន។

ទោះជាយ៉ាងណា បើ​តាមលោក មីហ្គែល កាដូសូ (Miguel Cardoso) ប្រធានសេដ្ឋវិទូនៅស្ថាប័ន​​ស្រាវជ្រាវ​ BBVA Research បានឱ្យដឹងថា ដោយសារមានមនុស្សកាន់តែច្រើនឡើង​អាចធ្វើការពីចម្ងាយ និងដោយសារវិស័យសេវាកម្មកាន់តែមានតួនាទីសំខាន់នៅក្នុងសេដ្ឋកិច្ចអេស្ប៉ាញ ផលប៉ះពាល់ នៃការធ្វើកូដកម្មនេះទំនងជានឹងមិនសូវធ្ងន់ធ្ងរដូចឆ្នាំមុនៗនោះទេ។ លោកបាន​ប៉ាន់ប្រមាណថា ការធ្វើកូដកម្មនេះអាចធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំរបស់​ប្រទេសអេស្ប៉ាញថយចុះពី០,១% ទៅ០,២%។

ដោយឡែក វិស័យបដិសណ្ឋារកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសអេស្ប៉ាញ ដែលកំពុងរីកចម្រើនយ៉ាង​ឆាប់រហ័សនោះ មាន​អត្រា​នៃការចូលរួមទាបជាងវិស័យសាធារណៈ និងវិស័យឧស្សាហកម្ម​​។

គិតដល់​ពេលនេះ ប៉ូលិសបានរាយការណ៍ពីការចាប់ខ្លួនមនុស្សចំនួន ៤០នាក់ ពាក់ព័ន្ធនឹងហេតុការណ៍ចំនួន ៤៧៦ករណី ដែលជាប់ទាក់ទងនឹងការធ្វើកូដកម្មទូទៅ រួមមានការបិទផ្លូវចូលការិយាល័យ និងតំបន់ឧស្សាហកម្ម ព្រមទាំងការដុតធុងសំរាម។

សហជីពអះអាង​ថា ពួកគេនឹងដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអ្វីដែលពួកគេបានហៅ​ថា ជាការឆ្លើយតបមិនសមាមាត្រ អំឡុងពេលប្រតិបត្តិការរបស់ប៉ូលិស ដែលមានការប្រើប្រាស់​ឧស្ម័នបង្ហូរទឹកភ្នែក និងដំបងឆក់ ឬដំបងវាយ ដែលបណ្តាលឱ្យអ្នកតវ៉ាចំនួន២០នាក់រងរបួស៕

ប្រែសម្រួលអត្ថបទដោយ៖ លោក​ អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង