ស្ថាប័នសារព័ត៌មានឥណ្ឌាចំនួន ២១ តវ៉ាជំទាស់នឹងច្បាប់ស្តីពីឯកជនភាពរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី

ស្ថាប័ន​សារ​ព័ត៌មានចំនួន២១ រួម​ទាំង​ស្ថាប័ន​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​របស់មហាសេដ្ឋី មូកេស អាំបានី (Mukesh Ambani) និងមហាសេដ្ឋី​ ហ្គូតាំ អាដានី (Gautam Adani) ផងនោះ បានតវ៉ាជំទាស់​​នឹងច្បាប់ស្តីពីឯកជន​ភាព​របស់ប្រទេសឥណ្ឌាតាម​ផ្លូវ​​តុលាការ ដោយ​លើកឡើងថា ច្បាប់នេះនឹងរារាំងដល់ការងារស៊ើបអង្កេត និង​អនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងញូវដេលី (New Delhi) កំណត់​បាន​ប្រភពព័ត៌មានរបស់អ្នកសារព័ត៌មាន។ នេះបើ​តាម​សេចក្តី​រាយការ​ណ៍​​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យ​ទ័រ​​ កាល​ពី​ថ្ងៃចន្ទ​។​

កាលពីឆ្នាំមុន រដ្ឋាភិបាលរបស់លោក​នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi) បានប្រ​​​កាសដាក់ឱ្យអនុវត្តច្បាប់ស្តីពីឯកជនភាព​ ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនតាមប្រព័ន្ធឌីជីថលរបស់អ្នកប្រើប្រាស់ ដោយ​លើក​ឡើង​ពី​តម្រូវការ នៃការអនុវត្តតាមច្បាប់សម្រាប់ក្រុមហ៊ុនដូចជា Meta និង Google។ ស្ថាប័នសារព័ត៌មានទាំង​នោះ​​បានលើកឡើងថា ដោយសារស្ថាប័ន​ព័ត៌​មាន​​មិន​ត្រូវបានលើកលែង​ពីច្បាប់នេះ ដូច្នេះ​ច្បាប់នេះ ត្រូវបានចាត់ទុកថា ជាការរំលោភលើសេរីភាពសារព័ត៌មាន។

សមាគមស្ថាប័ន​ព័ត៌មានឌីជីថលនៅ​ប្រទេសឥណ្ឌា (DNPA) បានលើកឡើងនៅក្នុងឯកសារសម្ងាត់មួយ ដែលដាក់ជូនតុលាការកំពូល​ថា ទោះបីជាក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានាទទួលបានការធានាពីសំណាក់រដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំមួយកាលពីខែសីហា ថា ច្បាប់នេះនឹងការ​ពារសេរីភាពសារព័ត៌មានក៏ដោយ ប៉ុន្តែការដែលមិនមានការចែងការ​លើកលែងជាលាយ​លក្ខណ៍អក្សរសម្រាប់អ្នកសារព័ត៌មាន ដូចជា​នៅសហភាពអឺរ៉ុប សិង្ហបុរី និងចក្រ​ភព​អង់​គ្លេស គឺ​ជាចំណុចមួយ ដែលគួរឱ្យព្រួយ​បារម្ភ។

បណ្តឹងដែលបានដាក់នៅថ្ងៃទី៦ ខែតុលា និង​ត្រូវបានរាយការណ៍ជាលើកដំបូង គ្រោងនឹងលើកយកមកជំនុំជម្រះនៅ​ថ្ងៃអង្គារនេះ។  បណ្តឹង​នេះ គឺជាការតវ៉ា​ដ៏លេចធ្លោបំផុតចំពោះច្បាប់ស្តីពីឯកជនភាព​របស់រដ្ឋាភិបាល​លោក ម៉ូឌី។ រហូតមកដល់ពេលនេះ មានតែក្រុមអ្នកតស៊ូមតិ ដើម្បីសេរីភាពនៃការបញ្ចេញមតិ និងស្ថាប័នព័ត៌មានតូចៗ​មួយ​ចំនួនប៉ុណ្ណោះ ដែលបាន​ជំទាស់នឹងច្បាប់នេះ​។

ការជំទាស់​នេះក៏បង្ហាញផងដែរនូវបញ្ហាប្រឈមមិនធម្មតាមួយចំពោះរដ្ឋាភិបាល ដែលផ្តើម​ចេញ​ពី​ជំនួញ​ ដែល​ដឹកនាំដោយលោក អាំបានី​ និងលោក អាដានី។ គណបក្សប្រឆាំងបានចោទ​ប្រកាន់ថា បុគ្គលទាំងពីរ​នេះមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ម៉ូឌី​ និងទទួលបានការ​អនុគ្រោះពិសេស ប៉ុន្តែការចោទប្រកាន់នេះត្រូវបានរដ្ឋាភិបាល បដិសេធយ៉ាងដាច់អហង្ការ​។

សមាគមស្ថាប័ន​ព័ត៌មានឌីជីថលនៅ​ប្រទេសឥណ្ឌា (DNPA)  និងអង្គការសារព័ត៌មាន​នានា មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មានរ៉យ​ទ័រ​នោះទេ ហើយក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌាក៏មិនបានឆ្លើយតបដែរ។

ស្ថាប័ន​ព័ត៌មាន​ទាំង​នោះ កំពុងទាមទារឱ្យលុបចោលនូវបទប្បញ្ញត្តិ ដែលមានភាពចម្រូង​ចម្រាសភាគច្រើននៅក្នុង​ច្បាប់នេះ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៧ ត​ទៅ​​។

ពួកគេលើកឡើងថា ច្បាប់នេះអាចបង្ខំឱ្យអ្នកសារព័ត៌មានត្រូវសុំការយល់ព្រមជាមុនពីបុគ្គល ដែលពួកគេចង់ធ្វើការស៊ើបអង្កេត ហើយថែមទាំងបង្ខំឱ្យស្ថាប័ន​ព័ត៌មាន​ទាំង​នោះ​លុបអត្ថបទព័ត៌មានចោលទៀតផង។ ពួកគេក៏​បាន​លើក​ឡើង​ដែរ​ថា អំណាចដែលច្បាប់នេះផ្តល់ឱ្យបុគ្គល​ក្នុងការទាមទារព័ត៌មាននោះ​ អាចធ្វើឱ្យប្រភពព័ត៌​មាន​របស់​អ្នក​សារព័ត៌មាន​ត្រូវបាន​លាតត្រ​ដាង​ជាសាធារណៈ។

ឯកសារដែលមានកម្រាស់ ៦៩៨ទំព័រនោះ បានលើកឡើងថា ច្បាប់នេះនឹងប្រែក្លាយសារព័ត៌​មានស៊ើបអង្កេត ទៅ​ជា​ត្រឹម​អ្នកកត់ត្រាព្រឹត្តិការណ៍មួយដែល​គ្មានឥទ្ធិពលអ្វីឡើយ ហើយ​ថា បទប្បញ្ញត្តិដែល​ចែង​ក្នុង​ច្បាប់​នេះ​ គឺជាទម្រង់ នៃការត្រួតពិនិត្យមាតិកាជាមុន ដែលជារឿងផ្ទុយស្រឡះទាំង​ស្រុង​ពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យពិត​ប្រាកដ។

បណ្តឹងនេះកើតឡើងចំពេលដែលមានការចោទប្រកាន់ថា សេរីភាពសារព័ត៌មាននៅក្នុងប្រទេ​ស​​ឥណ្ឌាបានធ្លាក់ចុះ ចាប់តាំងពីលោក ម៉ូឌី ឡើងកាន់តំណែងក្នុងឆ្នាំ២០១៤។ អ្នករិះគន់លើកឡើងថា ស្ថាប័នសារព័ត៌មានធំៗជាច្រើនមិនបានបំពេញតួនាទីរបស់ខ្លួនឱ្យបានគ្រប់គ្រាន់​ក្នុងការត្រួតពិនិត្យរដ្ឋាភិបាលរបស់លោក ម៉ូឌី នោះទេ។

ចំណាត់ថ្នាក់របស់ប្រទេសឥណ្ឌានៅលើ​សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់អង្គការ​​អ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានធ្លាក់ចុះមកនៅលេខរៀងទី១៥៧ ក្នុងចំណោម១៨០ប្រទេសនៅឆ្នាំនេះ បើធៀបនឹងលេខរៀងទី១៤០ កាលពីឆ្នាំ២០១៤ ប៉ុន្តែរដ្ឋាភិបាលបានបដិសេធការ​ចាត់​ថ្នាក់នេះ។

