លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា មានការវាយប្រហារថ្មីលើកោះ ហ្គេសឹមរបស់អ៊ីរ៉ង់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់អំពីការវាយប្រហារដោយ​យោធាអាមេ​រិកទៅលើកោះ ហ្គេសឹម​ (Qeshm) របស់អ៊ីរ៉ង់ ស្របពេល​អះអាងថា ទីក្រុងវ៉ាស៊ីនតោនបានសម្រេចវឌ្ឍនភាពជាច្រើន​នៅក្នុងការចរចាជាមួយប្រទេសអ៊ីរ៉ង់។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​អាល់ចាហ្ស៊ីរ៉ា​នៅថ្ងៃ​សៅរ៍នេះ។​

លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងអាមេរិកបានធ្វើការវាយប្រ​ហារ​មួយ ដែលលោកបាន​ហៅ​ថា ជាការវាយប្រហារកម្រិតស្រាល ទៅលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងវ៉េសផាមប៊ីច​ (West Palm Beach) រដ្ឋហ្វ្ល័រីដា​ ថា អាមេរិក​ធ្វើការវាយ​ប្រហារក្នុងកម្រិតតូចមួយ ដោយ​សារ​អ៊ីរ៉ង់​បាន​ដំឡើងឧបករណ៍ការពារប្រឆាំងនឹងយន្តហោះ ហើយអាមេរិក​បាន​កម្ទេចវាចោលក្នុងរយៈពេលប្រហែល១៥នាទី។​

លោក ត្រាំ បានថ្លែង​ភ្លាមៗ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍អំពីការវាយប្រ​ហារដោយមីស៊ីលចំនួនពីរលើកនៅតំបន់ស៊ូហ្សា​ (Suza) និង​លើកោះហ្គេសឹម​នៅ​ច្រកសមុទ្រហ័រម៉ូស​ ដែលជាផ្លូវទឹក​សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង។

ស្ថានីយ៍ផ្សព្វផ្សាយរបស់​​រដ្ឋ IRIB របស់​អ៊ីរ៉ង់​ ក៏បានដក​ស្រង់​សេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីរ៉ង់ ដែល​ថា កងកម្លាំង​​ការពារដែនអាកាសរបស់ប្រទេសនេះ បានស្ទាក់ចាប់ និងបំផ្លាញដ្រូនអា​មេរិកប្រភេទ MQ-9 មួយគ្រឿងនៅ​ពី​លើ​កោះហ្គេសឹម​។

ជា​ការ​ឆ្លើយតបទៅនឹងសេចក្តីរាយការណ៍អំពីការវាយ​ប្រហា​រ​នៅ​លើកោះហ្គេសឹម​ បញ្ជា​ការ​ដ្ឋានកណ្តាលសហរដ្ឋ​អាមេ​រិក (CENTCOM) ដែលត្រួតពិនិត្យប្រតិបត្តិការយោធាអាមេរិកនៅតំបន់មជ្ឈិមបូព៌ា បានលើកឡើងថា ស្ថាន​ភាព គឺមានភាពស្ងប់ស្ងាត់គួរសម។

នៅ​យប់ថ្ងៃសុក្រនោះដែរ​ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានប្រកាសនៅលើបណ្តាញសង្គម X ថា សហរដ្ឋអាមេរិកនឹង​ផ្តល់រង្វាន់ទឹកប្រាក់​រហូតដល់២០លានដុល្លារ ព្រមទាំងអាចជួយរៀបចំការផ្លាស់ប្តូរទីលំនៅផងដែរ សម្រាប់ការ​ផ្តល់​ព័ត៌មានទាក់ទងនឹងកម្មវិធី​នុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមមានទីតាំង ឧបករណ៍ និងបុគ្គលិកពាក់ព័ន្ធ ដូចជាអ្នកនៅក្នុងវិស័យ​វិទ្យាសាស្ត្រ ឬសកម្មភាពចល័តអ្វីៗ ដែលបានរៀបរាប់ខាងលើនេះ។

កាល​ពី​ថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍អំពីការផ្ទុះជាច្រើនលើកនៅលើកោះហ្គេសឹម ខណៈប្រព័ន្ធផ្សព្វ​ផ្សាយ​អាមេរិកបានរាយការណ៍ថា យោធាអាមេរិកបានបើ​ប្រតិបត្តិការ ដែល​មន្ត្រីហៅថា “ការវាយប្រហារបែបការពារ” នៅក្នុងច្រកសមុទ្រហ័រ​ម៉ូស​។

ដោយឡែក​កាលពីថ្ងៃសៅរ៍ ប្រទេសកាតាបានច្រានចោលសេចក្តីរាយការណ៍ ដែលអះអាងថា ការចរចារវាងអាមេ​រិក និងអ៊ីរ៉ង់បានបរាជ័យ ដោយព្រមានថា ការអះអាងបែបនេះផ្តល់ផលប្រ​យោជន៍ចំពោះអ្នក ដែលចង់អូសបន្លាយ​​សង្គ្រាមតែ​ប៉ុណ្ណោះ។

លោក ម៉ាជេដ អាល់ អានសារី (Majed al-Ansari) អ្នកនាំពាក្យក្រសួងការបរទេសកាតា បានលើក​ឡើងនៅក្នុងសារមួយនៅលើបណ្តាញសង្គម X ថា ការផ្សព្វផ្សាយព័ត៌មាន​មិនពិតបែបនេះ គឺផ្តល់ផលប្រយោជន៍ដល់ភាគី ដែលចង់អូសបន្លាយសង្គ្រាម និងបង្កអស្ថិរភាពនៅក្នុងតំ​បន់ប៉ុណ្ណោះ។

នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសកាតា គឺលោក សេក ម៉ូហាមម៉េដ​ ប៊ីន អាប់ឌុលរ៉ាម៉ាន់ ប៊ីន ចាស្មីន​ អាល់​ថានី​ (Sheikh Mohammed bin Abdulrahman bin Jassim Al Thani) បានថ្លែងនៅក្នុងបទសម្ភាសន៍​ជាសាធារណៈនៅសាកលវិទ្យាល័យ Oxford កាលពីថ្ងៃសុក្រថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនៅតែបន្ត​ដំណើរការ ដើម្បីទប់ស្កាត់កុំឱ្យមានការកើនឡើងនៃជម្លោះទ្រង់ទ្រាយធំក្នុងតំបន់ ព្រមទាំងបានព្រមានថា វិបត្តិ​មួយ​នេះ​មិនអាច​ទុកចោលដោយគ្មានដំណោះស្រាយនោះទេ។

លោក អាល់ថានី បានថ្លែង​ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្រុមការ​ងារ​បានធ្វើការ​ជាមួយសហការីនៅក្នុងរដ្ឋាភិ​បាលអាមេរិក ដែលមានឆន្ទៈស្មោះត្រង់ពិតប្រាកដក្នុងការស្វែងរកមធ្យោបាយ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងកាត់បន្ថយភាពតានតឹង។ លោកបានបន្ត​ថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនៅតែបន្តធ្វើ​ ដើម្បី​ទប់​ស្កាត់​កុំឱ្យស្ថានការ​ណ៍វិវត្តទៅដល់ចំណុច ដែលមិនអាចគ្រប់គ្រងបាន។

ការវាយប្រហារកាលពីថ្ងៃសុក្រ គឺជាហេតុ​ការណ៍លើកដំបូង បន្ទាប់ពីគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ បានជួបបរាជ័យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារ។ លោក ត្រាំ បានលើកឡើងថា លទ្ធផល​នៃការបោះឆ្នោតនេះ គឺបណ្តាលមកពីសង្គ្រា​ម​ជាមួយអ៊ីរ៉ង់។

គួរកត់សម្គាល់ថា ចាប់តាំងពីការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារមក លោក ត្រាំ ហាក់ផ្លាស់ប្តូរឥរិយា​បថ​ចុះឡើង​ ដោយ​ម្តង​បង្ហាញ​ការ​គំរាមកំហែងដល់ប្រទេសអ៊ីរ៉ង់ និងពេលខ្លះ​ អះអាង​ថា ដំណោះស្រាយសម្រាប់​សង្គ្រាមនេះអាចនឹងកើតឡើងក្នុងពេលឆាប់ៗ​។

ប៉ុន្តែ​កាល​ពី​ថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងត្រូវបំផ្លាញ​អ្វី ដែលនៅសេសសល់របស់​ប្រទេសអ៊ីរ៉ង់ ដោយបន្ថែមថា មនុស្សគ្រប់គ្នានឹងដឹងក្នុងពេលឆាប់ៗនេះ ប្រសិនបើលោកចាត់វិធានការមែននោះ។

ក្រុម​មន្ត្រីនៅ​មន្ទីរបញ្ចកោណ និងមេបញ្ជាការយោធាមួយចំនួន ដែលសុំ​មិនបញ្ចេញឈ្មោះ បាន​​ប្រាប់កាសែត The New York Times កាលពីថ្ងៃពុធថា កងកម្លាំងទ័ពអាកាស និងទ័ពជើងទឹកអាមេរិករាប់ពាន់នាក់ ដែលស្ថិតនៅ​លើ​នាវា​ជាង​ ១០​គ្រឿង និងនៅតាមមូលដ្ឋាននានាជុំវិញ​តំបន់មជ្ឈិមបូព៌ា ក៏ដូចជានៅ​អាមេរិកផ្ទាល់ គឺកំពុងត្រៀម​ខ្លួនរួចរាល់ ដើម្បីបន្តប្រតិ​បត្តិការប្រយុទ្ធទ្រង់ទ្រាយធំប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ តាមបញ្ជារបស់លោក ត្រាំ។

ស្របពេលជាមួយគ្នានេះដែរ ទីក្រុងតេហេ​រ៉ង់បានបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់​ខ្លួន​ ចំពេលដែលមាន​ការលើកឡើងរបស់​លោក ដូណាល់ ត្រាំ ដែល​ថា សហរដ្ឋអាមេរិកអាចនឹងបន្តការវាយប្រហារទ្រង់ទ្រាយធំលើប្រទេស​អ៊ីរ៉ង់​ឡើងវិញ៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – Saly Gas
Detail Bottom – GTVC Speedboat Cambodia
អត្ថបទដែលជាប់ទាក់ទង