ការនាំចេញប្រេងរបស់អារ៉ាប៊ីសាអូឌីតកើនឡើងខ្លាំង ទោះបីជាមានការវាយប្រហារឥតឈប់ឈរពីក្រុមហ៊ូទីក៏ដោយ
យោងតាមក្រុមហ៊ុនតាមដានសកម្មភាពដឹកជញ្ជូនតាមផ្លូវសមុទ្របានឱ្យដឹងថា ការនាំចេញប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនៅតែបន្តដំណើរការយ៉ាងសកម្ម និងក្នុងបរិមាណខ្ពស់ជិតស្មើនឹងកម្រិតខ្ពស់បំផុត អំឡុងពេលមានសង្គ្រាម ទោះបីជាមានការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់ក្រុមសកម្មប្រយុទ្ធហ៊ូទី (Houthi) ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន New York Post កាលពីថ្ងៃពុធ។
យោងតាមក្រុមហ៊ុន Vortexa ជាក្រុមហ៊ុនវិភាគទិន្នន័យបានឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងធំជាងគេនៅក្នុងតំបន់ បាននាំចេញប្រេងប្រហែល ៦,៥លានបារ៉ែលក្នុងមួយថ្ងៃ គិតមកទល់ពេលនេះ នៅក្នុងខែតុលា ដែលជាបរិមាណប្រហាក់ប្រហែលនឹងចំនួន ដែលបាននាំចេញកាលពីខែមុនដែរ។
ការប៉ាន់ប្រមាណអំពីចរាចរណ៍ប្រេងក្នុងបរិមាណច្រើននេះ ក៏ត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនខេភ្លើ (Kpler) និងក្រុមហ៊ុន ថែងឃ័រ ត្រេកឃ័រ (TankerTrackers.com) ផងដែរ ដែលបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ព្រះរាជាណាចក្រនេះ ក្នុងការសម្របខ្លួនទៅនឹងស្ថានការណ៍ នៅចំពោះមុខនៃការវាយប្រហារដោយមីស៊ីល និងដ្រូនឥតឈប់ឈរពីសំណាក់ក្រុមហ៊ូទីទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ខ្លួន។
បន្ទាប់ពីមានការវាយប្រហារមួយដោយក្រុមហ៊ូទី ដែលបានបណ្តាលឱ្យបំពង់បង្ហូរប្រេងអ៊ីសវ៉េស «East-West» របស់អារ៉ាប៊ីសាអូឌីតត្រូវផ្អាកដំណើរការកាលពីខែមុនមក ទីក្រុងរីយ៉ាដបានចាប់ផ្តើមបង្កើនការដឹកជញ្ជូនប្រេងត្រឡប់ទៅកាន់ច្រកសមុទ្រហ័រមូស (Strait of Hormuz) វិញ។ នៅទីនោះ សកម្មភាពដឹកជញ្ជូនកំពុងកើនឡើងជិតដល់កម្រិតមុនពេលមានសង្គ្រាម ដោយមានការអមដំណើរការពារពីសំណាក់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Saudi Aramco ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនថាមពលដ៏ធំបំផុតនៅលើពិភពលោក បានបង្កើនការនាំចេញតាមសមុទ្រក្រហម (Red Sea) រហូតដល់ចំនួន ២,៥ លានបារ៉ែលក្នុងមួយថ្ងៃ ដែលកើនឡើង ១០០.០០០ បារ៉ែល បើធៀបនឹងខែកញ្ញាកន្លងទៅ។
យោងតាមការប៉ាន់ប្រមាណពីសំណាក់ក្រុមហ៊ុនទាំងនោះបានឱ្យដឹងថា ខណៈដែលបំពង់បង្ហូរប្រេងបានចាប់ផ្តើមដំណើរការ ព្រះរាជាណាចក្រអារ៉ាប់មួយនេះ ត្រូវបានមើលឃើញពីកំណើននៃការដឹកជញ្ជូនប្រេងនៅក្នុងខែតុលា ដែលបានជួយទូទាត់ចំពោះការធ្លាក់ចុះនៃលំហូរប្រេង ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហ៊ូទី។
ការកើនឡើងនៃការនាំចេញប្រេងនេះ ក៏បានជួយឱ្យប្រទេសអារ៉ាប៊ីសាអូឌីតអាចឆ្លៀតយកប្រយោជន៍ពីតម្លៃប្រេង ដែលឡើងខ្ពស់កប់ពពកដោយសារសង្គ្រាមផងដែរ ដើម្បីទូទាត់បន្ថែមទៅនឹងការបាត់បង់ចំណូល ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហ៊ូទី ទៅលើព្រលានយន្តហោះនានារបស់ខ្លួន។
ទោះបីជាមានសកម្មភាពដឹកជញ្ជូនប្រេងកើនឡើងនៅក្នុងខែតុលាក៏ដោយ ក៏ក្រុមហ៊ូទីនៅតែបន្តវាយប្រហារលើព្រះរាជាណាចក្រអារ៉ាប់នេះ ដោយកាលពីថ្ងៃអង្គារ ក្រុមឧទ្ទាមបានចេញមុខទទួលខុសត្រូវចំពោះហេតុការណ៍អគ្គិភ័យមួយ ដែលបានកើតឡើងនៅរោងចក្រចម្រាញ់ប្រេងរ៉ាស តានូរ៉ា (Ras Tanura)។
ទីតាំងនេះចម្រាញ់ប្រេងនេះ គឺជាទីតាំងចម្រាញ់ប្រេងធំបំផុតមួយក្នុងចំណោមរោងចក្រចម្រាញ់ប្រេងធំបំផុតរបស់អារ៉ាប៊ីសាអូឌីត ហើយមានសមត្ថភាពចម្រាញ់ប្រេងបាន ៥៥០.០០០បារ៉ែលក្នុងមួយថ្ងៃ។
លោក យ៉ាយ៉ា សារី (Yahya Saree) អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូទី បានអះអាងថា ក្រុមឧទ្ទាមនេះ តាមចោទថា បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ (ballistic missile) មួយគ្រាប់ទៅលើរោងចក្រចម្រាញ់ប្រេងនោះ ព្រមទាំងមានការវាយប្រហារបន្ថែមទៀតនៅឯព្រលានយន្តហោះណារ៉ាន (Najran) និងមូលដ្ឋានទ័ពអាកាសមួយកន្លែងទៀតក្នុងតំបន់ខាមីសមូសេ (Khamis Mushait)។ ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីតនៅមិនទាន់ឆ្លើយតបនឹងការវាយប្រហារនេះទេ។
សកម្មភាពវាយប្រហារ ដែលកំពុងបន្តកើតមាន បានធ្វើឱ្យតម្លៃប្រេងនៅតែស្ថិតក្នុងកម្រិតខ្ពស់ ដោយតម្លៃប្រេងឆៅសម្រាប់ការចែកចាយនៅពេលអនាគត បានកើនឡើងដល់ ១១៥ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃពុធ។
ក្រុមពាណិជ្ជករ និងអ្នកវិនិយោគ ក៏កំពុងជួបប្រទះនឹងការលំបាកក្នុងការគណនាផងដែរ ដោយសារនាវាជាច្រើន ដែលដឹកប្រេងចេញពីឈូងសមុទ្រពែក្ស បានបិទឧបករណ៍បញ្ជូនសញ្ញា (transponders) របស់ខ្លួន ដើម្បីលាក់បាំងទីតាំង ដែលធ្វើឱ្យការតាមដានទំនិញនៅលើនាវាទាំងនោះមានការលំបាក៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


