តៃវ៉ាន់អះអាងថា ខ្លួនកំពុងបន្តការចរចាជាមួយសហរដ្ឋអាមេរិកជុំវិញការលក់អាវុធ
រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ បានថ្លែងនៅថ្ងៃទី២៩ ខែកញ្ញាថា តៃវ៉ាន់កំពុងបន្តការចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញការលក់អាវុធ ហើយទទួលបានការធានាថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្តូរឡើយ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនរវាងមេដឹកនាំអាមេរិក និងមេដឹកនាំចិន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងាររ៉យទ័រ។
សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតសម្រាប់កោះតៃវ៉ាន់ ទោះបីជាគ្មានទំនាក់ទំនងការទូតជាផ្លូវការក៏ដោយ។
ប្រទេសចិនដែលអះអាងថា តៃវ៉ាន់គឺជាផ្នែកនៃដែនដីរបស់ខ្លួននោះ បានអំពាវនាវជាបន្តបន្ទាប់ឱ្យបញ្ឈប់ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ហើយកាលពីខែឧសភា បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកកំពុងផ្អាកកញ្ចប់លក់អាវុធថ្មីមួយ ដែលមានតម្លៃប្រហែល ១៤ពាន់លានដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតី ស៊ី ជីនពីង នៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន លោក ត្រាំ បានត្រឹមតែនិយាយថា មេដឹកនាំចិនរូបនេះយល់ពីជំហររបស់លោកចំពោះបញ្ហាកោះតៃវ៉ាន់។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯរដ្ឋសភាក្នុងទីក្រុងតៃប៉ិ រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ លោក វែលលិងតុន គូ (Wellington Koo) បាននិយាយថា បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលតៃវ៉ាន់ទទួលបានការពន្យល់ជាបន្តបន្ទាប់ពីភាគីអាមេរិកថា គោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់មិនមានការផ្លាស់ប្តូរនោះទេ។
លោកបានបន្ថែមថា ទាក់ទងនឹងករណីលក់សព្វាវុធយោធាដែលកំពុងដំណើរការនេះ តៃវ៉ាន់ក៏កំពុងបន្តពិភាក្សាជាមួយភាគីអាមេរិកផងដែរ ដោយលោកបញ្ជាក់ថា ករណីនីមួយៗទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែង ហើយថា រហូតមកទល់ពេលនេះ តៃវ៉ាន់មិនទាន់ទទួលបានការជូនដំណឹងណាមួយអំពីការផ្លាស់ប្តូរនោះទេ។
តៃវ៉ាន់មានការកកស្ទះលើការដឹកជញ្ជូនអាវុធដែលបានបញ្ជាទិញពីមុនមក ហើយមិនទាន់ត្រូវបានប្រគល់ជូននៅឡើយ។
ការយឺតយ៉ាវដ៏សំខាន់មួយ គឺពាក់ព័ន្ធនឹងការបញ្ជាទិញកាលពីឆ្នាំ ២០១៩ សម្រាប់យន្តហោះចម្បាំង F-16V ចំនួន ៦៦គ្រឿង របស់ក្រុមហ៊ុន Lockheed Martin (LMT.N) ដែលបំពាក់ដោយប្រព័ន្ធអាវុធ និងប្រព័ន្ធរ៉ាដាកាន់តែទំនើប ដើម្បីប្រឈមមុខឱ្យបានល្អជាងមុនជាមួយកងទ័ពអាកាសចិន រួមទាំងយន្តហោះចម្បាំង J-20 របស់ចិន ដែលមានសមត្ថភាពបំបាំងកាយ។
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា យន្តហោះ F-16V ចំនួន ២គ្រឿងដំបូង បច្ចុប្បន្នកំពុងស្ថិតនៅកោះហាវ៉ៃ ដោយរង់ចាំការហោះហើរ ដើម្បីដឹកជញ្ជូនមកកាន់តៃវ៉ាន់។
លោក វែលលិងតុន គូ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើកាលវិភាគនៃការដឹកជញ្ជូននោះទេ ដោយគ្រាន់តែបញ្ជាក់ថា ដំណើរការផលិតបានឈានដល់ដំណាក់កាលដែលអាចធ្វើការដឹកជញ្ជូនបានហើយ ប៉ុន្តែលោកក៏បានបន្ថែមថា មានវិធានការសងការខូចខាតផងដែរ ដោយសារតែមានការយឺតយ៉ាវនេះ។
ក្រុមហ៊ុន Lockheed Martin មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
គួររំលឹកថា សហរដ្ឋអាមេរិកមានកាតព្វកិច្ចតាមច្បាប់ស្តីពីទំនាក់ទំនងជាមួយតៃវ៉ាន់ឆ្នាំ១៩៧៩ ក្នុងការផ្តល់មធ្យោបាយដល់តៃវ៉ាន់ ដើម្បីការពារខ្លួន។
រដ្ឋាភិបាលតៃវ៉ាន់ដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ បដិសេធការអះអាងសិទ្ធិកាន់កាប់របស់ក្រុងប៉េកាំងលើអធិបតេយ្យភាពដែនកោះនេះ៕
ប្រែសម្រួលអត្ថបទដោយ៖ លោក អ៊ួច សូនី


