ប៉ូលីសថៃឃាត់ខ្លួន អ្នកឆបោកជនជាតិចិន៤នាក់ និងស្វែងរកចាប់ខ្លួន សមាជិកព្រឹទ្ធសភាកម្ពុជា អ្នកឧកញ៉ា លីយ៉ុងផាត់
បាងកក ៖ មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ប៉ូលិសថៃបានចាប់ខ្លួន ជនជាតិចិនបួននាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើប្រតិបត្តិការ ឆបោកតាមអ៊ីនធឺណិត នៅទីក្រុងបាងកក ហើយកំពុងស្វែងរកការចាប់ខ្លួនសមាជិកព្រឹទ្ធសភាកម្ពុជា លោក លី យ៉ុងផាត់ ក្នុងការស៊ើបអង្កេតពាក់ព័ន្ធ នឹងការលាងលុយកខ្វក់។
លោកឧត្តមសេនីយ៍ឯក ជីរ៉ាភុប ភូរីដេជ អនុប្រធានអគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ធីរ៉ាដេជ ថាមសុធី អនុប្រធានស្នងការនគរបាលរាជធានី បានដឹកនាំការឆ្មក់ចូលនៅ អគារខុនដូ City Lake Tower នៅលើផ្លូវសុខុមវីក លេខ ១៦ ក្នុងស្រុកខ្លងតឿ។ មន្ត្រីមកពីនគរបាលរាជធានី នាយកដ្ឋានបង្ក្រាបបទល្មើស និងប៉ុស្តិ៍នគរបាលថុងឡរ បានចូលរួមក្នុងប្រតិបត្តិការនេះ ។
ជនសង្ស័យ ត្រូវបានកំណត់អត្តសញ្ញាណថា ជា ស៊ីហ៊ូ ស៊ីន អាយុ ២៩ឆ្នាំ លីវ មីង អាយុ ២៨ឆ្នាំ លី ឡៃ អាយុ ២២ឆ្នាំ និង ហ្សេង លីងក្វាន អាយុ ២១ឆ្នាំ សុទ្ធតែជាជនជាតិចិន ដែលទើបចូលប្រទេសថៃ ពីប្រទេសកម្ពុជាដោយប្រើទិដ្ឋាការទេសចរណ៍ ។
ប៉ូលិសរឹបអូសបានកុំព្យូទ័រយួរដៃពីរគ្រឿង ដែលគេចោទថា ប្រើសម្រាប់កាត់តវីដេអូ និងប្រើលើផ្ទៃមុខ កុំព្យូទ័រយួរដៃពីរ ដែលផ្ទុកឯកសារប្រតិបត្តិការហិរញ្ញវត្ថុនៅ កម្ពុជា ទូរស័ព្ទដៃ ៦០គ្រឿង ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ ២ថង់តូច និងឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀន..។


លោក Jiraphop បាននិយាយថា ការឆ្មក់ចូលចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតមួយ ដែលបានតាមដានជនសង្ស័យ ទៅកាន់បណ្តាញឆបោកជនជាតិចិន។ ហើយ ក្រុមនេះត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់ខុនដូនេះ ជាមូលដ្ឋានសម្រាប់ផលិតវីដេអូឃ្លីបក្លែងក្លាយ និងធ្វើប្រតិបត្តិការហិរញ្ញវត្ថុក្លែងបន្លំ ។
ក្នុងអំឡុងពេលសួរចម្លើយ ជនសង្ស័យ បានសារភាពថាពួកគេត្រូវបានជួលតាមរយៈកម្មវិធីផ្ញើសារ Telegram ដើម្បីកែប្រែវីដេអូ និងដោះស្រាយប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ក្រុមឆបោក ដែលដំណើរការដោយជនជាតិចិន ។ ពួកគេ បាននិយាយថា ពួកគេរកបានចន្លោះពី 20,000 ទៅ 30,000 យន់ (2,800-4,200 ដុល្លារ) ក្នុងមួយខែ ហើយជួនកាលទទួលបានប្រាក់រង្វាន់ សម្រាប់ការសម្រេចគោលដៅ ។
អ្នកស៊ើបអង្កេតជឿថា ក្រុមនេះធ្លាប់បានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី ហើយថា មេដឹកនាំជាន់ខ្ពស់ជនជាតិចិនជាច្រើននាក់ បានរត់គេចខ្លួនពីប្រទេសកម្ពុជា ហើយឥឡូវនេះ កំពុងលាក់ខ្លួននៅក្នុងប្រទេសថៃ។
អ្នកទាំងបួននាក់ ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុង អង្គការឧក្រិដ្ឋកម្មឆ្លងដែន ដែលជាកម្មសិទ្ធិ របស់សមាគមសម្ងាត់ និងកាន់កាប់គ្រឿងញៀនប្រភេទទី១ ។ ប៉ូលីសកំពុងបន្តតាមដានបណ្តាញ របស់ពួកគេ និងពិនិត្យភស្តុតាងឌីជីថល ៕


















