ក្រុមមន្ត្រីមកពីបណ្តាប្រទេសនៃកិច្ចព្រមព្រៀងមេកា គ្រោងជួបជាមួយមន្ត្រីអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ
ក្រុមមន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសនៃកិច្ចព្រមព្រៀងទីក្រុងមេកា (Mecca Pact) រួមមាន អារ៉ាប៊ីសាអូឌីត តួគី និងប៉ាគីស្ថាន គ្រោងជួបជាមួយមេដឹកនាំអ៊ីរ៉ង់នៅទីក្រុងតេហេរ៉ង់នាថ្ងៃចន្ទនេះ។ ជំនួបនេះ គឺជាការទាក់ទងគ្នាកម្រិតខ្ពស់លើកដំបូង ចាប់តាំងពីអារ៉ាប៊ីសាអូឌីតបានក្លាយជាចំណុចរងសម្ពាធនៅក្នុងជម្លោះដ៏រាលដាលជាមួយនឹងអ៊ីរ៉ង់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
យោងតាមមន្ត្រីអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ បានឱ្យដឹងថា អារ៉ាប៊ីសាអូឌីតនឹងមានរដ្ឋមន្ត្រីក្រសួងការពារជាតិ គឺព្រះអង្គម្ចាស់ ខាលីដ ប៊ីន សាលម៉ាន់ (Khalid bin Salman) ជាតំណាង រីឯប្រទេសប៉ាគីស្ថានមានមេបញ្ជាការកងទ័ព គឺលោក ហ្វីល ម៉ាសល អាស៊ីម មូនៀ (Field Marshal Asim Munir) ជាតំណាង និងប្រទេសតួគីមានប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ គឺលោក អ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin) ជាតំណាង។
ការចរចានេះ ធ្វើឡើងចំពេល ដែលក្រុមហ៊ូទី (Houthis) ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានបង្កើនការវាយប្រហារយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយវោហាសាស្ត្ររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ក៏កាន់តែមានភាពតានតឹងខ្លាំងឡើងផងដែរ ហើយប្រទេសទាំងពីរនេះ ក៏បានរៀបចំផែនការ ដើម្បីត្រៀមចាប់ផ្តើមសង្គ្រាមទ្រង់ទ្រាយធំឡើងវិញ ដែលអាចនឹងកើតឡើងបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ។
កិច្ចពិភាក្សា ដែលគ្រោងធ្វើឡើងនៅថ្ងៃចន្ទនេះ នឹងក្លាយជាទំនាក់ទំនងកម្រិតខ្ពស់លើកដំបូងរវាងអ៊ីរ៉ង់ និងសមាជិកទាំងអស់ នៃសម្ព័ន្ធភាព ដែលមានប្រទេសបីនេះ ចាប់តាំងពីអារ៉ាប៊ីសាអូឌីតបានចូលរួមពាក់ព័ន្ធកាន់តែជ្រៅនៅក្នុងជម្លោះនេះ។
បើតាមកិច្ចព្រមព្រៀងការពារជាតិរួមក្រុងមេកា (Mecca Joint Defence Agreement) ដែលបានចុះហត្ថលេខាកាលពីខែសីហានោះ ចែងថា ការវាយប្រហារដោយប្រដាប់អាវុធទៅលើសមាជិកណាមួយ ត្រូវបានចាត់ទុកថា ជាការវាយប្រហារទៅលើសមាជិកទាំងអស់។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា អ្នកសម្របសម្រួលមកពីប្រទេសកាតាបានជួបជាមួយមន្ត្រីអ៊ីរ៉ង់នៅទីក្រុងតេហេរ៉ង់កាលពីថ្ងៃអាទិត្យ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងក្នុងតំបន់។
គួរកត់សម្គាល់ថា អស់រយៈពេលជាច្រើនខែមកហើយ ដែលប្រទេសកាតាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសប៉ាគីស្ថាន អំឡុងពេលលោក មូនៀ (Munir) ទៅបំពេញទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់កាលពីសប្តាហ៍មុន ដែលអំឡុងពេលនោះ លោកបានជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ផេហ្សេសខ្យាន (Masoud Pezeshkian) និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានឱ្យដឹងថា អំឡុងទស្សនកិច្ចនោះ មន្ត្រីអ៊ីរ៉ង់បានប្រាប់លោកថា នឹងមិនមានការចរចាណាមួយជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ លុះត្រាតែសំណើរបស់ទីក្រុងតេហេរ៉ង់ត្រូវបានគោរពតាម។
កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលកាលពីពេលមុន ដែលមានការចូលរួមពីប្រទេសប៉ាគីស្ថាន និងប្រទេសកាតា បានជួយឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នមួយកាលពីខែមិថុនា ប៉ុន្តែកិច្ចព្រមព្រៀងនោះបានបរាជ័យទៅវិញយ៉ាងឆាប់រហ័ស ខណៈការប្រយុទ្ធគ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្ទុះឡើងវិញប៉ុន្មានសប្តាហ៍ក្រោយមក។
លោក អាលី បាកេរី កានី (Ali Baqeri-Kani) អគ្គលេខាធិការរង នៃស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ បានប្រាប់ទូរទស្សន៍រដ្ឋថា រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ ខាលីដ រួមជាមួយលោក មូនៀ មកពីប្រទេសប៉ាគីស្ថាន និងលោក អ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin) ប្រធានទីភ្នាក់ងារស៊ើបការណ៍តួគី នឹងមកទស្សនកិច្ចក្រុងតេហេរ៉ង់ ដើម្បីពិភាក្សាជាមួយក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ អំពីបញ្ហាសន្តិសុខក្នុងតំបន់។
លោក រ៉ាយ៉េដ គ្រីមលី (Rayed Krimly) អនុរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកការទូតសាធារណៈរបស់អារ៉ាប៊ីសាអូឌីត បានថ្លែងថា កិច្ចប្រជុំនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់បណ្តាប្រទេសក្នុងកិច្ចព្រមព្រៀងមេកា ដើម្បីកាត់បន្ថយភាពតានតឹងនៃវិបត្តិបច្ចុប្បន្ន ជំរុញឱ្យមានដំណោះស្រាយតាមផ្លូវការទូត និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដែលដឹកនាំដោយប្រទេសកាតា និងប្រទេសប៉ាគីស្ថាន។
លោក គ្រីមលី បានបង្ហោះនៅលើបណ្តាញសង្គម X ថា ដំណើរទស្សនកិច្ចនេះក៏បានគូសបញ្ជាក់ផងដែរអំពីតួនាទីដ៏សំខាន់របស់បណ្តារដ្ឋ ដែលជាភាគី នៃកិច្ចព្រមព្រៀងមេកា ក្នុងការលើកកម្ពស់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ព្រមទាំងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការសហការជាមួយគ្រប់ប្រទេសនៅក្នុងតំបន់ ដើម្បីសម្រេចបាននូវគោលដៅនេះ។
ដោយឡែក កាលពីថ្ងៃអាទិត្យ មានសេចក្តីរាយការណ៍ថា អារ៉ាប៊ីសាអូឌីតបានស្ទាក់ចាប់មីស៊ីល និងដ្រូនមួយចំនួនទៀត ខណៈការប្រយុទ្ធជាមួយក្រុមហ៊ូទីនៅតែបន្តយ៉ាងខ្លាំងក្លា។
គួររំលឹកថា រដ្ឋមន្ត្រីមកពីបណ្តាប្រទេសនៃកិច្ចព្រមព្រៀងមេកាបានជួបប្រជុំបន្ទាន់មួយនៅទីក្រុងរីយ៉ាដ កាលពីដើមខែនេះ ហើយបានព្រមព្រៀងគ្នាឱ្យមានការដាក់ពង្រាយយ៉ាងឆាប់រហ័សនូវកងកម្លាំងយោធា និងពង្រឹងសមត្ថភាពនានានៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ការវាយប្រហាររបស់ក្រុមហ៊ូទីបានក្លាយជាបញ្ហា ដែលបង្កអស្ថិរភាពកាន់តែខ្លាំងឡើង នៅក្នុងយុទ្ធនាការវាយលុករបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ដោយធ្វើឱ្យអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក្លាយជាចំណុចរងសម្ពាធនៅក្នុងសង្គ្រាមដ៏រាលដាលនេះ។
ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានកើនឡើងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកអាចនឹងបើកប្រតិបត្តិការយោធាម្តងទៀតប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប៉ុន្តែមេដឹកនាំអ៊ីរ៉ង់បានឆ្លើយតបវិញថា ប្រសិនបើសហរដ្ឋអាមេរិកបើកយុទ្ធនាការវាយលុកដោយយោធាជាថ្មីនោះ ពួកគេនឹងឆ្លើយតបវិញក្នុងកម្រិតខ្លាំងក្លាជាងមុនទៅទៀត៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


