មនុស្សជាង ១៤ម៉ឺននាក់បានជួបជុំគ្នា ខណៈការតវ៉ាថ្មីៗប្រឆាំងនឹងការកើនឡើងនៃថ្លៃចំណាយបន្តកើតឡើងនៅទូទាំងប្រទេសបារាំង
មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំងជាលើកទីបួនជាប់ៗគ្នា នៅចុងសប្តាហ៍នេះ ដែលជាការបង្ហាញការមិនសប្បាយចិត្តថ្មីទៀតប្រឆាំងនឹងរដ្ឋាភិបាល។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានអាល់ចាហ្ស៊ីរ៉ា កាលពីថ្ងៃសៅរ៍។
ក្រសួងមហាផ្ទៃបារាំងបានឱ្យដឹងថា មនុស្សប្រហែល ១៤ ៦០០០នាក់ បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេស កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងការកើនឡើងថ្លៃចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃ ក្នុងនោះមានអ្នកតវ៉ា ៤៦០០០នាក់ បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងប៉ារីស។
ទោះបីជាយ៉ាងណា សហជីពបានប៉ាន់ប្រមាណថា មានអ្នកតវ៉ាចំនួន ២៥០.០០០នាក់ចេញមកតវ៉ានៅទូទាំងប្រទេស ក្នុងនោះមាន ៧៥.០០០នាក់ នៅក្នុងរាជធានីនៃប្រទេសបារាំង។
ការតវ៉ានេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្សប្រមាណ ៥៧ ៥០០០នាក់បានចូលរួមក្នុងការតវ៉ាមួយ ដែលរៀបចំឡើងដោយក្រុមសហជីព។
កងកម្លាំងសន្តិសុខប្រមាណ ៧០.០០០នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឡូរ៉ង់ នូណេស (Laurent Nunez) បានព្រមានថា អាជ្ញាធរនឹងត្រៀមចាត់វិធានការចំពោះបុគ្គលណា ដែលបង្កភាពវឹកវរ ឬធ្វើសកម្មភាពលួចប្លន់។
ការប៉ះទង្គិចគ្នាបានកើតឡើងរវាងប៉ូលិស និងក្រុមអ្នកតវ៉ាមួយចំនួននៅរដ្ឋធានីប៉ារីស ទោះបីជាចំនួនអ្នកចូលរួមមានតិចជាងសប្តាហ៍មុនៗក៏ដោយ។
រូបភាពវីដេអូ ដែលត្រូវបានបង្ហោះតាមអ៊ីនធឺណិតដោយទីភ្នាក់ងារព័ត៌មានស៊ីអែលប៉្រេស (CLPRESS) បានបង្ហាញពីសកម្មភាពរបស់ប៉ូលិសសម្រុកចូលទៅរកក្រុមអ្នកតវ៉ា និងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកក្នុងគោលបំណងបំបែកក្រុមមនុស្ស។ គេក៏បានឃើញមន្ត្រីប៉ូលិសម្នាក់ប្រើដំបងវាយទៅលើអ្នកតវ៉ាម្នាក់ផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់ព័ត៌មានពីប៉ូលិស ឱ្យដឹងថា មនុស្សមួយក្រុមដែលមានគ្នា ២០០នាក់ បានវាយប្រហារមន្ត្រីប៉ូលិស ខណៈប៉ូលិសកំពុងចាប់ខ្លួនបុរសម្នាក់ ដែលបានដុតធុងសំរាមមួយនៅក្នុងទីលានក្នុងទីក្រុងប៉ារីស។
