ក្រុមហ៊ុន Nvidia កំពុងស៊ើបអង្កេតជុំវិញព័ត៌មានថា នាយកប្រតិបត្តិរបស់ខ្លួន លោក ចេនសិន ហ៊ួង ធ្លាប់ជាគោលដៅរបស់ចារកម្មបរទេស
ក្រុមហ៊ុន អែនវីឌា (Nvidia) បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងស៊ើបអង្កេតថា តើលោក ចេនសិន ហ៊ួង (Jensen Huang) នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ ធ្លាប់ជាគោលដៅនៃប្រតិបត្តិការចារកម្មសម្ងាត់របស់បរទេសមែនឬយ៉ាងណា។ ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានមួយបានចោទប្រកាន់ថា លោកមានទំនាក់ទំនងជិតស្និទ្ធជាមួយស្ត្រីអ្នកជំនួញជនជាតិចិនម្នាក់ ដែលបានបញ្ជូនព័ត៌មានទៅឱ្យក្រុងប៉េកាំង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃចន្ទនេះ។
លោក ចេនសិន ហ៊ួង បានសារភាពតាមរយៈសារមួយផ្ញើទៅកាន់បុគ្គលិករបស់លោកថា លោកបានក្បត់ភរិយារបស់ខ្លួន ហើយលោកទទួលខុសត្រូវ «ទាំងស្រុង» ចំពោះទង្វើរបស់លោក។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Nvidia បានបញ្ជាក់ថា នាយកប្រតិបត្តិរូបនេះនៅតែប្តេជ្ញាបន្តដឹកនាំក្រុមហ៊ុនដដែល ដោយគ្មានការរំខានអ្វីឡើយ។
ការវិវឌ្ឍន៍ថ្មីនេះ ទំនងជាដាក់សម្ពាធលើភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ល្បី ដែលបានធ្លាក់ចុះយ៉ាងគំហុកនាពេលថ្មីៗនេះ ចំពេលមានការព្រួយបារម្ភអំពីនិរន្តរភាពនៃវិស័យបញ្ញាសិប្បនិម្មិត AI ហើយក៏អាចនឹងចោទជាសំណួរអំពីអនាគតរបស់លោក ហ៊ួង ក្នុងនាមជាថ្នាក់ដឹកនាំក្រុមហ៊ុន ដែលលោកបានរួមគ្នាបង្កើតឡើងជាមួយសហស្ថាបនិកផ្សេងទៀតនោះ។
កាសែត The New York Times បានរាយការណ៍កាលពីខែមុនថា លោក ហ៊ួង មានទំនាក់ទំនងជាមួយអ្នកស្រី អាលីស ហ៊ួង (Alice Huang) ជាអតីតនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េហ្គាស្ពីត (Megaspeed) មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ហើយអ្នកស្រីត្រូវបានអាជ្ញាធរអាមេរិកស៊ើបអង្កេត និងសន្និដ្ឋានថា ជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ចិន។
អាជ្ញាធរអាមេរិកបានពិនិត្យយ៉ាងហ្មត់ចត់លើក្រុមហ៊ុន Megaspeed ដែលទិញបន្ទះឈីប AI ពីក្រុមហ៊ុន Nvidia ដោយសារមានការសង្ស័យថា ក្រុមហ៊ុននេះបានជួយទីក្រុងប៉េកាំងឱ្យទទួលបានបន្ទះឈីប AI ទំនើប ដែលត្រូវបានហាមឃាត់មិនឱ្យនាំចេញទៅកាន់ប្រទេសចិននោះ។
ក្រុមហ៊ុន NVIDIA បានអះអាងថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនកំពុងចាប់ផ្តើមការស៊ើបអង្កេតឯករាជ្យមួយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថ្មីៗនេះថា លោក ចេនសិន ហ៊ួង ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុននេះ បានក្លាយជាគោលដៅរបស់ចារកម្មសម្ងាត់របស់បរទេស។ គណៈកម្មាធិការមួយ ដែលរួមមានសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ ដោយមានជំនួយពីទីប្រឹក្សាច្បាប់ឯករាជ្យមកពីខាងក្រៅ នឹងធ្វើការត្រួតពិនិត្យលើការស៊ើបអង្កេតនេះ។
ក្រុមហ៊ុនបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ទោះបីជាក្រុមប្រឹក្សាភិបាលរបស់ខ្លួនមិនមានហេតុផលណាមួយ ដែលធ្វើឱ្យជឿថា សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ឬអាថ៌កំបាំងរបស់ក្រុមហ៊ុន Nvidia ត្រូវបានលាតត្រដាងឬបែកធ្លាយក៏ដោយ ក៏ការស៊ើបអង្កេតរបស់ខ្លួននឹងពិនិត្យមើលរាល់ព័ត៌មានទាំងអស់ដែលមាន។
សេចក្តីរាយការណ៍បានបន្ថែមថា លោក ហ៊ួង គាំទ្រយ៉ាងពេញទំហឹងចំពោះការត្រួតពិនិត្យនេះ ហើយបានប្តេជ្ញាថា នឹងសហការក្នុងដំណើរការនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាក្រូ រូប៊ីអូ (Marco Rubio) បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីលោក ហ៊ួង ឡើយ នៅពេល ដែលត្រូវបានអ្នកសារព័ត៌មានសួរនាំកាលពីល្ងាចថ្ងៃអាទិត្យ។
