សភាអាមេរិកគ្រោងនឹងបោះឆ្នោតដកតំណែងលោក ភីត ហេកសិត រដ្ឋមន្ត្រីក្រសួងការពារជាតិនៅសប្តាហ៍នេះ
លោក ភីត ហេកសិត (Pete Hegseth) រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានហៅខ្លួនឯងថា ជារដ្ឋមន្ត្រីក្រសួងសង្គ្រាម។ ការហៅបែបនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីកែប្រែមុខមាត់កងទ័ព ដែលលោកចាត់ទុកថា មានភាពទន់ខ្សោយ អំឡុងពេលលោកចូលកាន់តំណែងកាលពីឆ្នាំមុន ស្របពេលគេរំពឹងថា សភាអាមេរិកនឹងធ្វើការបោះឆ្នោតលើសំណើដកតំណែងរបស់លោកនៅក្នុងសប្តាហ៍នេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃអង្គារនេះ។
លោក វីលលៀម បេលនែប (William Belknap) ដែលកាន់តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិនៅឆ្នាំ១៨៧៦ បានក្លាយជាមេដឹកនាំស៊ីវិលតែម្នាក់គត់ នៃកងទ័ពសហរដ្ឋអាមេរិក ដែលត្រូវបានដកចេញពីតំណែង ដោយសភាតំណាងរាស្ត្រអាមេរិក។
លោក ថូម៉ាស ម៉ាសស៊ី (Thomas Massie) សមាជិកសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋខេនតាក់គី (Kentucky) បានដាក់សំណើចោទប្រកាន់៨ចំណុច ដើម្បីដកតំណែង លោក ហេកសិត កាលពីថ្ងៃចន្ទ។ វិធានការនេះបានបើកផ្លូវឱ្យមានការបោះឆ្នោតរយៈពេល២ថ្ងៃ ដែលអាចនឹងកើតឡើងនៅក្នុងសភាជុំវិញការចោទប្រកាន់មួយចំនួន រួមទាំងការធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ដោយគ្មានការអនុម័តពីសភា និងការរំលោភអំណាចផ្សេងទៀត។
លោក ម៉ាសស៊ី បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយព្រមានថា ថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋអាចនឹងព្យាយាមជៀសវាងការបោះឆ្នោតដោយផ្ទាល់ លើសំណើដកតំណែងនេះ ដោយព្យាយាមច្រានចោលសំណើនោះតែម្តង។
ប្រភពពីសភាបានឱ្យដឹងថា សំណើរនេះអាចនឹងទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីអនុម័ត ទោះបីជាគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បន្តគ្រប់គ្រងសភា រហូតដល់គណបក្សប្រជាធិបតេយ្យចូលកាន់កាប់នៅថ្ងៃទី៣ ខែមករា ក៏ដោយ។
ទោះជាយ៉ាងណា នៅក្នុងព្រឹទ្ធសភា ការសម្រេចឱ្យមានទោសទណ្ឌហាក់ដូចជាមិនទំនងនឹងកើតឡើងនោះទេ ដោយសារតម្រូវឱ្យមានសំឡេងគាំទ្រចំនួនពីរភាគបី ខណៈបច្ចុប្បន្ន គណបក្សសាធារណរដ្ឋកាន់កាប់អាសនៈចំនួន៥៣ ក្នុងចំណោមអាសនៈសរុប១០០។
ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ប្រធានាធិបតី ដូណាល់ ត្រាំ បានការពារលោក ហេកសិត យ៉ាងមុតមាំ ដោយលើកឡើងពីសមិទ្ធផលរបស់យោធាអាមេរិកទៅលើប្រទេសអ៊ីរ៉ង់ និងវេណេស៊ុយអេឡា។
ក្រោយមក លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា លោកនឹងនៅតែគាំទ្រលោក ហេកសិត ដដែល ទោះបីជាមានការចោទប្រកាន់ ដើម្បីដកគាត់ចេញពីតំណែងក៏ដោយ។
លោក ម៉ាយ ចនសុន (Mike Johnson) ជាប្រធានសភា បានជំទាស់នឹងកិច្ចខិតខំប្រឹងប្រែងនេះ ដោយលើកឡើងថា ការចោទប្រកាន់ ដើម្បីទម្លាក់ពីតំណែងចំពេលដែលមានជម្លោះនៅបរទេសនោះ នឹងក្លាយជារឿងអាក្រក់មួយ។
គួររំលឹកថា ការមិនពេញចិត្តរបស់អ្នកបោះឆ្នោតចំពោះសង្គ្រាមនេះ បានជួយឱ្យគណបក្សប្រជាធិបតេយ្យដណ្តើមបានការគ្រប់គ្រងសភា នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីសប្តាហ៍មុន។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យការបែកបាក់នៅក្នុងគណបក្សសាធារណរដ្ឋកាន់តែធ្ងន់ធ្ងរឡើង ពាក់ព័ន្ធនឹងសង្គ្រាម ដែលអនុប្រធានាធិបតី ជេឌី វ៉ានស៍ (JD Vance) បានចោទសួរជាសាធារណៈ ខណៈលោក ហេកសិត បានការពារថា ជាសកម្មភាពប្រកបដោយភាពក្លាហាន និងជាប្រវត្តិសាស្ត្រ។
លោក ហេកសិត បានចាប់ផ្តើមយុទ្ធនាការមួយនៅលើបណ្តាញសង្គម ដោយបានថ្លែងនៅក្នុងសារវីដេអូមួយកាលពីសប្តាហ៍មុនថា លោកនឹងមិនដកថយឡើយ។ លោកក៏បានលើកយកករណីរបស់លោក ត្រាំ ដែលធ្លាប់ត្រូវបានចោទប្រកាន់ ដើម្បីដកតំណែងចំនួនពីរលើក មកប្រៀបធៀបដោយនិយាយថា ការព្យាយាមនេះ មិនបានជោគជ័យលើប្រធានាធិបតី ត្រាំ ទេ ហើយវានឹងមិនជោគជ័យចំពោះរូបលោកដែរ។
នៅពេលត្រូវបានសួរថា តើលោកមានការគាំទ្រគ្រប់គ្រាន់ពីគណបក្សសាធារណរដ្ឋ ដើម្បីទប់ស្កាត់ការប៉ុនប៉ងដកតំណែងដែរឬទេ លោក ហេកសិត បាននិយាយកាលពីថ្ងៃចន្ទថា លោកមិនបារម្ភអំពីបញ្ហានេះទេ។ លោកក៏បានប្រកាសអំពីការរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ ដែលនឹងក្លាយជាសន្និសីទលើកដំបូងរបស់លោកនៅមន្ទីរបញ្ចកោណចាប់តាំងពីខែឧសភាមក។
រដ្ឋមន្ត្រីការបរទេស លោក ម៉ាក្រូ រូប៊ីអូ (Marco Rubio) ដែលលោកក៏ជាទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមានផងដែរនោះ បានហៅការជំរុញឱ្យមានការចោទប្រកាន់ ដើម្បីដកតំណែងលោក ហេកសិត ថា មិនយុត្តិធម៌ ដោយលោកប្រាប់អ្នកសារព័ត៌មានថា លោក ភីត ហេកសិត បំពេញការងារបានល្អ។ កន្លងមក លោក ត្រាំ ក៏ធ្លាប់កោតសរសើរពីស្នាដៃរបស់លោក ហេកសិត ជុំវិញការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ និងការទម្លាក់ប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ចេញពីអំណាចកាលពីខែមករា។
ទោះបីជាយ៉ាងណា សមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួនបានបង្ហាញក្តីបារម្ភថា ប្រសិនបើលោក ហេកសិត នៅតែបន្តកាន់តំណែង នោះទំនាក់ទំនងដ៏តានតឹងរបស់លោកជាមួយសភា នឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ត្រាំ ក្នុងការជំរុញកញ្ចប់ថវិកាការពារជាតិចំនួន ១,៥ទ្រីលានដុល្លារ។
គួររំលឹកថា គណបក្សប្រជាធិបតេយ្យបានសន្យាថា នឹងស៊ើបអង្កេតលោក ហេកសិត ពាក់ព័ន្ធនឹងបញ្ហានានា រួមទាំងការបណ្តេញនាយសេនាធិការចម្រុះ និងមេដឹកនាំជាន់ខ្ពស់ផ្សេងទៀតចេញពីតំណែងនាពេលកន្លងមក៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


