អ៊ុយក្រែនអះអាងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់រុស្ស៊ីនៅទីក្រុងហ្សាប៉ូរីហ្សៀកើនដល់៤០នាក់

អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីទៅលើមជ្ឈ​មណ្ឌលផ្តល់ជំនួយមួយ​កន្លែង​នៅ​ក្រុង​ហ្សាប៉ូរីហ្សៀ​​ (Zaporizhia) នៅភាគអាគ្នេយ៍នៃប្រទេសនេះ បានកើនឡើងដល់៤០នាក់ហើយ​​។​ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌​មាន​​អាល់ចាហ្ស៊ីរ៉ា ​កាល​ពី​ថ្ងៃ​ពុធ​។​

កាល​ពី​ថ្ងៃពុធ ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡិនស្គី​ (Volodymyr Zelenskyy) បានប្រកាសពីចំ​នួន​​អ្នកស្លាប់ ដែលបានកើនឡើង ដោយបន្ថែមថា សាកសពមួយចំនួន នៅមិនទាន់ត្រូវបានរកឃើញនៅឡើយ ហើយមនុស្សជាង ៣០​នាក់​ទៀត អាចនឹងនៅជាប់ក្រោមគំនរបាក់បែក។

ការវាយប្រហារកាលពីថ្ងៃចន្ទ គឺជាហេតុការណ៍មួយក្នុងចំណោមហេតុការណ៍ ដែលបង្កឱ្យ​មាន​ជន​ស៊ីវិល​ស្លាប់ច្រើនបំផុត​​នៅក្នុងសង្គ្រាម ដែលរុស្ស៊ីបានធ្វើឡើងប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួន អស់រយៈពេលជិត៥ឆ្នាំមកនេះ​។ ការ​​វាយ​​ប្រហារ​នេះបានកើតឡើងនៅពេល​ ដែល​ទីក្រុងកៀវកំពុងត្រៀមខ្លួនចូលរួមកិច្ចចរចាបទ​ឈប់បាញ់ជាមួយ​​ទីក្រុង​មូស្គូ​​ នៅសប្តាហ៍ក្រោយ ដែលមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល។

មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា មានអ្នកស្លាប់ចំនួន ៣៧នាក់ ហើយបាន​ប៉ាន់​ប្រមាណថា អាចនៅ​មានមនុស្សប្រហែល ៣៨នាក់ទៀត ជាប់​ក្រោម​គំនរ​បាក់បែក​ បន្ទាប់ពីមានការវាយប្រហារមួយ ដែលក្នុងនោះរុស្ស៊ីបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់លើអគារសាលារៀនមួយកន្លែង​​នៅ​ក្នុងភូមិកូមីស៊ូវ៉ាខា (Komyshuvakha) ដែលស្ថិតនៅជិតខ្សែត្រៀមជួរមុខ ហើយអគារនោះត្រូវបានគេ​ប្រើប្រាស់សម្រាប់ចែកអំណោយដល់​ប្រជា​ជន​។

អ៊ុយក្រែនបានឱ្យដឹងថា បន្ទាប់​មក​ពីហេតុ​ការណ៍​ដំបូង​ ក៏​មាន​ការវាយប្រហារបន្តមួយទៀតបានធ្លាក់ចំទីជម្រកសុវត្ថិ​ភាព​​ក្រោមដីមួយកន្លែង ដែលមានមនុស្សនៅខាងក្នុង។ ក្នុងចំណោមអ្នកស្លាប់នោះ មានមន្ត្រីប៉ូលិសចំនួន ៤នាក់ និងសមាជិកក្រុមសង្គ្រោះចំនួន ២នាក់ផងដែរ​។

លោក ហ្សេឡិ​នស្គី បានថ្កោលទោសការវាយប្រហារដ៏អាក្រក់បំផុតនេះ ដោយបញ្ជាក់ថា វាបង្ហាញឱ្យឃើញថា ប្រទេស​រុស្ស៊ី​គ្មាន​​បំណង​កាត់​បន្ថយភាពតានតឹងនៃជម្លោះនោះទេ។ លោកបានបន្ថែមថា ការវាយប្រហារនេះ បានធ្វើ​ឱ្យ​ខក​​ខាន​ឱកាស​មួយ ដែលកើតចេញពីបទឈប់បាញ់ និងបេសកកម្មមនុស្សធម៌ កាលពីសប្តាហ៍មុន នៅភូមិអូឡេស្គី (Oleshky) ដែលស្ថិតនៅសមរភូមិ​​ជួរមុខ។

ប៉ូលិសអ៊ុយក្រែនបានបញ្ចេញវីដេអូពីកាមេរ៉ាមួយ​ ដែលបំពាក់លើខ្លួនរបស់មន្ត្រីម្នាក់ក្នុងចំ​ណោមមន្ត្រីទាំង ៤នាក់ដែលបានស្លាប់នោះ​។ វីដេអូនេះបាន​បង្ហាញពីសកម្មភាពពួកគេ​នាំមនុស្សឱ្យចូលទៅក្នុង​ជម្រក​ក្រោមដី ខណៈមន្ត្រី​រូបនោះ​ ទទួលបានការព្រមានតាមវិទ្យុទាក់​ទង ​អំពីការវាយប្រហារដោយគ្រាប់បែកទម្លាក់ពីលើអាកាសដែល​មានប្រព័ន្ធនាំផ្លូវរបស់រុស្ស៊ី​។

គេបានឃើញមនុស្សនៅខាងក្នុងទីជម្រក មុនពេលរូបភាពនោះបានដាច់ទៅជាភាពពណ៌ខ្មៅវិញ​​ និងប្រែ​ជា​​មាន​សភាពស្ងាត់ស្ងៀម។

ស្ថាន​បេសកកម្មសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅអ៊ុយក្រែន បានថ្លែងកាលពីថ្ងៃអង្គារថា ការទម្លាក់​គ្រាប់​បែកនោះទំនងជាបានរំលោភលើច្បាប់អន្តរជាតិ។

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា យន្តហោះដ្រូនរបស់រុស្ស៊ីកំពុងរារាំងដល់ប្រតិបត្តិការស្វែងរកជន​រងគ្រោះនៅក្នុង​ភូមិ​កូមី​ស៊ូ​វ៉ាខា។ ទោះបី​ជាយ៉ាងណាក៏ដោយ លោក មីខៃឡូ សេមីគីន (Mykhailo Semikin) ជាប្រធានស្តីទី នៃរដ្ឋបាល​យោធាតំបន់ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ប្រតិ​បត្តិការទាំងនោះ នឹងនៅតែបន្តដំណើរការតទៅទៀត។

សហរដ្ឋអាមេរិកបានប្រកាសអំពីជុំថ្មី នៃការចរចានៅ​សប្តាហ៍ក្រោយ ដែលសំដៅ​បញ្ចប់សង្គ្រាមនេះ​។ លោក ស្ទីវ វីត​ខូហ្វ (Steve Witkoff) បេសកជនពិសេសអាមេរិក​ បានឱ្យដឹងថា គណៈ​ប្រតិភូមកពីប្រទេសអ៊ុយក្រែន និងរុស្ស៊ីនឹង​ជួប​គ្នា​នៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) នៅថ្ងៃទី១០ និង​១១ ខែវិច្ឆិកានេះ​ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិសុខ​ក្រោយ​សង្គ្រាម ការកាត់បន្ថយភាព​តានតឹង វិធានការមនុស្សធម៌ និងការបញ្ចប់សង្គ្រាម។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានយល់ព្រមចរចា បន្ទាប់ពីបានជួបជាមួយលោក វីតខូ​ហ្វ នៅទីក្រុងសាំងភី​ធើ​ប៊ឺគ កាលពីថ្ងៃទី២១ ខែតុលា។ ទោះជាយ៉ាងណាក៏ដោយ ការជួបពិភាក្សាក្នុងលក្ខណៈស្រដៀងគ្នានេះកន្លង​មក មិនសូវទទួលបានលទ្ធផលវិជ្ជមានប៉ុន្មានទេ ដោយ​សារទីក្រុងមូស្គូមិនព្រមសម្របសម្រួលលើការទាម​ទារ​ដ៏តឹងរ៉ឹងមួយចំនួនរបស់​ខ្លួន​ រួមមានការទាម​ទារឱ្យអ៊ុយ​ក្រែន​បោះបង់ទឹកដី ដកកងកម្លាំងយោធាចេញ និងធានា​ថា នឹងមិនស្វែង​រកការចូលជាសមាជិកអង្គការណាតូ (NATO) ឡើយ។

រដ្ឋបាលរបស់លោក​ ដូណាល់​ ត្រាំ ហាក់ដូចជាបានបង្ហាញការគាំទ្រចំពោះជំហររបស់រុស្ស៊ី ដែលបង្កឱ្យមានក្តីបារម្ភនៅ​ក្នុងទីក្រុងកៀវ និងនៅទូទាំងទ្វីបអឺរ៉ុប។

កន្លងមក លោក ហ្សេឡិ​នស្គី ធ្លាប់បានព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីសហរដ្ឋអាមេរិក ដោយលើកឡើងពីទុក្ខវេទនានៅក្នុងប្រទេសរបស់លោក ហើយហាក់ដូចជាកំពុងព្យាយាមប្រើវិធីសាស្ត្រដដែលនេះម្តងទៀត ពាក់ព័ន្ធនឹងអំពើឃោរឃៅនៅភូមិ​ហ្សាប៉ូរីហ្សៀ។

ប្រធានាធិបតីអ៊ុយក្រែន​រូបនេះ បាន​បង្ហោះសារតាម​បណ្តាញសង្គមដោយសម្តែង​ការ​សោកស្ដាយ ដែលពិភព​លោក​មានប្រតិកម្មតិចតួចបំផុត​ចំពោះការវាយប្រហារដ៏ឆ្កួតលីលានេះ ដោយ​លោក​ហៅ​ការវាយ​ប្រហារ​នេះ ដូចទៅនឹងឧក្រិដ្ឋ​កម្មសង្គ្រាមរាប់ពាន់ករណីផ្សេងទៀត ដែលរុស្ស៊ីបានប្រព្រឹត្តប្រឆាំងនឹងប្រទេស​អ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន។

លោកបន្តថា ហេតុ​ការណ៍នេះ គឺទាម​ទារឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ហើយ​ថា​ អំពើអា​ក្រក់នឹងបន្ត​រាល​ដាល​កាន់​តែ​ខ្លាំង ប្រសិន​បើគ្មានការឆ្លើយតបវិញទេ​នោះ​​៕

ប្រែសម្រួលអត្ថបទដោយ៖ លោក​ អ៊ួច សូនី

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង