តម្លៃប្រេងកើនឡើង ២% ដោយបិទការជួញដូរក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល៦ខែមកនេះ ដោយសារក្តីបារម្ភអំពីការកើនឡើងនៃភាពតានតឹងនៅអ៊ីរ៉ង់
តម្លៃប្រេងបានកើនឡើងជាង ២% គិតត្រឹមថ្ងៃសុក្រ ដោយបានបញ្ចប់ការជួញដូរក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីចុងខែមេសាមក ខណៈក្រុមពាណិជ្ជករត្រៀមខ្លួនសម្រាប់ភាពតានតឹងដែលអាចមានជុំវិញសង្គ្រាមពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក។ ក្នុងពេលជាមួយគ្នានេះដែរ ការវាយប្រហារលើនាវាដឹកប្រេងមួយគ្រឿងនៅច្រកសមុទ្រហ័រមូស (Strait of Hormuz) បានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីហានិភ័យទាក់ទងនឹងការផ្គត់ផ្គង់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃសុក្រ។
កិច្ចព្រមព្រៀងទិញលក់ប្រេងឆៅសម្រាប់ខែធ្នូ តាមសន្ទស្សន៍ប្រេន (Brent) ដែលផុតកំណត់នៅថ្ងៃសុក្រ បានបិទបញ្ចប់ក្នុងតម្លៃមួយ ដោយកើនឡើង ២,៧៦ដុល្លារ ឬ ២,៤% គឺស្មើនឹង ១១៧,៦៤ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើងដល់កម្រិតខ្ពស់បំផុត ១១៨ដុល្លារ។ ចំណែកកិច្ចព្រមព្រៀងទិញលក់ប្រេងសម្រាប់ខែមករា បានកើនឡើង ២,៦៣ដុល្លារ ដល់១១៣,៤៣ដុល្លារក្នុងមួយបារ៉ែល។
កិច្ចព្រមព្រៀងទិញលក់ប្រេងឆៅលើសន្ទស្សន៍ប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិក បានបិទការជួញដូរក្នុងតម្លៃ ១០៤,១២ដុល្លារ ដែលកើនឡើង ២,១២ដុល្លារ ឬ ២,០៨%។
សម្រាប់រយៈពេលពេញមួយខែនេះ តម្លៃប្រេងលើសន្ទស្សន៍ Brent បានបិទការជួញដូរក្នុងកម្រិតកើនឡើង ១៣,៦% ខណៈតម្លៃប្រេងតាមសន្ទស្សន៍ WTI បានកើនឡើង ១៥,២%។
លោក ដេននីស ឃីស្ល័រ (Dennis Kissler) អនុប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មនៅក្រុមហ៊ុនផ្តល់សេវ៉ាហិរញ្ញវត្ថុ BOK Financial បាននិយាយថា ពាណិជ្ជករនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើលំហូរប្រេងចេញពីតំបន់មជ្ឈឹមបូព៌ា ក៏ដូចជាលទ្ធភាពនៃការកើនឡើងភាពតានតឹង ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្ត។
អង្គការ UKMTO ជាស្ថាប័នផ្តល់ការគាំទ្រផ្នែកសុវត្ថិភាពតាមសមុទ្រដែលមានមូលដ្ឋាននៅអង់គ្លេស បានឱ្យដឹងថា កាលពីថ្ងៃសុក្រនេះ នាវាដឹកប្រេងមួយគ្រឿងនៅច្រកសមុទ្រហ័រមូស បានរងការវាយប្រហារដោយគ្រឿងផ្ទុះ ដែលគេចងដាក់ភ្ជាប់នឹងទូកតូចមួយ។ គេនៅមិនទាន់ដឹងច្បាស់នៅឡើយថា តើអ្នកណាជាអ្នកនៅពីក្រោយការវាយប្រហារនៅច្រកសមុទ្រនេះ ដែលជាច្រកសមុទ្រដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងឆៅ និងប្រេងឥន្ធនៈចេញពីតំបន់ឈូងសមុទ្រ។
ប្រភពដែលធ្វើការលើផ្នែកដែនសមុទ្របានឱ្យដឹងថា នេះគឺជាការវាយប្រហារដោយជោគជ័យលើកដំបូង ដោយប្រើប្រាស់មីនបិទជាប់នឹងទូកតូចមួយ ចាប់តាំងពីសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានចាប់ផ្តើមឡើងកាលពីខែកុម្ភៈ។
គួររំលឹកថា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងរីយ៉ាដ (Riyadh) បានប្រកាសកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកបានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាល ដែលមិនមែនជាបុគ្គលិកសម្រាប់បេសសកម្មបន្ទាន់ រួមទាំងសមាជិកគ្រួសាររបស់ពួកគេ ត្រូវចាកចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី២៣ ខែតុលា តទៅ។ ការសម្រេចចិត្តនេះ ធ្វើឡើងដោយសារតែហានិភ័យផ្នែកសុវត្ថិភាព ខណៈក្រុមហ៊ូទីបន្តការវាយប្រហារទៅលើព្រលានយន្តហោះស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។
