លោក ត្រាំ តែងតាំងលោក ស្ទេហ្វិន មីលល័រ ដែលមានជំហរតឹងរ៉ឹង ជានាយកខុទ្ទកាល័យ បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានតែងតាំងលោក ស្ទីហ្វិន មីលល័រ (Stephen Miller) ជាជំនួយការយូរឆ្នាំ ឱ្យកាន់តំណែងជានាយកខុទ្ទកាល័យរបស់លោក។ ការតែងតាំងនេះបានផ្តល់តួនាទីដ៏មានអំណាចបំផុតមួយទៅឱ្យបុគ្គល ដែលជាអ្នករៀបចំគោលនយោបាយក្នុងស្រុកដ៏តឹងរ៉ឹងបំផុតម្នាក់របស់ ត្រាំ ស្របពេល ដែលគណបក្សសាធារណរដ្ឋបានបាត់បង់ការគ្រប់គ្រងលើអំណាចសភា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃសៅរ៍នេះ។
លោក មីលល័រ ដែលនឹងមកជំនួសតំណែងលោកស្រី ស៊ូស៊ី វ៉ាលស៍ (Susie Wiles) នឹងចូលកាន់តួនាទីនេះ ខណៈគ្រាដែលលោកប្រធានាធិបតីត្រៀមខ្លួនប្រឈមមុខនឹងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ព្រមទាំងរលកនៃការស៊ើបអង្កេតនានាពីសំណាក់សភា ទៅលើរដ្ឋបាលរបស់លោក។
ក្នុងនាមជាអ្នកគាំទ្រដ៏យូរអង្វែងម្នាក់ ការចូលកាន់តំណែងរបស់ លោក មីលល័រ កើតឡើងចំពេលគណបក្សសាធារណរដ្ឋបរាជ័យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារ ហើយលទ្ធផលនេះ អាចធ្វើឱ្យលោក ត្រាំ កាន់តែពឹងផ្អែកខ្លាំងលើអំណាចប្រតិបត្តិ ដើម្បីជំរុញរបៀបវារៈគោលនយោបាយក្នុងស្រុក។
តាមរយៈសារលើបណ្តាញសង្គមមួយ លោក ដូណាល់ ត្រាំ បានហៅលោក មីលល័រ ថា ជាទីប្រឹក្សាដ៏គួរឱ្យទុកចិត្តបំផុតម្នាក់របស់លោក និងបានកោតសរសើរលោកស្រី វ៉ាលស៍ ថាបំពេញការងារបានយ៉ាងល្អនាពេលកន្លងមក។ លោក ត្រាំ បានបញ្ជាក់ថា ការផ្លាស់ប្តូរនេះនឹងចាប់ផ្តើមមានសុពលភាពពីថ្ងៃចន្ទតទៅ។
មន្ត្រីសេតវិមានម្នាក់បាននិយាយថា ការតែងតាំងលោក មីលល័រ បង្ហាញឱ្យឃើញថា លោក ត្រាំ មិនមានបំណងពិចារណាឡើងវិញលើគោលនយោបាយរបស់លោកនោះទេ ប៉ុន្តែផ្ទុយទៅវិញ លោកកំពុងផ្តល់រង្វាន់ដល់ជំនួយការ ដែលស្មោះត្រង់បំផុតចំពោះរូបលោក។
មន្ត្រីរូបនោះបាននិយាយថា លោក ត្រាំ មិនផ្លាស់ប្តូរទិសដៅនោះទេ ទោះបីជាអ្នកបោះឆ្នោតអាមេរិកចំនួនរាប់លាននាក់ បានបដិសេធរបៀបវារៈក្នុងស្រុក និងគោលនយោបាយការបរទេសរបស់លោកក៏ដោយ។
