សមាជិកគណបក្សសាធារណរដ្ឋអំពាវនាវឱ្យលោក ដូណាល់ ត្រាំ ផ្លាស់ប្តូរទិសដៅ បន្ទាប់ពីបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រឈមមុខនឹងសម្ពាធពីសមាជិក​គណបក្សសាធារ​ណ​រដ្ឋកាលពីថ្ងៃពុធ ឱ្យផ្លាស់ប្តូរទិសដៅការ​ងារ​របស់​លោក​ បន្ទាប់ពីគណបក្ស​ប្រជា​ធិបតេយ្យ​​ដណ្តើម​បាន​ជ័យជម្នះយ៉ាង​ត្រចះត្រចង់​ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ លទ្ធផល​នេះ​ ​នឹង​ផ្តល់​ឱកាស​ឱ្យ​គណបក្សប្រជាធិបតេយ្យគ្រប់គ្រងលើសភា ហើយស្របពេល​​អ្នកបោះឆ្នោតបានបដិសេធបេក្ខជន ដែលលោក ត្រាំ ជ្រើសរើសដោយផ្ទាល់ដៃ​នៅក្នុងការប្រកួត​ប្រជែង​ដ៏​សំខាន់នេះ​។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​ នៅព្រឹក​ថ្ងៃ​​ព្រហស្បតិ៍​នេះ​។​

នៅពេល ដែលអាណត្តិប្រធានាធិបតីរបស់លោក ត្រាំ ឈានចូលដល់ឆ្នាំចុងក្រោយនោះ សម្ព័ន្ធ​មិត្ត និងអ្នករៀបចំយុទ្ធ​សាស្ត្ររបស់គណបក្សសាធារណរដ្ឋ បានអំពាវនាវឱ្យលោកធ្វើការផ្លាស់ប្តូរបុគ្គលិកនៅសេតវិមាន ពង្រឹង​វិន័យឡើង​វិញ និងលុបចោលគោលនយោបាយនានាដែលពួកគេចាត់ទុកថា ជាមូលហេតុនាំឱ្យមក​បរាជ័យ រួមទាំងបញ្ហា​សង្គ្រាមជាមួយអ៊ីរ៉ង់ និងគោល​នយោបាយ​ពន្ធគយជាដើម។

លោក ចន ហ្វីហឺរី​ (John Feehery) អ្នកយុទ្ធសាស្ត្រជើងចាស់របស់​គណបក្សសាធារណរដ្ឋ បានហៅលទ្ធផលនេះថា ជា “គ្រោះមហន្តរាយដ៏ធំ” សម្រាប់លោក ដូណាល់ ត្រាំ។

លោក ហ្វីហឺរី បាន​និយាយថា លោក ត្រាំ ចាំបាច់ត្រូវរៀបចំសម្អាតផ្ទះសម្បែងឡើងវិញ ហើយរៀង​រាល់​ថ្ងៃ​​ លោក ត្រាំ ​កាន់តែបង្ហាញភាពទន់ខ្សោយ និងគ្មានសមត្ថភាពខ្លាំងឡើងៗ។

ប៉ុន្តែលោក ត្រាំ ហាក់​បង្ហាញសញ្ញាតិច​តួច​ដែលថា លទ្ធផលនៃការបោះឆ្នោតនេះ ជាហេតុផល ដែលតម្រូវឱ្យលោកផ្លាស់ប្តូរទិសដៅនោះ​។