រដ្ឋាភិបាលរបស់លោក ម៉ូឌី លើកឡើងថា ខ្លួនគោរពសេរីភាពសារព័ត៌មាន ហើយថា ប្រទេសឥណ្ឌា ដែលមានសារ​ព័ត៌​មាន និងប្រព័ន្ធផ្សព្វផ្សាយដ៏រស់រវើក រួមមានកាសែត និងទូរ​ទស្សន៍រាប់រយនោះ មិនចាំបាច់ត្រូវការការទទួលស្គាល់​ពីស្ថាប័នបរទេសឡើយ៕

បច្ចុប្បន្ន សមាជិករបស់សមាគមស្ថាប័ន​ព័ត៌មានឌីជីថល (DNPA) រួមមានបណ្តាញ​ព័ត៌មាន​ Network18 របស់លោក អាំបានីដែល​មានវេទិកាព័ត៌មានឌីជីថលចំនួន៧ បណ្តាញ​ព័ត៌មាន​ NDTV របស់លោក អាដានី និងក្រុមប្រព័ន្ធ​ផ្សព្វផ្សាយល្បីៗផ្សេងទៀត ដូចជា Indian Express និង Times Internet (ដែលជាផ្នែកមួយនៃក្រុមហ៊ុន​ Times of India Group  ដែលជាអ្នកបោះពុម្ពផ្សាយកាសែតប្រចាំថ្ងៃជាភា​សាអ​ង់គ្លេស ដែលមានចំនួនលក់ដាច់បំផុតនៅក្នុងប្រទេសឥណ្ឌា។

យោងតាមឯកសារ ដែលសមាគមស្ថាប័ន​ព័ត៌មានឌីជីថល​បានដាក់ជូន គឺកង្វល់​សំខាន់មួយនៅក្នុងច្បាប់នេះ គឺការ​តម្រូវឱ្យមានការយល់ព្រម។

វេទិកាបណ្តាញសង្គម ឬអ្នកលក់រាយតាមអនឡាញ អាចស្នើសុំការយល់ព្រមពីអ្នកប្រើប្រាស់នៅពេលពួកគេចុះឈ្មោះ ប៉ុន្តែ DNPA បានលើកឡើងថា ការតម្រូវឱ្យអ្នកសារព័ត៌មានជូនដំណឹងដល់បុគ្គល ដែលកំពុងស្ថិតក្រោមការ​ស៊ើប​អង្កេត និងស្នើសុំការយល់ព្រមពីបុគ្គលនោះ ជាមុន​ គឺនឹងបើកឱកាសឱ្យបុគ្គលនោះអាចបំផ្លាញភស្តុតាង ឬ​គំរាម​កំហែង​សាក្សីបាន។

ច្បាប់នេះក៏អនុញ្ញាតឱ្យបុគ្គលម្នាក់ៗអាចដកហូតការយល់ព្រមរបស់ខ្លួននៅពេលណាក៏បាន និងទាមទារឱ្យលុបទិន្នន័យរបស់ពួកគេចោល ដោយមិនមានយន្តការការពារសម្រាប់ផលប្រយោ​ជន៍សាធារណៈឡើយ។ DNPA បានលើកឡើងថា ចំណុចនេះអាចបង្ខំឱ្យសមាជិករបស់​ខ្លួនត្រូវដកចេញនូវសេចក្តីរាយការណ៍ព័ត៌មាន ដែលផ្អែកលើ​ការ​ពិត ឬ​កែ​សម្រួល​​អត្ថបទ​នោះ​យ៉ាង​ច្រើន។

DNPA បាន​បន្ត​ថា ស្ថាប័នព័ត៌មា​បារម្ភថា អំណាចដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នេះ អាចដាក់ពិន័យជាប្រាក់​ចំពោះ​ការមិនអនុវត្តតាមច្បាប់ ហើយថែមទាំងផ្តល់អំណាចដល់អាជ្ញាធរ​ក្រុង​ញូវដេលី ក្នុងការរារាំងការទទួល​បាន​​ព័ត៌មាននានា ដែល​ជា​ប្រយោជន៍សាធារណៈហើយ​ចំណុចនេះ នឹងរឹតត្បិតសេរីភាពសារព័ត៌មាន៕

ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី

Detail Bottom – GTVC Speedboat Cambodia
Detail Bottom – Saly Gas
អត្ថបទដែលជាប់ទាក់ទង