លោក ត្រាំ បានថ្លែងនៅសប្តាហ៍នេះថា លោកមានឆន្ទៈធ្វើការជាមួយសមាជិកគណបក្សប្រជាធិបតេយ្យនៅសភា។ ប៉ុន្តែមន្ត្រីសេតវិមានមួយចំនួនបានលើកឡើងថា ការតែងតាំងលោក មីលល័រ ដែលគេស្គាល់ថា ជាមនុស្សមានសម្តីមុតស្រួច និងមិនងាយសម្របសម្រួលនោះ អាចជាសញ្ញាបង្ហាញពីវិធីសាស្ត្របែបប្រឈមមុខដាក់គ្នាខ្លាំងជាងមុន និងជាការជំរុញជាថ្មី ដើម្បីអនុវត្តគោលនយោបាយរបស់លោក ត្រាំ ពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍ និងបញ្ហាផ្សេងៗទៀត។
លោក ត្រាំ មិនពេញចិត្តនឹងការអនុវត្តនយោបាយ និងការងារទំនាក់ទំនងរបស់លោកឡើយ អំឡុងពេលមុនការបោះឆ្នោតកាលពីថ្ងៃអង្គារ ខណៈកម្រិតនៃការគាំទ្រពីសាធារណជនចំពោះរូបលោកបានធ្លាក់ចុះដល់កម្រិតទាបបំផុត។ យោងតាមបុគ្គលម្នាក់ ដែលបានដឹងអំពីបញ្ហានេះ បាននិយាយថា នៅសប្តាហ៍នេះ លោក ត្រាំ បានលើកឡើងថា សេតវិមានចាំបាច់ត្រូវតែមានសកម្មភាពខ្លាំងក្លាជាងមុន នៅពេលដែលគណបក្សប្រជាធិបតេយ្យត្រឡប់មកកាន់អំណាចនៅក្នុងសភាវិញ។
លោក មីលល័រ បានលើកឡើងនៅលើបណ្តាញសង្គម X ក្រោយទទួលបានការតែងតាំងថាបេសកកម្មនៅពេលនេះ គឺកាន់តែច្បាស់លាស់ជាងពេលណាៗទាំងអស់ គឺត្រូវតស៊ូអស់ពីដួងចិត្ត ដើម្បីគាំទ្រប្រធានាធិបតី និងការពារគណបក្សសាធារណរដ្ឋដ៏អស្ចារ្យនេះ។
លោក ហាគីម ជេហ្វហ្វ្រី (Hakeem Jeffries) ដែលនឹងក្លាយជាប្រធានសភាថ្មីមកពីគណបក្សប្រជាធិបតេយ្យ បានឆ្លើយតបទៅនឹងសេចក្តីប្រកាសនេះ តាមរយៈសារបង្ហោះលើបណ្តាញ សង្គម X ដោយហៅលោក មីលល័រ ថា ជាជនជ្រុលនិយម ដែលមិនចេះគិតគូរ។
លោក មីលល័រ ដែលមានអាយុ៤១ឆ្នាំ គឺជាជំនួយការម្នាក់ក្នុងចំណោមជំនួយការរបស់លោក ត្រាំ ដែលបម្រើការយូរជាងគេបំផុត ហើយក៏ជាមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលបានបម្រើការងារពេញមួយអាណត្តិទី១ និងអាណត្តិទី២ របស់លោក ត្រាំ ក្នុងតំណែងនេះ។
ចាប់តាំងពីលោក ត្រាំ បានវិលត្រឡប់ចូលកាន់តំណែងនៅសេតវិមានក្នុងឆ្នាំ២០២៥ មក លោក មីលល័រ បានកាន់តំណែងជាផ្លូវការជាអនុប្រធានខុទ្ទកាល័យក្រោមការដឹកនាំរបស់លោកស្រី វ៉ាលស៍ ប៉ុន្តែលោកមានឥទ្ធិពលយ៉ាងខ្លាំងលើរបៀបវារៈក្នុងស្រុកភាគច្រើនរបស់លោក ត្រាំ ហើយក៏ជាបុគ្គលម្នាក់ ដែលលោកប្រធានាធិបតីតែងតែស្តាប់យោបល់ផងដែរ។
