សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យ៣៧នាក់ ពាក់ព័ន្ធបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួន ជនសង្ស័យចំនួន ៣៧នាក់ ក្នុងនោះមានស្រ្តី ០៨នាក់ ក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យឆែកឆេរ ទីតាំងកាស៊ីណូ ម៉ារីណាន ស្ថិតក្នុងបុរីសានហូរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនសង្ស័យខាងលើ បានជាប់ពាក់ព័ន្ធ នឹងការលបលួចប្រព្រឹត្តបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

ជនសង្ស័យទាំង ៣៧នាក់នោះ មានជនជាតិចិន ចំនួន ៥នាក់, ឥណ្ឌូនេស៊ីចំនួន ៣០នាក់ និងជនជាតិខ្មែរ ២នាក់ផងដែរ ។

ជនសង្ស័យទាំងនេះ មានជាប់ពាក់ព័ន្ធនឹង ការប្រព្រឹត្តសកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា មានគោលដៅចំពោះពលរដ្ឋ នៅក្នុងប្រទេសផ្សេងៗ ក្រោមរូបភាពក្លែងបន្លំជា សមត្ថកិច្ច, ការក្លែងបន្លំនិងផ្តល់កម្ចីអនឡាញ, បន្លំជាអាជីវកម្មប្តូរប្រាក់ខុសច្បាប់ ទៅប្រទេសដទៃ និងការប្តូររូបិយប័ណ្ណឌីជីថល។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតសម្ភារៈជា វត្ថុតាង រួមមានកុំព្យូទ័រចំនួន ៦៥គ្រឿង ទូរសព្ទចំនួន ៦៣គ្រឿង និងអត្តសញ្ញាណបណ្ណសញ្ជាតិថៃ ចំនួន ២៦កាត ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ចំណែក ឯទីតាំងខាងលើ ត្រូវបានបិទបណ្តោះអាសន្ន ៕

អត្ថបទដែលជាប់ទាក់ទង