នៅក្នុងទីក្រុងលីយ៉ុង ដែលស្ថិតនៅភាគអាគ្នេយ៍ ប៉ូលិសក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមមនុស្សរាប់រយនាក់ នៅកណ្តាលទីក្រុង ដែលកំពុងបិទផ្លូវក្នុង អំឡុងការជួបជុំមួយដែលមិនមានការអនុញ្ញាត។
អ្នករាយការណ៍របស់បណ្តាញព័ត៌មាន Al Jazeera បានឱ្យដឹងថា មនុស្ស ដែលប្រកបមុខរបរផ្សេងៗគ្នា បានចូលរួមក្នុងការតវ៉ា ដើម្បីគាំទ្រដល់ចលនា ដែលដឹកនាំដោយនិស្សិត។
ការតវ៉ានៅក្នុងប្រទេសបារាំងបានចាប់ផ្តើមឡើងកាលពីខែកញ្ញា ដោយសារតែលក្ខខណ្ឌមិនល្អ និងកង្វះខាតធនធាននៅតាមវិទ្យាល័យនានាក្នុងប្រទេសនេះ។ ក្រោយមក ការតវ៉ាទាំងនោះបានពង្រីកវិសាលភាពទៅជាការលើកឡើងនូវបញ្ហាជាច្រើនទៀត ដែលជាប់ពាក់ព័ន្ធនឹងការធ្លាក់ចុះនៃកម្រិតជីវភាពរស់នៅ។ ចលនានេះនៅតែបន្តដឹកនាំដោយសិស្សានុសិស្សនៅក្នុងប្រទេសបារាំង ប៉ុន្តែក៏មានការចូលរួមពីប្រជាពលរដ្ឋគ្រប់វ័យផងដែរ។
ការតវ៉ានៅចុងសប្តាហ៍នេះ កើតឡើងក្នុងបរិបទ ដែលប្រទេសបារាំងគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងនៅខែមេសាឆ្នាំក្រោយ។ លទ្ធផលស្ទង់មតិបានបង្ហាញថា បេក្ខជនមកពីគណបក្សស្តាំនិយមជ្រុល «National Rally» គឺលោកស្រី ម៉ារីន ឡឺ ប៉ែន (Marine Le Pen) ទទួលបានសំឡេងគាំទ្រនាំមុខគេ បន្ទាប់មកគឺលោក ហ្សង់លូក មឺឡង់សុង (Jean-Luc Melenchon) ជាបេក្ខជនមកពីគណបក្សឆ្វេងនិយមជ្រុល «France Unbowed»។
កាលពីថ្ងៃសៅរ៍ លោក មឺឡុងសុង បានបង្ហាញកម្មវិធីនយោបាយរបស់លោកទៅកាន់អ្នកគាំទ្រប្រមាណ ១៧.០០០នាក់ ដោយសន្យាថា នឹងធ្វើអ្វីៗផ្ទុយពីអ្វី ដែលប្រធានាធិបតីបច្ចុប្បន្ន លោក អេមម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) បានធ្វើ។
លោកបានសន្យាថា នឹងជំរុញសេដ្ឋកិច្ច តាមរយៈការទាញយកប្រយោជន៍ពីការចំណាយរបស់អ្នកប្រើប្រាស់ និងតាមរយៈការប្រើប្រាស់ទឹកប្រាក់រាប់ពាន់លាន [អឺរ៉ូ] ដែលមានស្រាប់ ដោយបានបន្ថែមថា ប្រាក់សន្សំទាំងនេះ ត្រូវតែបង្វែរទៅប្រើប្រាស់សម្រាប់ដោះស្រាយតម្រូវការផ្នែកបរិស្ថាន និងសង្គម។
ការខូចខាតដែលកើតចេញពីការតវ៉ាដែលប្រែជាហិង្សាជាបន្តបន្ទាប់នេះ ត្រូវបានប៉ាន់ប្រមាណថា មានទំហំទឹកប្រាក់ជាង ១ពាន់លានអឺរ៉ូ (១,១ ពាន់លានដុល្លារ) ខណៈហាង និងអាជីវកម្មជាង ២.០០០កន្លែងផ្សេងទៀតនៅទូទាំងប្រទេស ត្រូវបានគេនិយាយថា បានរងផលប៉ះពាល់ដោយផ្ទាល់៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