ការស៊ើបអង្កេតនេះបានបង្កើនសម្ពាធបន្ថែមទៀតលើក្រុមហ៊ុន Nvidia ក្នុងគ្រាដែលវិនិយោគិនកំពុងកាត់បន្ថយការវិនិយោគរបស់ខ្លួនរួចទៅហើយ ជុំវិញភាពមិនប្រាកដប្រជាអំពីនិរន្តរភាពនៃទីផ្សារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលក្នុងនោះ ក្រុមហ៊ុននេះ គឺជាអ្នកនាំមុខគេ។ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប ដែលមានតម្លៃទីផ្សារ ៤,៥ ទ្រីលានដុល្លារនេះ បានបាត់បង់រាល់ប្រាក់ចំណេញ ដែលរកបានក្នុងឆ្នាំនេះ ខណៈទីផ្សារបច្ចេកវិទ្យាទាំងមូលកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារក្តីបារម្ភអំពីនិរន្តរភាពនៃវិស័យ AI។
លោក ឌែន អាយស៍ (Dan Ives) ជាដៃគូ និងជានាយកគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុនយ៉កវីល អាយស៍ កូ (Yorkville Ives & Co.) បាននិយាយថា វាពិតជាមានហានិភ័យ ហើយថា លោក ចេនសិន ហ៊ួង អាចនឹងត្រូវដកចេញពីតំណែងជានាយកប្រតិបត្តិ ដោយអាស្រ័យលើលទ្ធផល នៃការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាភិបាល។ ករណីនេះនឹងបង្កើនហានិភ័យដល់ភាគហ៊ុនរបស់ក្រុមហ៊ុនផងដែរ ដោយសារលោក ហ៊ួង គឺជាបុគ្គលសំខាន់បំផុតសម្រាប់ដំណើររឿង និងយុទ្ធសាស្ត្រសកលរបស់ក្រុមហ៊ុន Nvidia។
លោក អាយស៍ បាននិយាយថា នេះ គឺជាហេតុការណ៍ដ៏អាក្រក់មួយសម្រាប់លោក ចេនសិន ដែលនឹងនាំឱ្យមានការស៊ើបអង្កេតជាច្រើនទៀតពីសភាអាមេរិក ហើយវាក៏នឹងក្លាយជាកត្តាដាក់សម្ពាធលើតម្លៃភាគហ៊ុនផងដែរ ដោយលោកបន្ថែមថា ដំណឹងនេះនឹងនាំឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបន្ថែមទៀត ពាក់ព័ន្ធនឹងការលក់បន្ទះឈីបទៅកាន់ប្រទេសចិន។
លោក ហ៊ួង បានទទួលស្គាល់ថា លោកបានក្បត់ចិត្តភរិយារបស់លោក ហើយថា ទង្វើរបស់លោកបានធ្វើឱ្យប្រពន្ធនិងកូនៗឈឺចាប់ ហើយលោកគ្មានហេតុផលអ្វីត្រូវដោះសារឡើយ។
សមាជិកសភាជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានអំពាវនាវឱ្យលោក ហ៊ួង ចូលមកបំភ្លឺជូនសភានៅខែនេះ ជុំវិញសេចក្តីរាយការណ៍របស់កាសែត New York Times។
នៅក្នុងលិខិតមួយចុះថ្ងៃទី៤ ខែវិច្ឆិកា សមាជិកសភាទាំងនោះបានលើកឡើងថា សេចក្តីរាយការណ៍នេះបានចោទថា វាជាក្ដីបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងសន្តិសុខជាតិ អំពីលទ្ធភាពដែល (ប្រទេសចិន) អាចទទួលបានបច្ចេកវិទ្យា និងព័ត៌មានដ៏រសើបរបស់អាមេរិក។
លិខិតដដែលបន្តថា វាជារឿងចាំបាច់បំផុត ដែលសភាត្រូវកំណត់ឱ្យបានច្បាស់ថា តើសន្តិសុខជាតិរបស់អាមេរិកកំពុងប្រឈមនឹងហានិភ័យកម្រិតណា។
ចាប់តាំងពីឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានដាក់ចេញនូវវិធានការរឹតត្បិតលើការនាំចេញ ដោយមានគោលបំណងកម្រិតលទ្ធភាពរបស់ប្រទេសចិន ក្នុងការទទួលបានបន្ទះឈីបទំនើបៗ របស់ក្រុមហ៊ុន Nvidia និងឧបករណ៍ចាំបាច់សម្រាប់ការផលិតបន្ទះឈីបទាំងនោះ។
លោក ហ៊ួង ដែលបានរួមគ្នាបង្កើតក្រុមហ៊ុន Nvidia ក្នុងឆ្នាំ១៩៩៣ បាននិយាយថា លោកប្តេជ្ញាការពារក្រុមហ៊ុន NVIDIA និងគាំទ្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
កាលពីមុន ក្រុមហ៊ុន Nvidia បានអះអាងថា លោក ហ៊ួង តែងតែពិភាក្សាជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុនរាប់ពាន់នាក់ ដែលជាអតិថិជនរបស់ក្រុមហ៊ុន Nvidia ជារៀងរាល់ឆ្នាំ ហើយអតិថិជន សេវាកម្មផ្ទុកទិន្នន័យក្លោដ (cloud) នៅអាស៊ី ទទួលបានត្រឹមតែព័ត៌មានអាជីវកម្មទូទៅប៉ុណ្ណោះ មិនមែនជាព័ត៌មានសម្ងាត់ពាណិជ្ជកម្មដ៏រសើបរបស់ Nvidia ឬអ្វី ដែលពាក់ព័ន្ធនឹងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនោះទេ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


