អង្គការលីកាដូ ៖ ការចាប់ខ្លួនអ្នកបញ្ចេញមតិក្នុងបណ្តាញសង្គម អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ
រាជធានីភ្នំពេញ ៖ អង្គការលីកាដូ Licho) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានចេញផ្សាយអត្ថបទ តាមផេកផ្លូវការ របស់ខ្លួនថា ក្នុងអំឡុងពេល នៃជម្លោះព្រំដែន រវាងកម្ពុជា និងថៃ ដែលបានកើតមានឡើង គិតចាប់ពីដើមខែកក្កដា គឺ អាជ្ញាធរបានបង្កើនសកម្មភាពចាប់ខ្លួន ទៅលើអ្នក ដែលបញ្ចេញមតិលើបណ្តាញសង្គម ជាច្រើននាក់ ។ ហើយនៅក្នុងអំឡុងពេល ដែលស្ថានភាពជម្លោះមានភាពតានតឹងខ្លាំងនោះ យ៉ាងតិចណាស់មាន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមចំនួន ១៦នាក់ ត្រូវបានចាប់ខ្លួន ស្របពេល ដែលប្រជាពលរដ្ឋកម្ពុជា កំពុងត្រូវការព័ត៌មានច្បាស់លាស់ខ្លាំងបំផុត ។
អង្គការលីកាដូ បានកត់ត្រា អ្នកសារព័ត៌មានយ៉ាងតិចចំនួន ៤នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការរាយការណ៍ របស់ពួកគេ អំពីបញ្ហាជម្លោះព្រំដែន ។ នៅក្នុងនោះ អ្នកកាសែតម្នាក់ ត្រូវបានដោះលែងវិញ ក្រោយពេលធ្វើកិច្ចសន្យាជាមួយអាជ្ញាធរ ហើយបីរូបផ្សេងទៀត ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការ ពីបទល្មើសព្រហ្មទណ្ឌ ។
អត្ថបទ អង្គការលីកាដូ ដដែល បានបញ្ជាក់ថា លោក ផន សុភាព និង លោក ភាព ភារ៉ា ដែលជាអ្នកសារព័ត៌មានអនឡាញ ត្រូវបានចាប់ខ្លួន ក្រោយពេល ដែលអ្នកទាំងពីរបង្ហោះរូបមួយសន្លឹក ដែលមានរូបពួកគេ ឈរថតជាមួយទាហានកម្ពុជា នៅឯប្រាសាទតាក្របី ហើយក្រោយមកសារព័ត៌មានថៃជាច្រើន បានយករូបនោះទៅប្រើ ដោយបានអះអាងថា រូបនោះបានបង្ហាញនូវមីននៅពីក្រោយខ្នងពួកគេ ។
អ្នកទាំងពីរ នឹងប្រឈមមុខនឹងទោសពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ ពីបទ “ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ” តាមបញ្ញតិ្តមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ៕


















