លោក ហ្សេឡិនស្គី អះអាងថា ទឹកដីត្រូវបានដណ្តើមយកមកវិញ ហើយកងកម្លាំងកំពុងធ្វើការវាយលុក
ប្រធានាធិបតី វូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelenskiy) បានថ្លែងកាលពីថ្ងៃអង្គារថា កងទ័ពអ៊ុយក្រែនកំពុងដណ្តើមយកទឹកដីមកវិញតាមរយៈប្រតិបត្តិការវាយលុកជាបន្តបន្ទាប់ រួមទាំងប្រតិបត្តិការមួយ ដែលមិនធ្លាប់ប្រកាសពីមុនមក ដែលក្នុងនោះកងទ័ពអ៊ុយក្រែនបានប្រើប្រាស់បំពង់បង្ហូរឧស្ម័នក្រោមដី ធ្វើជាផ្លូវវាងចូលវាយលុកទីតាំងរបស់កងទ័ពរុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងាររ៉យទ័រនៅថ្ងៃពុធនេះ។
នៅក្នុងសារតាមវីដេអូរបស់លោក លោក ហ្សេឡិនស្គី បានថ្លែងថា ទីតាំងសមរភូមិរបស់ទីក្រុងកៀវ គឺស្ថិតក្នុងកម្រិតរឹងមាំបំផុតមួយ បើធៀបនឹងរយៈពេលកន្លងមកក្នុងសង្គ្រាមដែលមានរយៈពេល ៤ឆ្នាំកន្លះនេះ ហើយស្ថានភាពនេះអាចនឹងកាន់តែរឹងមាំថែមទៀត ប្រសិនបើមានការផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិច។
ដោយយោងតាមរបាយការណ៍ពីមេបញ្ជាការជាន់ខ្ពស់ លោក ហ្សេឡិនស្គី បានអះអាងជាលើកដំបូងអំពីប្រតិបត្តិការវេឡេស (Veles) ដែលប្រើប្រាស់បណ្តាញបំពង់ឧស្ម័ននៅភាគឦសាននៃប្រទេសអ៊ុយក្រែន។
លោកក៏បានលើកឡើងផងដែរអំពីប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសនៅភាគខាងកើតអ៊ុយក្រែន និងប្រតិបត្តិការវីវ៉ាលឌី (Vivaldi) នៅតំបន់ភាគខាងជើងបន្ថែមទៀត ដែលធ្វើឡើង ដើម្បីទប់ស្កាត់ការរុលទៅមុខរបស់កងកម្លាំងរុស្ស៊ីនៅក្នុងតំបន់សំខាន់ៗ។
លោកបាននិយាយថា ប្រតិបត្តិការវេឡេស (Veles) ត្រូវបានធ្វើឡើងនៅជិតទីក្រុងគូព្យាន (Kupiansk) ជាទីក្រុងមួយស្ថិតនៅភាគឦសាននៃតំបន់ខាកៀវ (Kharkiv)។ ទីក្រុងនេះត្រូវបានកងកម្លាំងអ៊ុយក្រែនដណ្តើមយកមកវិញនៅចុងឆ្នាំ២០២២ ប៉ុន្តែចាប់តាំងពីពេលនោះមក វាបានស្ថិតនៅក្រោមការវាយប្រហារឥតឈប់ឈរពីសំណាក់កងទ័ពរុស្ស៊ី។
លោក ហ្សេឡិនស្គី និយាយថា វាគឺជាប្រតិបត្តិការដ៏ខ្លាំងក្លាមួយ ដែលត្រូវបានរៀបចំផែនការយ៉ាងល្អ និងប្រើប្រាស់បច្ចេកវិទ្យាជាមូលដ្ឋាន ដោយលោកបន្តថា ភាគីរុស្ស៊ីធ្លាប់បានព្យាយាមប្រើប្រាស់បំពង់បង្ហូរឧស្ម័នក្រោមដី ដើម្បីរុលទៅមុខហួសពីទីតាំងរបស់អ៊ុយក្រែន ប៉ុន្តែកងទ័ពអ៊ុយក្រែនបានប្រើប្រាស់យុទ្ធសាស្ត្រនេះ ដើម្បីវាយបកលើកងទ័ពរុស្ស៊ីវិញ។
នៅក្នុងប្រតិបត្តិការវាយលុកវីវ៉ាលឌី (Vivaldi) មេបញ្ជាការជាន់ខ្ពស់ម្នាក់បានរាយការណ៍កាលពីខែមុនថា កងពលធំលេខ ៣ នៃកងទ័ពអ៊ុយក្រែន បានបណ្តេញកងទ័ពរុស្ស៊ីចេញពីតំបន់មួយ ដែលមានទំហំ៧៥គីឡូម៉ែត្រការ៉េ និងបានដណ្តើមបានផ្ទៃដីទំហំ១០គីឡូម៉ែត្រការ៉េបន្ថែមទៀតផងដែរ។
ប្រតិបត្តិការនោះផ្តោតលើតំបន់ភាគខាងជើង ដែលមានមូលដ្ឋានទ័ពសំខាន់ៗ ហើយដែលគេហៅថា “ខ្សែក្រវ៉ាត់បន្ទាយ” ស្ថិតនៅតាមទីក្រុងស្លូវៀនស្គ៍ (Sloviansk) និងក្រុងក្រាម៉ាទាស់ (Kramatorsk)។ ការកាន់កាប់ទីក្រុងទាំងពីរនេះដោយកងទ័ពរុស្ស៊ី នឹងជួយឱ្យរុស្ស៊ីខិតកាន់តែជិតទៅរកគោលដៅរបស់ខ្លួនក្នុងការដណ្តើមកាន់កាប់តំបន់ដុនបាស (Donbas) ទាំងមូល។
កាលពីខែសីហា លោក ហ្សេឡិនស្គី បានលើកឡើងអំពីជោគជ័យនៅក្នុងប្រតិបត្តិការវាយលុកមួយនៅតំបន់ភាគខាងត្បូងបន្ថែមទៀត ដោយភូមិចំនួន២៦ ត្រូវបានដណ្តើមយកមកស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនវិញ។
ជុំវិញបញ្ហាសង្គ្រាមនេះ រុស្ស៊ីបានលើកឡើងថា ខ្លួនចង់ឃើញដំណោះស្រាយរួមសម្រាប់សង្គ្រាមនេះ ជាជាងបទឈប់បាញ់ក្នុងរយៈពេលខ្លី ហើយបានប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីដណ្តើមកាន់កាប់តំបន់ដុនបាស (Donbas) ទាំងមូល។
មេបញ្ជាការរុស្ស៊ីតែងតែនិយាយម្តងហើយម្តងទៀតថា កងកម្លាំងរបស់ខ្លួនកំពុងតែរុលទៅមុខនៅគ្រប់ផ្នែកទាំងអស់នៃសមរូភូមិដែលមានប្រវែង ១.២០០ គីឡូម៉ែត្រ។
លោក វ៉ាឡឺរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានថ្លែងនៅដើមខែនេះថា កងកម្លាំងរបស់ក្រុងមូស្គូបានកាន់កាប់ទីតាំងអ៊ុយក្រែនចំនួន៩២ រួមទាំងទីក្រុងដូប្រូពីលីយ៉ា (Dobropillia) ផងដែរ ចាប់តាំងពីដើមខែកញ្ញាមក។ ទោះបីជាយ៉ាងណាយោធាអ៊ុយក្រែនបានច្រានចោលសេចក្តីថ្លែងការណ៍របស់រុស្ស៊ី៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


