លោក ត្រាំ ព្រមានថា សង្គ្រាមនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ខណៈលោកបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅតំបន់មជ្ឈឹមបូព៌ា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា សង្គ្រាមនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ខណៈលោកបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿងទៀតទៅកាន់តំបន់មជ្ឈឹមបូព៌ា។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន Mirror កាលពីថ្ងៃសៅរ៍។
ប្រធានាធិបតីអាមេរិករូបនេះ បានអះអាងដោយបង្កប់ន័យមិនច្បាស់លាស់ ខណៈភាពតានតឹងបានវិលត្រឡប់មកក្លាយជាចំណុចគួរឱ្យចាប់អារម្មណ៍ជាថ្មី ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។
បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងទៅកាន់តំបន់មជ្ឈិមបូព៌ា គឺជាការបង្កើនកម្លាំងទ័ពជើងទឹកអាមេរិកដ៏ច្រើនបំផុតនៅក្នុងតំបន់នេះ ចាប់តាំងពីមានសង្គ្រាមលុកលុយប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣។ ស្របពេលជាមួយគ្នានេះ លោក ត្រាំ ក៏បានលើកឡើងដែរថា ជម្លោះនេះ នឹងបញ្ចប់ក្នុងពេលឆាប់ៗ។
លោក ត្រាំ បានប្រាប់ស្ថានីយ៍វិទ្យុមួយនៅក្រុងកានសាសថា សង្គ្រាមនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយអាមេរិកត្រូវការការធានាមួយថា នឹងមិនមានអាវុធនុយក្លេអ៊ែរឡើយ។
ការលើកឡើងរបស់លោកអំពីពេលវេលានៃសង្គ្រាមនេះ បានកើតឡើង ខណៈពេលលោកបានលុបចោលកម្មវិធីជួបជុំមួយចំនួននៅចុងសប្តាហ៍នេះ ដែលធ្វើឱ្យមានសំណួរថា តើមានអ្វីកំពុងកើតឡើងនៅពីក្រោយឆាក ខណៈអនុប្រធានាធិបតី លោក ជេឌី វ៉ានស៍ (JD Vance) ក៏បានលុបចោលការធ្វើសន្និសីទសារព័ត៌មាននៅរដ្ឋមីនីសូណាកកាលពីថ្ងៃសុក្រផងដែរ។
ក្រុមមន្ត្រីមិនបានផ្តល់ហេតុផលសម្រាប់ការលុបចោលនោះទេ។
យោងតាមរបាយការណ៍ រលកថ្មី នៃការវាយប្រហារដោយយោធាដ៏ខ្លាំងក្លានឹងសំដៅលើប្រទេសអ៊ីរ៉ង់ ប្រសិនបើមេដឹកនាំប្រទេសនេះ បដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ។
ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីខែកុម្ភៈមក លោក ត្រាំ បានអះអាងថា ជម្លោះនេះនឹងបញ្ចប់ក្នុងពេលឆាប់ៗ ទោះបីជាការខូចខាតដល់សេដ្ឋកិច្ចសកលលោកនៅតែបន្តកើនឡើងក៏ដោយ។
លោក ត្រាំ បានលើកឡើងចំណុចនេះដដែលៗ អំឡុងពេលចុះឃោសនាសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក។
យោងតាមមន្ត្រីអាមេរិកបានឱ្យដឹងថា កម្លាំងប្រយុទ្ធនៅលើនាវាផ្ទុកយន្តហោះឈ្មោះស៊ីអូដ័រ រូសសេវែល (USS Theodore Roosevelt) រួមជាមួយអង្គភាពបេសកកម្មកងម៉ារីនទី១៣ គ្រោងនឹងមកដល់តំបន់មជ្ឈិមបូព៌ានៅចុងខែវិច្ឆិកា។
កម្លាំងប្រយុទ្ធនៅលើនាវានេះ នឹងប្រតិបត្តិការរួមគ្នាជាមួយកម្លាំងនៅលើនាវា USS George H.W. Bush ដែលត្រូវបានដាក់ពង្រាយកាលពីខែមេសា និងនាវា USS George Washington ដែលបានមកដល់កាលពីខែសីហា ដើម្បីជំនួសនាវា USS Abraham Lincoln។
កាសែត The Wall Street Journal បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍ មេបញ្ជាការកងទ័ពជើងទឹក លោក ប៊្រែដ គូព័រ (Brad Cooper) បានទៅកាន់សេតវិមាន រួមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភីត ហេកសិត (Pete Hegseth) និងប្រធានអគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ ឌែន ខេន (Dan Caine) ដើម្បីរាយការណ៍ជូនប្រធានាធិបតីអំពីសេណារីយ៉ូផ្សេងៗ ដែលអាចកើតមានសម្រាប់ការវាយប្រហារ។
យោងតាមសេចក្តីរាយការណ៍ដដែលនេះ ផែនការបន្តបិទខ្ទប់តំបន់ ដែលកំពុងអនុវត្តបន្តនោះ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំផងដែរ។
ជុំវិញការផ្ទុះសង្គ្រាមក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកនេះ សមាជិកព្រឹទ្ធសភាលោក គ្រីស មឺហ្វី (Chris Murphy) មកពីគណបក្សប្រជាធិបតេយ្យ ដែលជាអ្នករិះគន់សង្គ្រាមនៅអ៊ីរ៉ង់ បានថ្លែងថា លោកទទួលបានព័ត៌មានសង្ខេបអំពីផែនការលម្អិតមួយចំនួនទាក់ទងនឹងផែនការធ្វើសង្គ្រាមនេះ ដោយលោកបានរិះគន់ផែនការនេះថា ជារឿងឆ្កួតលីលា។ វានឹងនាំឱ្យមានការកើនឡើងនៃជម្លោះយ៉ាងធ្ងន់ធ្ងរ និងអាចបំផ្លាញការប្តេជ្ញាចិត្តចំពោះគោលការណ៍នីតិរដ្ឋ។
លោកមិនបានបញ្ជាក់លម្អិតនោះទេ ប៉ុន្តែបានលើកឡើងអំពីហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលអាចនឹងក្លាយជាគោលដៅនៃការវាយប្រហារ។ លោកបាននិយាយថា តាមទស្សនៈរបស់លោក ផែនការដែលលោក ត្រាំ បានរៀបចំឡើងនឹងនាំឱ្យសង្គ្រាមនេះអូសបន្លាយពេលយូរ និងកាន់តែធ្ងន់ធ្ងរឡើង ហើយវានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍សន្តិសុខរបស់អាមេរិក។
សមាជិកព្រឹទ្ធសភាម្នាក់ទៀត គឺលោក រ៉ាជើ ម៉ាសល (Roger Marshall) មកពីគណបក្សសាធារណរដ្ឋ ដែលថ្មីៗនេះ បានចំណាយពេលជួបជាមួយប្រធានាធិបតី ត្រាំ បានព្យាករណ៍ថា សង្គ្រាមនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។ លោកបានថ្លែងនៅក្នុងព្រឹត្តិការណ៍ឃោសនានយោបាយមួយកាលពីថ្ងៃព្រហស្បតិ៍ថា លោកអាចប៉ាន់ស្មានបានថា ប្រហែលពីមួយទៅបីថ្ងៃបន្ទាប់ពីការបោះឆ្នោតនេះ៕
ប្រែសម្រួលដោយលោក អ៊ួច សូនី