ពេលនេះ គណបប្រជាធិបតេយ្យនឹងមានអំណាចក្នុងការរារាំងសេចក្តីព្រាងច្បាប់របស់លោក ត្រាំ អាច​ធ្វើការស៊ើបអង្កេតលើរដ្ឋបាលរបស់លោក ត្រាំ​ និងជំទាស់នឹងបុគ្គល ដែលលោកជ្រើស​តាំង​ផងដែរ​។ គេរំពឹងថា ស្ថានភាពនេះ នឹងជំរុញឱ្យលោក ត្រាំ ដែលធ្លាប់ប្រើប្រាស់អំ​ណាចប្រតិ​បត្តិយ៉ាងខ្លាំងក្លាស្រាប់ទៅ​ហើយនោះ នឹង​ងាកទៅពឹងផ្អែកកាន់តែខ្លាំងឡើង​លើការសម្រេចចិត្តដោយឯ​ក​តោ​ភាគី​។

លោក​ក៏នឹងត្រូវសម្រេចចិត្តផងដែរថា តើត្រូវបន្តជំរុញបន្ថែម​លើ​របៀបវារៈដែលមានស្រាប់​ ដែលសមាជិកបក្សសាធារណរដ្ឋមួយចំនួនបារម្ភថា បានក្លាយជាបន្ទុកផ្នែកនយោបាយឬយ៉ាងណានោះទេ​​ ជាពិសេសសម្រាប់អ្នក ដែលអាចនឹងស្នងតំណែងបន្ត ដែលកំពុងសម្លឹងមើលឱកាសឈរឈ្មោះប្រជែងយកតំណែងប្រធានាធិបតីនៅឆ្នាំ២០២៨។

អនុប្រធានាធិបតី ជីដេ វ៉ានស៍ (JD Vance) ដែលត្រូវបានគេមើលឃើញថា អាច​ជាអ្នកស្នងតំ​ណែង​នយោបាយរបស់លោក ត្រាំ នោះ​​ ហាក់ដូចជាបានបង្ហាញពីគម្លាតខ្លះរវាងរូបលោក និងលោក ត្រាំ​ កាលពីថ្ងៃពុធ ដោយបានបន្ទោសសង្គ្រាមនៅអ៊ីរ៉ង់ថា ជាមូលហេតុនាំឱ្យមានការបរា​​ជ័យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ​។

អ្នកយុទ្ធសាស្ត្រ និងមន្ត្រីគណបក្សបានលើកឡើងថា ការ​ខ្វែង​គំនិត​គ្នា​ទាំងនេះ អាចនឹងកើត​មាន​កាន់តែញឹកញាប់ ប្រសិន​បើ​គណបក្សសាធារណរដ្ឋយល់ឃើញថា ឥទ្ធិពលយូរអង្វែង​របស់លោក ត្រាំ​ ទៅលើអ្នកបោះឆ្នោតរបស់គណបក្សចាប់ផ្តើម​ចុះខ្សោយ។

នៅខាងក្នុងសេតវិមាន ជំនួយការជាន់ខ្ពស់កំពុងត្រៀមខ្លួនទទួលយកការចាកចេញរបស់បុគ្គ​លិក ការផ្លាស់ប្តូរ ដែលអាចកើតមាននៅក្នុងគណៈរដ្ឋមន្ត្រី និងការស៊ើបអង្កេតពីសំណាក់គណបក្សប្រជាធិបតេយ្យ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់ ដែលបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះ។

មន្ត្រីរូបនោះបានឱ្យដឹងថា ការស្ទង់មតិផ្ទៃក្នុងមួយកាល​ពី​៦​សប្តាហ៍​មុន​ការ​បោះ​ឆ្នោត​ បានព្រមានថា គណបក្សសាធារណរដ្ឋនឹងត្រូវបរាជ័យនៅក្នុងសភាទាំងពីរថ្នាក់ ប៉ុន្តែលោក ត្រាំ បាន​បដិសេធមិនផ្លាស់ប្តូរគោលជំហរចំពោះប្រទេសអ៊ីរ៉ង់ឡើយ ទោះបីជាមានការព្រមានអំពីផលវិបាកផ្នែកនយោបាយក៏ដោយ។ មន្ត្រីដដែលបន្តថា លោក​ ត្រាំ មិន​ខ្វល់ ហើយ​មិន​ស្តាប់​នរណា​ទាំង​អស់​។​