ក្រុមសកម្មប្រយុទ្ធហ៊ូទីក្នុងប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានវាយប្រហារទីតាំងមួយចំនួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត រួមមានរោងចក្រចម្រាញ់ប្រេងដ៏ធំមួយចំនួន រួមទាំងទីតាំងផលិតប្រេងមួយទៀតនៅក្រុងអ៊ែបកៃ (Abqaiq) ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងរដ្ឋ សាអូឌី អារាំកូ (Saudi Aramco)។
សម្ព័ន្ធភាព ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក៏បានឱ្យដឹងដែរថា ខ្លួនបានស្ទាក់ចាប់មីស៊ីលមួយគ្រាប់ ដែលក្រុមសកម្មប្រយុទ្ធហ៊ូទីបានបាញ់ឆ្ពោះទៅកាន់តំបន់ភាគខាងលិចនៃព្រះរាជាណាចក្រនេះ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកសម្របសម្រួលមកពីប្រទេសកាតាបានត្រឡប់ទៅទីក្រុងតេហេរ៉ង់វិញ កាលពីថ្ងៃសុក្រ ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីម្នាក់ ដែលបានដឹងអំពីកិច្ចពិភាក្សានេះ។
ជុំវិញបញ្ហាប្រេងនេះ ធនាគារ Saxo Bank កាលពីថ្ងៃព្រហស្បតិ៍បានព្យាករថា តម្លៃប្រេងអាចនឹងមានភាពប្រែប្រួលខ្លាំងជាងមុនទៀតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសារតែការបោះឆ្នោតថ្មីៗនេះនៅអ៊ីស្រាអែល និងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា។
រីឯធនាគារដាណឺម៉ាកក៏បានលើកឡើងថា តម្លៃប្រេងឆៅត្រូវបានរំពឹងថា នឹងស្ថិតនៅក្នុងកម្រិតខ្ពស់ជាងមុន ពោលគឺចន្លោះពី៧០ ទៅ៩០ដុល្លារក្នុងមួយបារ៉ែល ទោះបីជាជម្លោះនេះបបញ្ចប់ទៅវិញក៏ដោយ បើធៀបនឹងកម្រិតមុនពេលមានសង្គ្រាម ដែលមានតម្លៃចន្លោះពី ៦០ទៅ ៧០ដុល្លារ។
ទោះបីជាយ៉ាងណា ក្រុមហ៊ុនតាមដានចរាចរណ៍នាវាចរណ៍ចំនួន២ ក្នុងចំណោម៣ បានឱ្យដឹងថា ការនាំចេញប្រេងឆៅរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងខែតុលា បានកើនឡើង បើធៀបនឹងខែកញ្ញា ទោះបីជាមានការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាចរណ៍នៅក្នុងតំបន់ឈូងសមុទ្រ និងការអះអាងពីសំណាក់ក្រុមហ៊ូទីនៅយេម៉ែន ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ថា បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អារ៉ាប៊ីសាអូឌីតក៏ដោយ។
ទីភ្នាក់ងារព័ត៌មានថាមពលសហរដ្ឋអាមេរិក (EIA) បានឱ្យដឹងតាមរយៈរបាយការណ៍ប្រចាំខែស្តីពីការផ្គត់ផ្គង់ប្រេង (Petroleum Supply Monthly) កាលពីថ្ងៃសុក្រថា ផលិតកម្មប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងនៅក្នុងខែសីហា ខណៈតម្រូវការប្រេងឆៅ និងផលិតកម្មប្រេងបានធ្លាក់ចុះ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនប្រេងជាតិ (National Oil Corporation) របស់ប្រទេសលីប៊ីបានឱ្យដឹងថា មានជនប្រដាប់អាវុធមួយក្រុមបានបិទសន្ទះបិទបើកនៅលើបំពង់បង្ហូរប្រេងឆៅសំខាន់មួយនៅអណ្តូងប្រេង Hamada កាលពីថ្ងៃសុក្រ ដែលបំពង់នេះតភ្ជាប់ពីតំបន់អណ្តូងប្រេង Hamada ទៅកាន់រោងចក្រចម្រាញ់ប្រេងហ្សាវីយ៉ា (Zawiya)។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ការបិទសន្ទះបិទបើកនេះបានធ្វើឱ្យរាំស្ទះលំហូរប្រេងប្រមាណ ១៥.០០០បារ៉ែលក្នុងមួយថ្ងៃ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