គេប្រហែលជាស្គាល់លោក មីលល័រ ច្បាស់តាមរយៈការដឹកនាំយុទ្ធនាការដ៏តឹងរ៉ឹងរបស់លោក ត្រាំ ក្នុងការបង្ក្រាបជនអន្តោប្រវេសន៍ ដោយបានកំណត់គោលដៅចាប់ខ្លួនមនុស្សឱ្យបាន ៣.០០០នាក់ក្នុងមួយថ្ងៃ។
ដើម្បីសម្រេចបាននូវគោលដៅនេះ មន្ត្រីអន្តោប្រវេសន៍អាមេរិក បានចុះទៅតាមសហគមន៍នានាទូទាំងប្រទេស ហើយបានបង្កើនការចាប់ខ្លួនមនុស្ស ដែលមិនធ្លាប់មានប្រវត្តិជាប់ពាក់ព័ន្ធអំពើឧក្រិដ្ឋកម្ម និងអ្នកដែលបានរស់នៅក្នុងប្រទេសនេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
លោក មីលល័រ ក៏បានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការរបស់លោក ត្រាំ ដើម្បីរៀបចំរចនាសម្ព័ន្ធរដ្ឋបាលសហព័ន្ធឡើងវិញ ដែលនាំឱ្យមានការបញ្ឈប់មន្ត្រីរាជការរាប់ម៉ឺននាក់ពីការងារនៅឆ្នាំ២០២៥។ លោកក៏ជាកម្លាំងចលករដ៏សំខាន់មួយនៅពីក្រោយជម្លោះរបស់រដ្ឋបាលលោក ត្រាំ ជាមួយសាកលវិទ្យាល័យនានា កម្មវិធីលើកកម្ពស់ភាពចម្រុះ និងស្ថាប័នផ្សេងៗទៀតផងដែរ។
ពាក់ព័ន្ធនឹងគោលនយោបាយការបរទេសវិញ លោក មីលល័រ គឺជាអ្នកគាំទ្រយ៉ាងសកម្មចំពោះការវាយប្រហារយោធាដ៏សាហាវរបស់លោក ត្រាំ ទៅលើទូកនានា ដែលត្រូវបានសង្ស័យថាដឹកជញ្ជូនគ្រឿងញៀននៅតំបន់ការ៉ាបៀន និងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាយុទ្ធនាការមួយបង្កឱ្យមានសំណួរពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភីត ហេកសិត (Pete Hegseth) ដែលកំពុងប្រឈមមុខនឹងការទាមទារពីគណបក្សប្រជាធិបតេយ្យ ឱ្យដកតំណែងពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់នោះ បានអបអរសាទរចំពោះការតែងតាំងតំណែងថ្មីដល់លោក ។ សារនេះបានឆ្លុះបញ្ចាំងពីក្តីរំភើបរីករាយរបស់សម្ព័ន្ធមិត្តលោក ត្រាំ មួយចំនួន ដែលបានគាំទ្រឱ្យលោក មីលល័រ ទទួលបានតំណែងដែលមានអំណាចកាន់តែធំជាងមុន។
គួររំលឹកថា អំឡុងអាណត្តិរបស់លោកពីឆ្នាំ២០១៧ ដល់២០២១ លោក ត្រាំ បានផ្លាស់ប្តូរនាយកខុទ្ទកាល័យចំនួន៤រូប ដែលជាចំនួនច្រើនខុសធម្មតា ដោយសារពួកគេត្រូវបានគេមើលឃើញថា មានការលំបាកក្នុងការគ្រប់គ្រង ឬទប់ទល់ជាមួយនឹងប្រធានាធិបតីរូបនេះ ដែលមានឥរិយាបថពិបាកប៉ាន់ស្មានបាន៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


