សហរដ្ឋអាមេរិកអនុម័តលក់មីស៊ីលប៉ាទ្រីយ៉ូត ក្នុងតម្លៃប្រមាណ ២,១ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកបានអនុម័តយល់ព្រមលក់ប្រភេទមីស៊ីលការពារដែនអាកាសប៉ាទ្រីយ៉ូតចំនួន៥០០គ្រាប់ទៅឱ្យអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន CNN នៅថ្ងៃអាទិត្យនេះ។
ទីក្រុងកៀវប្រើប្រាស់អាវុធការពារដែនអាកាស ដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយជាបន្តបន្ទាប់របស់រុស្ស៊ី មកលើទឹកដីរបស់ខ្លួន ប៉ុន្តែស្តុកអាវុធរបស់អ៊ុយក្រែនបានអស់ទៅហើយកាលពីដើមខែនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ CNN កាលពីពេលកន្លងមក។
កិច្ចព្រមព្រៀងនេះ គឺសម្រាប់ម៉ីស៊ីលប៉ាទ្រីយ៉ូត ប្រភេទ PAC-3 MSE ដែលមានលក្ខណៈទំនើបបំផុត និងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ហើយក៏ជាអាវុធមួយក្នុងចំណោមអាវុធមួយចំនួនតូចប៉ុណ្ណោះ ដែលមានសមត្ថភាពបាញ់ទម្លាក់មីស៊ីលរយៈចម្ងាយឆ្ងាយដែលហោះសំដៅមក។
គួរកត់សម្គាល់ថា ការទិញលក់នេះមិនទទួលបានការឧបត្ថម្ភធន ឬការផ្តល់ហិរញ្ញប្បទានពីសហរដ្ឋអាមេរិកនោះទេ។ ផ្ទុយទៅវិញ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា អ៊ុយក្រែននឹងរ៉ាប់រងការចំណាយ ដែលមានតម្លៃប្រមាណ ២,១ពាន់លានដុល្លារនេះ ដោយប្រើប្រាស់ថវិកាពីប្រទេសកាណាដា អាល្លឺម៉ង់ និងន័រវែស ព្រមទាំងប្រាក់កម្ចីបន្ថែមពីសហភាពអឺរ៉ុប។
ការអនុម័តយល់ព្រមនេះបានកើតឡើង បន្ទាប់ពីមានភាពតានតឹងអស់រយៈពេលជាច្រើនសប្តាហ៍រវាងមេដឹកនាំអាមេរិក និងអ៊ុយក្រែន។ នៅដើមខែនេះ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឱ្យមានការនាំចេញប្រេងម៉ាស៊ូតរបស់រុស្ស៊ីទៅកាន់ទីផ្សារថាមពលពិភពលោក ព្រមទាំងបានលើកលែងទណ្ឌកម្មមួយចំនួនដែលទាក់ទងនឹងការលក់ឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី ដែលទណ្ឌកម្មទាំងនោះ ទើបតែត្រូវបានចុះហត្ថលេខាដាក់ឱ្យអនុវត្តជាច្បាប់កាលពីពេលថ្មីៗនេះ។
លោក ដូណាល់ ត្រាំ ក៏បានគំរាមបញ្ឈប់ការផ្តល់ព័ត៌មានសម្ងាត់ដល់ទីក្រុងកៀវផងដែរ ដោយសារការវាយប្រហាររបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ហើយលទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធផ្កាយរណបស្តារស៊ីល (Starshield) ដ៏សំខាន់របស់អ៊ុយក្រែន ក៏ត្រូវបានរឹតត្បិតមួយរយៈដែរ មុនពេលដែលត្រូវបានស្តារឡើងវិញកាលពីសប្តាហ៍មុន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃសុក្រ មិនបានបញ្ជាក់ច្បាស់ថា តើគ្រាប់មីស៊ីលស្ទាក់ចាប់ទាំងនោះ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែននៅពេលណាឡើយ ហើយក៏មិនបានបញ្ជាក់ដែរថា តើគ្រឿងបង្គុំណាមួយនៃគ្រាប់មីស៊ីលប្រភេទនេះ នឹងត្រូវបានផលិតនៅក្នុងប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយនៃអ្វីដែលគេហៅថា “កិច្ចព្រមព្រៀងទូទាត់សងវិញ”។
ក្រសួងការបរទេសអាមេរិកបានលើកឡើងថា ខ្លួន «មិនបានដឹង» អំពីកិច្ចព្រមព្រៀងណាមួយបែបនេះ រវាងអ៊ុយក្រែន និងក្រុមហ៊ុនឡកហ៊ីដ ម៉ាទីន (Lockheed Martin) ជាក្រុមហ៊ុនផលិតប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូតនោះទេ ប៉ុន្តែបានកត់សម្គាល់ថា បញ្ហានេះអាចត្រូវបានចរចាដោយផ្ទាល់រវាងទីក្រុងកៀវ និងក្រុមហ៊ុន Lockheed។