ទោះបីជា​យ៉ាងណា កាល​ពី​ល្ងាច​ថ្ងៃអង្គារ លោក ត្រាំ បានទទួលស្គាល់ថា សង្គ្រាមជាមួយអ៊ីរ៉ង់ ដែលអូសបន្លាយរយៈពេល៨ខែមកនេះ បានជះឥទ្ធិពលអាក្រក់ដល់បេក្ខជនមកពីគណបក្ស​សាធារណរដ្ឋ ប៉ុន្តែលោកបានការពារការសម្រេចចិត្តរបស់លោក​​ក្នុងការចាប់ផ្តើមជម្លោះនេះ​។

ក្តីបារម្ភរបស់គណបក្សសាធារណរដ្ឋមិនមែនមានត្រឹមតែរឿងសង្គ្រាមនោះទេ។ ក្រុម​ទីប្រឹក្សានយោបាយ​ថ្នាក់ជាតិ​កាន់តែមានក្តីបារម្ភខ្លាំងឡើងនៅរដូវក្តៅនេះ ខណៈដែលអ្នកបោះឆ្នោត​មកពីគណបក្សសាធារណរដ្ឋ និងអ្នកបោះ​ឆ្នោត​ឯករាជ្យកាន់តែច្រើនឡើង​ បានសម្តែងការមិនពេញ​ចិត្តចំពោះការ ដែលលោក​ប្រធានាធិបតីផ្តោតការយកចិត្ត​ទុក​​ដាក់តែ​លើការសាង​សង់​សា​ល​ប្រជុំ​នៅសេតវិមាន និងការកែលម្អផ្សេងៗទៀតនៅទីក្រុងវ៉ាស៊ីនតោន។

ក្រុម​ទីប្រឹក្សា​បន្ត​​​ថា ប្រសិនបើលោក ត្រាំ ចំណាយពេល ២ឆ្នាំខាងមុខទៀត​ និយាយតែរឿងដដែលៗនោះ​ គ្រប់គ្នា​នឹង​ត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរម្តងទៀតនៅក្នុងការបោះឆ្នោតលើកក្រោយ។

ប៉ុន្តែ​កាលពីថ្ងៃពុធ លោក ត្រាំ​ បានប្រមូលផ្តុំអ្នកយកព័ត៌មានសម្រាប់ដំណើរទស្សនកិច្ចភ្លាមៗមួយ​​ទៅកាន់ការដ្ឋាន​សាងសង់សាលប្រជុំ ហើយបានការពារពេលវេលា ដែលលោកបានលះ​បង់ចំពោះគម្រោងនេះ។

ទោះបីជាយ៉ាងណា លោក ត្រាំ នៅតែមានអំណាចយ៉ាងច្រើននៅឡើយ​។ ទីភ្នាក់ងារព័ត៌មានរ៉យ​ទ័រ​ ធ្លាប់បានរាយការណ៍ថា សេតវិមានបានចំណាយពេលជាច្រើនខែ ដើម្បីរៀបចំសេចក្តីសម្រេចនានាពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍ ពន្ធគយ លំនៅឋាន និងការចំណាយថវិការដ្ឋ ដែលអាចអនុញ្ញាតឱ្យលោក ត្រាំ ជំរុញរបៀបវារៈមួយចំនួនរបស់​លោកទៅ​មុខ​បាន ទោះបីជាមានការប្រ​ឆាំងពីគណបក្សប្រជាធិបតេយ្យក៏ដោយ។ ប៉ុន្តែអំណាចប្រតិបត្តិនឹងមិនអាចការពាររដ្ឋបាលរបស់​លោក​ពីការស៊ើបអង្កេតរបស់សភាបានឡើយ៕​

ប្រែសម្រួលអត្ថបទដោយ​៖ លោក​ អ៊ួច សូនី

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង