កោះហៅសិស្សសាលា ជិះម៉ូតូធំមានកម្លាំងរហូត 300CC មិនពាក់មួកសុវត្ថិភាព មកអប់រំ

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលចរាចរណ៍ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ បានកោះហៅសិស្សសាលា ដែលបានជិះម៉ូតូធំ មានកម្លាំងរហូត 300CC និងមិនពាក់មួកសុវត្ថិភាព មកអប់រំ ។

សិស្សស្រីទាំងនេះ បានជិះម៉ូតូធំ តាមផ្លូវមួយចំនួន ក្នុងក្រុងព្រះសីហនុ រួចថតបង្ហោះ នៅលើបណ្តាញសង្គម  ហើយក៏ត្រូវ កម្លាំងនគរបាល កោះហៅឲ្យចូលខ្លួន មកអប់រំ បញ្ឈប់សកម្មភាពបែបនេះទៀត ព្រោះល្មើសច្បាប់ ។

សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូធំកម្លាំង 300CC នេះ ទាល់តែអ្នកដែលមានអាយុ ១៨ឆ្នាំឡើង ទើបអាចប្រលងយកបណ្ណបើកបរ និងមានសិទ្ធបើកម៉ូតូធំនេះបាន ។

ជាមួយគ្នានេះ សមត្ថកិច្ច ក៏បានណែនាំឲ្យ សិស្សសាលាទាំងនោះ បើកបរម៉ូតូ ត្រូវគោរពច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិភាព ឲ្យបានគ្រប់ពេលវេលា ។

បន្ទាប់ពីធ្វើការអប់រំរួច និងមានតំណាងពីសាលា និងអាណាព្យាបាល មន្ត្រីនគរបាលជំនាញ ក៏បានអនុញ្ញាតឲ្យសិស្សទាំងនេះ វិលត្រឡប់ទៅសាលារៀនវិញ ហើយបានចែកមួកសុវត្ថិភាព ដល់សិស្សសាលាទាំងនេះផងដែរ ៕ (រូបភាពពី នគរបាល)

អត្ថបទដែលជាប់ទាក់ទង