អ៊ុយក្រែនចុះកិច្ចព្រមព្រៀងទិញមីស៊ីលការពារដែនអាកាសប្រមាណ ១០០០គ្រាប់ពីសម្ព័ន្ធមិត្ត

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនកំពុងចុះកិច្ច​សន្យាទិញមីស៊ីលប្រមាណ ១.០០០គ្រាប់ ជា​ប្រព័ន្ធការពារអាកាស ដែលផលិត​ដោយសហ​រដ្ឋ​អាមេរិក ក្រោមជំនួយពីប្រទេស​​ជាសម្ព័ន្ធមិត្ត និងតាមរយៈកម្ចីពីសហភាពអឺរ៉ុប។ នេះបើ​យោងតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់​ងារព័ត៌មាន​រ៉យ​ទ័រ​កាល​ពីថ្ងៃពុធ។​

ថ្លែងក្នុងកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន លោក យ៉េវហេនី ខ្មា​រ៉ា (Yevhenii Khmara) ក៏បានលើកឡើងផងដែរថា មីស៊ីលភាគច្រើននឹងត្រូវការ​ពេលវេលា​ពីរបី​ឆ្នាំទៀតទើប​រួចរាល់​​ ដូច្នេះ​លោកបានអំពាវ​នាវ​ឱ្យ​មាន​ការផ្តល់ជំនួយបន្ទាន់​បន្ថែមទៀត។

នៅក្នុងការអត្ថាធិប្បាយរបស់​លោកដែល​ក្រសួងការពារជាតិ​យក​មកចុះផ្សាយនៅពេល​បន្ទាប់​ លោក ខ្មា​រ៉ា​ បានថ្លែងថា អ៊ុយក្រែនកំពុងស្នើ​សុំដៃគូលោកខាងលិចឱ្យបញ្ចេញ​មីស៊ីលការពារដែន​​​អា​កាសស្តុក​ចាស់​របស់​ខ្លួន​បន្ថែម​ទៀត​សិន​ ហើយ​​ដូរយក​មីស៊ីលថ្មី​ត្រឡប់​ទៅ​វិញនៅ​ពេល​រួច​រាល់​​ក្រោមប្រព័ន្ធកិច្ចសន្យាដែលបានចុះហត្ថ​លេខា​ជាមួយទីក្រុងកៀវ។

លោកបានមានប្រសាសន៍ថា អ៊ុយក្រែនកំពុងមាន​បញ្ហា​រាំងស្ទះ ដោយសារកង្វះថវិកាចំនួន ២៧ពាន់​លានដុល្លារ​សម្រាប់ផ្គត់ផ្គង់ដល់​ការ​ផលិត​ដ្រូន។

កំណត់​ហេតុ​សង្ខេបនៃកិច្ចប្រជុំរបស់ក្រសួងការ​ពារ​ជាតិអ៊ុយ​​ក្រែន​​ បានឱ្យដឹងទៀត​ថា លោក ខ្មា​រ៉ា​ បាន​បង្ហា​ញ​អំពីផែនការធ្វើ​សង្គ្រាមរបស់អ៊ុយក្រែន ដែលកំពុងត្រូវបានអនុវត្ត រួមជាមួយនឹង​​ការ​បង្ហាញ​នូ​វបញ្ហា​ជា​ច្រើន​ទៀត​ ដែលទីក្រុងកៀវចាត់ទុកថា ជាការគំរាមកំហែងធំបំផុតដែលបង្កឡើងដោយទីក្រុងម៉ូស្គូ​។

លោក ខ្មា​រ៉ា​ បាន​បញ្ជាក់ថា រុស្ស៊ីមិនទទួលបានផលចំណេញផ្នែកយុទ្ធសាស្ត្រណាមួយទេ​នៅតាមបណ្តោយខ្សែត្រៀមជួរមុខប្រវែង ១.២០០គីឡូម៉ែត្រ​ ប៉ុន្តែទីក្រុងមូ​ស្គូកំពុងតែប៉ះប៉ូវបរា​ជ័យរបស់ខ្លួន​នៅលើសមរភូមិ ដោយងាក​មក​ប្រព្រឹត្ត​ “អំពើភេរវកម្មប្រឆាំងនឹងប្រជាជនអ៊ុយក្រែន”។

ប្រទេសរុស្ស៊ី បានចាប់ផ្តើមបើកការវាយប្រហារដោយប្រើប្រាស់ដ្រូន និងមីស៊ីលជាប្រចាំឡើងវិញមកលើទីក្រុង​កៀវ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានផ្អាកមួយរយៈពេលខ្លី អំឡុងពេលនៃដំណើរ​ទស្សនកិច្ចរបស់ក្រុមអ្នកចរចាសន្តិភាព​សហរដ្ឋអាមេរិក។ ក្រុម​មន្ត្រីបានឱ្យដឹងថា មនុស្សចំនួន ៥នាក់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋ​ធានីកៀវ​ និង​ជន​រងគ្រោះផ្សេងទៀតនៅតាមតំបន់មួយចំនួន។

អគ្គលេខាធិការអង្គការ NATO លោក ម៉ាក រូតតេ (Mark Rutte) បានថ្លែងនៅក្នុងកិច្ចប្រជុំថា បណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន គ្មានជម្រើសអ្វីផ្សេងក្រៅពីបង្កើនការគាំទ្ររបស់ពួកគេ ដើម្បីជួយ​ឱ្យ​ទីក្រុងកៀវ “អាចចាប់យកឱកាសនានា ដែលខ្លួន​កំពុង​បង្កើត​ឡើង​​នៅពេលនេះនៅគ្រប់សមរភូមិជួរមុខ និងដើម្បីការពារខ្លួនពីការ​​វាយ​​ប្រហារ​​តាម​​ផ្លូវ​អាកាស”៕

អត្ថបទប្រែសម្រួលដោយ លោក អ៊ួច សូនី

អត្ថបទដែលជាប់ទាក់ទង