លោក ហ្សេឡិនស្គី អះអាងថា អ៊ុយក្រែនកំពុងបន្តការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់រុស្ស៊ី
ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែនកំពុងវាយប្រហារទៅលើគោលដៅនានាដែលពាក់ព័ន្ធនឹងវិស័យប្រេងរបស់រុស្ស៊ី ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ីមកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងសៅរ៍នេះ។
លោក ហ្សេឡិនស្គី បានលើកឡើងបែបនេះ ៤ថ្ងៃមុនការបន្តកិច្ចចរចាដែលបានគ្រោងទុកជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលសំដៅឆ្ពោះទៅរកដំណោះស្រាយបញ្ចប់សង្គ្រាមប្រឆាំងនឹងរុស្ស៊ី ដែលបានអូសបន្លាយអស់រយៈពេលជាង ៤ឆ្នាំកន្លះ។ វានឹងក្លាយជាកិច្ចប្រជុំលើកដំបូងក្នុងទម្រង់បែបនេះ ចាប់តាំងពីខែកុម្ភៈមក។
លោក ហ្សេឡិនស្គី បានថ្លែងនៅក្នុងសារមួយ បន្ទាប់ពីការពិភាក្សាលើរបាយការណ៍ស្តីពីការវាយប្រហាររបស់អ៊ុយក្រែនទៅលើគោលដៅនានារបស់រុស្ស៊ីថា ប្រតិបត្តិការប្រឆាំងនឹងវិស័យចម្រាញ់ប្រេងរបស់រុស្ស៊ីនៅតែបន្ត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។
លោកបាននិយាយថា រោងចក្រថាមពល បណ្តាញថាមពល ប្រព័ន្ធកម្ដៅ និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់អ៊ុយក្រែន កំពុងរងការវាយប្រហារឥតឈប់ឈរពីសំណាក់ដ្រូន និងមីស៊ីលរបស់រុស្ស៊ី។
លោកបានបន្តថា រុស្ស៊ីមិនបានផ្លាស់ប្តូរលក្ខណៈនៃសកម្មភាពឈ្លានពានរបស់ពួកគេឡើយ ។ ពួកគេបានបដិសេធវិធានការកាត់បន្ថយភាពតានតឹង ហើយកំពុងរៀបចំផែនការធ្វើការវាយប្រហារបន្ថែមទៀត។
មន្ត្រីរុស្ស៊ីបានរាយការណ៍អំពីការវាយប្រហារជាច្រើនករណីលើគោលដៅឧស្សាហកម្មប្រេងកាលពីសប្តាហ៍មុន ប៉ុន្តែគ្មានមន្ត្រីអ៊ុយក្រែនណាម្នាក់ចេញមុខទទួលខុសត្រូវចំពោះហេតុការណ៍ទាំងនោះឡើយ។
ការវាយប្រហារទាំងនេះរួមមានករណីវាយប្រហារនៅតំបន់សាម៉ារ៉ា ដែលស្ថិតនៅភាគកណ្តាលនៃប្រទេសរុស្ស៊ី។ លើសពីនេះ តំបន់យ៉ារ៉ូស្លាវ (Yaroslavl) ដែលស្ថិតនៅភាគខាងជើង នៃទីក្រុងមូស្គូ និងទីតាំងឧស្សាហកម្មនានានៅក្នុងតំបន់រីយ៉ាហ្សាន (Ryazan) ដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានី ក៏រងការវាយប្រហារផងដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានស្នើទៅកាន់ប្រទេសអ៊ុយក្រែនជាច្រើនលើកច្រើនសាមកហើយ ឱ្យបញ្ឈប់ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ដោយលើកឡើងថា ការវាយប្រហារទាំងនោះ បានធ្វើឱ្យតម្លៃប្រេងម៉ាស៊ូតកើនឡើងខ្ពស់ ប៉ុន្តែលោក ហ្សេឡិនស្គី បានថ្លែងថា អ៊ុយក្រែនត្រៀមខ្លួនរួចរាល់ក្នុងការបញ្ឈប់ការវាយប្រហារទាំងនេះ ប្រសិនបើរុស្ស៊ីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។
ស្របពេលជាមួយគ្នានេះដែរ លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី បានអំពាវនាវដល់មេដឹកនាំនៃបណ្តាប្រទេសនៅអាមេរិកឡាទីន ឱ្យជួយអ៊ុយក្រែនក្នុងការស្វែងរកសម្ភារៈដែលកំពុងត្រូវការជាចាំបាច់ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលរងការខូចខាតដោយសារការវាយប្រហាររបស់រុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍ដាច់ដោយឡែករបស់សារព័ត៌មាន The Guardian កាលពីថ្ងៃសុក្រ។
នៅក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានថ្លែងថា រោងចក្រថាមពលគ្រប់កន្លែងនៅក្នុងប្រទេសអ៊ុយក្រែន សុទ្ធតែបានរងការខូចខាត ដោយសារការវាយប្រហាររបស់រុស្ស៊ី។ លោកបានបន្ថែមថា ក្រុមការងារជួសជុលកំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីដោះស្រាយបញ្ហានេះ។
ថ្លែងនៅក្រៅកិច្ចប្រជុំសហគមន៍ Ibero-American Community ដែលមាន២២ប្រទេសមកពីតំបន់អាមេរិកឡាទីនចូលរួមនោះ លោក ហ្សេឡិនស្គី បាននិយាយថា អ៊ុយក្រែនត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីបន្តការកសាងឡើងវិញ និងជួសជុលប្រព័ន្ធថាមពលរបស់ខ្លួន។
លោក ហ្សេឡិនស្គី អះអាងថា បណ្តាក្រុមហ៊ុននៅប្រទេសអេស្ប៉ាញ និងតំបន់អាមេរិកឡាទីន អាចជួយលើរឿងនេះ អាចផ្តល់ការគាំទ្រចំពោះរឿងនេះ ហើយអ៊ុយក្រែនត្រូវការឧបករណ៍ ដែលអាចដំណើរការជាមួយបណ្តាញអគ្គិសនី ហើយវាគឺជាតម្រូវការបន្ទាន់៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


