កំណត់ហេតុចារកម្មបានព្រមានថា អ៊ីរ៉ង់បានបង្កើនកិច្ចប្រឹងប្រែង ដើម្បីកំណត់គោលដៅលើមន្ត្រីអាមេរិក
មន្ត្រីចារម្មជាន់ខ្ពស់របស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់គោលដៅលើពលរដ្ឋអាមេរិក ហើយផែនការ ដែលរៀបចំដោយទីក្រុងតេហេរ៉ង់ប្រឆាំងនឹងពលរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់ហើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃសៅរ៍។
ការព្រមានរបស់លោក ជេ ក្លេតុន (Jay Clayton) នាយកទីភ្នាក់ងារស៊ើបការណ៍អាមេរិក បានធ្វើឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានកាត់បន្ថយចំនួនបុគ្គលិកនៅស្ថានទូតរបស់ខ្លួនក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីដើមសប្តាហ៍នេះ ជាការឆ្លើយតបទៅនឹងការវាយប្រហារកាន់តែខ្លាំងឡើងពីសំណាក់កងកម្លាំងហ៊ូទី (Houthi) ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់។
ការវាយប្រហារទាំងនោះទៅលើសមរភូមិមួយនៃជម្លោះក្នុងតំបន់ ដែលបានអូសបន្លាយជិត ៨ខែមកនេះ ដោយសារសង្គ្រាមជាមួយអ៊ីរ៉ង់ បានកើតឡើងស្របពេល ដែលការកើនឡើងនៃការវាយប្រហារលើនាវាពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រហ័រមូស (Strait of Hormuz)។
កាលពីដើមខែនេះ ប្រភពមួយចំនួនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រទេសអ៊ីរ៉ង់កំពុងត្រៀមឆ្លើយតបក្នុងកម្រិតដ៏ខ្លាំងក្លាជាងមុន ប្រសិនបើសហរដ្ឋអាមេរិកបន្តការវាយប្រហារផ្នែកយោធាទ្រង់ទ្រាយធំមកលើទឹកដីរបស់ខ្លួន។
តាមរយៈកំណត់ហេតុនេះ លោក ជេ ក្លេតុន នាយកទីភ្នាក់ងារស៊ើបការណ៍អាមេរិកផ្ញើជូនរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ចុះថ្ងៃទី ២៣ ខែតុលា បានឱ្យដឹងថា មានព័ត៌មានសម្ងាត់ថា អ៊ីរ៉ង់បានបង្កើនកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកំណត់គោលដៅលើបុគ្គលិកជនជាតិអាមេរិក។
លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងរៀបចំផែនការដ៏សាហាវរបស់អ៊ីរ៉ង់ ប្រឆាំងនឹងពលរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់រួចទៅហើយ ទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងនៅតាមប្រទេសមួយចំនួនផ្សេងទៀត។
ក្រុមមន្ត្រីអាមេរិកបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កាលពីថ្ងៃពុធ ក្រសួងការបរទេសអាមេរិកបានបញ្ជាឱ្យបុគ្គលិករដ្ឋ ដែលមិនមែនជាបុគ្គលិកសម្រាប់កិច្ចការបន្ទាន់ រួមទាំងសមាជិកគ្រួសាររបស់ពួកគេ ចាកចេញពីស្ថានបេសកកម្មការទូតអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយក៏មានគម្រោងដកសមាជិកគ្រួសារចេញពីបេសកកម្មការទូតមួយចំនួនទៀតនៅក្នុងតំបន់ផងដែរ។
កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើបច្ចុប្បន្នភាពការណែនាំអំពីការធ្វើដំណើរសម្រាប់ប្រទេសជាងដប់នៅក្នុងតំបន់ឈូងសមុទ្រ និងមជ្ឈិមបូព៌ា រួមមាន អារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ាក់ និងអ៊ីស្រាអែល ដោយលើកឡើងពីការកើនឡើង នៃហានិភ័យបង្កឡើងដោយក្រុមហ៊ូទី ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។
មន្ត្រីអាមេរិកម្នាក់បាននិយាយថា ទាក់ទងនឹងការរៀបចំបុគ្គលិកនៅតាមស្ថានទូតនានា អាមេរិកតែងតែវាយតម្លៃព័ត៌មានថ្មីៗជានិច្ច អំពីស្ថានភាពសន្តិសុខ។
មន្ត្រីរូបនោះបានបន្តថា ការគំរាមកំហែងពីការវាយប្រហាររបស់ក្រុមហ៊ូទី និងផែនការភេរវកម្មរបស់អ៊ីរ៉ង់ ដែលកំណត់គោលដៅលើមន្ត្រីអាមេរិក គឺជាកត្តាដែលអាមេរិកត្រូវយកមកពិចារណាក្នុងការសម្រេចចិត្តកែសម្រួលចំនួនបុគ្គលិកនៅតាមស្ថានទូតនានាក្នុងតំបន់។
ស្ថានភាពប្រតិបត្តិការ ដែលមានកម្រិតនេះ (Restricted Operations Status) ផ្តល់ឱ្យក្រសួងការបរទេសអាមេរិកនូវភាពបត់បែនកាន់តែច្រើនក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងបុគ្គលិក ដោយមិនចាំបាច់ប្រកាសជាសាធារណៈអំពីការផ្លាស់ប្តូរស្ថានភាពនៃបេសកកម្មនោះឡើយ។
សង្គ្រាមនៅអ៊ីរ៉ង់នឹងឈានចូលដល់ខែទី៩ ក្នុងរយៈពេលមួយសប្តាហ៍ទៀត ហើយវាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើកម្រិតនៃការគាំទ្រចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែវិច្ឆិកា៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