អំឡុងកិច្ចប្រជុំកំពូលអង្គការណាតូ (NATO) កាលពីខែកក្កដានៅក្នុងប្រទេសតួគី លោក ត្រាំ បានប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើល ដោយលើកឡើងថា អ៊ុយក្រែននឹងទទួលបានសិទ្ធិ (អាជ្ញាប័ណ្ណ) ក្នុងការផលិតមីស៊ីលប៉ាទ្រីយ៉ូតផ្ទាល់ខ្លួន។
វិធានការនេះអាចជួយកាត់បន្ថយសម្ពាធលើខ្សែច្រវាក់ផលិតកម្មរបស់សហរដ្ឋអាមេរិក ចំពេល ដែលកំពុងមានការខ្វះខាតគ្រាប់រំសេវ ដោយសារជាប់ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់ និងតម្រូវការកើនឡើងពីអន្តរជាតិ។ ប៉ុន្តែការសាងសង់រោងចក្រផលិតមីស៊ីលស្ទាក់ចាប់របស់អ៊ុយក្រែន អាចនឹងត្រូវចំណាយពេលរាប់ឆ្នាំ ហើយហាក់ដូចជាលោកប្រធានាធិបតី ដូណាល់ ត្រាំបានដកថយពីគម្រោងនេះវិញហើយ។
ទោះជាយ៉ាងនេះក្តី ការលក់ម៉ីស៊ីលទាំងនេះ គឺជាជ័យជម្នះដ៏សំខាន់មួយសម្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelensky) ដែលបានអំពាវនាវម្តងហើយម្តងទៀតទៅកាន់មេដឹកនាំលោកខាងលិច និងសាធារណៈជន ដើម្បីឱ្យយោធារបស់លោកទទួលបានប្រព័ន្ធការពារសំខាន់បន្ថែមទៀត។
តាមរយៈសារមួយនៅលើបណ្តាញសង្គមកាលពីថ្ងៃសុក្រ លោក ហ្សេឡិនស្គី បានសម្តែងការស្វាគមន៍ចំពោះការអនុញ្ញាតឱ្យមានការលក់អាវុធនេះ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា មីស៊ីលស្ទាក់ចាប់ទាំងនោះ ចាំបាច់ត្រូវតែបញ្ជូនមកដល់ក្នុងពេលឆាប់ៗនេះ មិនមែនរង់ចាំរហូតដល់ប៉ុន្មានឆ្នាំទៀតនោះទេ ដើម្បីការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី ដែលកំពុងបន្តកើតមាន។
លោក ហ្សេឡិនស្គី បានសរសេរថា កិច្ចព្រមព្រៀងបានចែងថា ការបញ្ជូនអាវុធទាំងនឹងអាចចាប់ផ្តើមក្នុងរយៈពីរបីឆ្នាំទៀត ប៉ុន្តែលោកស្នើឱ្យអាមេរិកស្វែងរកដំណោះស្រាយសម្រាប់ពេលវេលាដ៏គ្រោះថ្នាក់នេះ និងតម្រូវការក្នុងការប្រើប្រាស់ប្រព័ន្ធស្ទាក់ចាប់ PAC-3 ។ លោក ហ្សេឡិនស្គី បានស្នើឱ្យអាមេរិកផ្តល់កញ្ចប់គាំទ្រនៅរដូវរងា ជាមួយនឹងប្រភេទម៉ីស៊ីលប៉ាទ្រីយ៉ូត១០០គ្រាប់ក្នុងមួយខែ ហើយបរិមាណ៥០០គ្រាប់នឹងគ្រប់គ្រាន់សម្រាប់ការពារដែនអាកាសអ៊ុយក្រែននៅរយៈពេលប៉ុន្មានខែខាងមុខទៀត។
នៅក្នុងបទសម្ភាសន៍មួយជាមួយបណ្តាញព័ត៌មាន CNN កាលពីខែសីហា លោក ហ្សេឡិនស្គី បានលើកឡើងថា ការលក់ប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូតរបស់សហរដ្ឋអាមេរិកមួយចំនួនតូចទៅឱ្យអ៊ុយក្រែន គឺនឹងគ្រប់គ្រាន់ ដើម្បី “បំផ្លាញមីស៊ីលរយៈចម្ងាយឆ្ងាយទាំងអស់របស់រុស្ស៊ី”។
សមត្ថភាពនេះកាន់តែមានសារៈសំខាន់ថែមទៀតសម្រាប់ប្រទេសអ៊ុយក្រែន នៅអំឡុងខែរដូវរងា ដែលមានសភាពត្រជាក់ខ្លាំង។ នៅក្នុងវីដេអូមួយ ដែលបានបង្ហោះលើបណ្តាញសង្គមកាលពីព្រឹកថ្ងៃសុក្រ លោក ហ្សេឡិនស្គី បានលើកឡើងអំពីការខ្វះខាតប្រព័ន្ធការពារដែនអាកាសប្រភេទម៉ីស៊ីលប៉ាទ្រីយ៉ូត ហើយបានឱ្យដឹងថា រុស្ស៊ីបានធ្វើការវាយប្រហារដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយចំនួន ១៧គ្រាប់កាលពីរំលងអធ្រាត្រ ដែលក្នុងនោះមានគ្រាប់មួយចំនួនបានវាយប្រហារចំរោងចក្រចម្រាញ់ប្រេងនៅតំបន់ភាគកណ្តាលនៃប្រទេសអ៊ុយក្រែន៕
ប្រែសម្រួលអត្ថបទដោយៈ លោកអ៊ួច សូនី


